សហគមន៍​នៅ​ខេត្ត​កំពង់ធំ​បារម្ភ​បាត់បង់​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយសារ​ការ​ទន្ទ្រាន​យក​ដី

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សម្រាប់​ដាំ​ដំណាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​កាន់​តែ​ច្រើន​ឡើង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពួក​គេ​បារម្ភ​ថា សកម្មភាព​ទាំង​នោះ​អាច​ជា​ចំណែក​មួយ ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​មួយ​នេះ​ឈាន​ទៅ​រក​ភាព​វិនាស ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា កំពុង​ចាត់​វិធានការ​លើ​បញ្ហា​ទាំង​នេះ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ បញ្ជាក់​ថា សកម្មភាព​ចូល​ទៅ​រុក​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ រួម​មាន​ការ​សាងសង់​ផ្ទះ​សម្បែង​តូចៗ និង​ដាំ​ដំណាំ​ផ្សេងៗ​ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​ឡើង។ ប្រជា​សហគមន៍ បាន​ជួប​ប្រទះ​សកម្មភាព​នោះ​ក្រោយ​ពេល​ពួក​គេ​ចុះ​ល្បាត​ព្រៃ​ឡង់ កាល​ពី​ពេល​ថ្មីៗ​នេះ។

តំណាង​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ឲ្យ​ដឹង​ថា ទំហំ​ផ្ទៃ​ដី​ជាង ២០​ហិកតារ​នៅ​តំបន់​ច្រក​តោ ក្នុង​ឃុំ​មានរិទ្ធ ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ នាំ​គ្នា​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នោះ​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​លើ​ផ្ទៃ​ដី​ជាង ១០​កន្លែង​ផ្សេងៗ​គ្នា ដោយ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ៖ «ឃើញ​ជាក់ស្តែង គឺ​ប្រជាជន​ដែល​ពួក​គាត់​កាប់​រាន​ធ្វើ​ជាចម្ការ»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មីនា ថា សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មិន​មែន​អ្នក​ភូមិ​នៅ​ស្រុក​សណ្ដាន់ នោះ​ទេ ប៉ុន្តែ​ជា​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ចូល​មក​កាប់​រុក​រាន។ លោក​ថា សកម្មភាព​នោះ​ពី​មុន​មក​មាន​តិចតួច ប៉ុន្តែ​មួយ​រយៈពេល​ក្រោយ​មក​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គេ​ទាំង​នោះ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់។ លោក​បន្ថែម​ថា បញ្ហា​នេះ អាជ្ញាធរ​ស្រុក រួម​នឹង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ទប់ស្កាត់ និង​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​មួយ​ចំនួន​ទៅ​តុលាការ​ទៀត​ផង។ លោក​បដិសេធ​ថា ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​រុក​រាន​ដី​ព្រៃ​ទាំង​នោះ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ទេ៖ «អត់​មាន​ការ​ឃុបឃិត​អី​ទេ ព្រោះ​ភាគ​ច្រើន​ពួក​គាត់​មិន​មែន​ជា​អ្នកស្រុក​នៅ​ហ្នឹង​ទេ គឺ​មក​ពី​ចម្ងាយ»

សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នា​ពេល​បច្ចុប្បន្ន កើត​ឡើង​តាម​រយៈ​រូបភាព​មួយ​ចំនួន ដូចជា​ការ​កាប់​ឈើ​ធំៗ​ដើម្បី​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ឈ្មួញ ការ​ឈូស​ឆាយ ឬ​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន តាម​រយៈ​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ហើយ​ក្រុមហ៊ុន​ខ្លះ​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ច្បាប់ ជាដើម។ បន្ថែម​ពី​លើ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្លួន​ឯង និង​សកម្មភាព​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ពី​សំណាក់​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​មួយ​ចំនួន​ផង។

អ្នក​សម្រប​សម្រួល​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ទាំង ៤​ខេត្ត គឺ​លោក សេង សុខហេង។ លោក​មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មួយ​ភាគ​តូច​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ប៉ុន្តែ​មួយ​ចំនួន​ធំ បណ្ដាល​មក​ពី​ពលរដ្ឋ​ចំណាក​ស្រុក និង​ក្រុម​អ្នក​មាន​ប្រាក់ ឬ​មាន​អំណាច​ទៅ​វិញ​ទេ។ លោក​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នេះ ពីព្រោះ​វា​អាច​បង្ក​ជា​វិនាសកម្ម​ព្រៃ​ឡង់​បន្ថែម​ទៀត ប្រសិន​បើ​មិន​បាន​ទប់ស្កាត់​ឲ្យ​ប្រសើរ​នោះ​ទេ៖ «យើង​តែង​លើក​រឿង​នេះ​ទៅ​រាជ​រដ្ឋាភិបាល​ជាច្រើន​ដង មែន​ទែននៅ​ពេល​យើង​ជួប យើង​បាន​ដាក់​លិខិតទន្ទឹម​នឹង​នោះ យើង​មិន​ទាន់ឃើញ​មានចំណាត់​ការ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព»

លោក​បន្ត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​ចំពោះ​វាសនា​ព្រៃ​ឡង់ រាជ​រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​ណា​មួយ​ជា​បន្ទាន់ សម្រាប់​ការពារ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ រាជ​រដ្ឋាភិបាល ត្រូវ​ពន្លឿន​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​សំណើ​ដាក់​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ព្រៃ​ការពារ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។