អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​មក​ភ្នំពេញ​ស្នើ​នាយក​រដ្ឋមន្ត្រី​ដោះលែង​អ្នក​ភូមិ​៣​នាក់

ពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ស្នើ​រដ្ឋសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​កាន់​កាប់​ស្រប​ច្បាប់​លើ​ដី​ដែល​ពួក​គាត់​កំពុង​អាស្រ័យ​ផល និង​ដោះលែង​អ្នក​ភូមិ ៣​នាក់​ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន។

ការ​ទាមទារ​មក​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ពេល​នេះ បន្ទាប់​ពី​ដីធ្លី ផ្ទះ​សម្បែង និង​ផល​ដំណាំ​ពួក​គាត់ ត្រូវ​បាន​ឈូស​ឆាយ​បំផ្លាញ​ដោយ​កង​កម្លាំង​អាជ្ញាធរ ដើម្បី​យក​ដី​ទៅ​ប្រគល់​ឲ្យ​ពលរដ្ឋ​មួយ​ក្រុម​ទៀត ដែល​ទទួល​បាន​ដី​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ពេល​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ក្រុម​អ្នក​ភូមិ​អះអាង​ថា នឹង​មិន​ចាក​ចេញ​ពី​ដី​ដែល​ពួក​គាត់​បាន​កាប់​រាន​ព្រៃ និង​បាន​អាស្រ័យ​ផល​ចាប់​តាំង​ពី​ឆ្នាំ​២០១១ នោះ​ឡើយ។ ពួក​គាត់​រំពឹង​ថា រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល នឹង​ជួយ​ដោះស្រាយ​សំណើ​របស់​ពួក​គាត់។

តំណាង​អ្នក​ភូមិ​ស្រែសំពុង ឃុំ​ដំរីផុង លោក សន សុផាត មាន​ប្រសាសន៍​ថា ពួក​គាត់​ទាមទារ​តវ៉ា​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ពុំ​មាន​លទ្ធផល ទើប​នាំ​គ្នា​មក​រក​អន្តរាគមន៍​នៅ​ភ្នំពេញ ដោយ​រំពឹង​ថា នឹង​បាន​ដំណោះស្រាយ​ឆាប់ៗ។ លោក សុផាត បន្ត​ថា អ្នក​ភូមិ​មិន​ចង់​ដូរ​ទៅ​ទីតាំង​ផ្សេង​ទេ ដ្បិត​ដី​នោះ​ជា​ការ​ប្រឹង​ប្រែង​ជា​ញើស​ឈាម​របស់​ពួក​គាត់៖ «ការ​ធ្វើ​ហ្នឹង​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​ជា​ពលរដ្ឋ​ដែរ ហើយ​គេ​មិនឲ្យ​តម្លៃ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទេ ទុក​ខ្ញុំ​ដូចជា​សត្វ​ធាតុ។ ផ្ទះ​សម្បែង​របស់​ខ្ញុំ​គេ​ចាត់​ទុក​ថា​ដូច​ខ្ទម។ ខ្ញុំ​ថា​សម្រាប់​អស់​លោក​ជា​រោង​ខ្ទម តែ​នេះ​ជា​ផ្ទះ​របស់​ខ្ញុំ»

ក្រុម​អ្នក​តវ៉ា បាន​លើក​បង្ហាញ​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា រួម​ទាំង​បដា និង​រូប​ថត​មួយ​ចំនួន​នៃ​ការ​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​ពួក​គាត់។

ពលរដ្ឋ ១០៤​គ្រួសារ​ដែល​ចំណាក​ស្រុក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​មក​សម្អាត​ដី​ឋិត​នៅ​ក្បែរ​អូរ​សំពុង ដោយ​ដាក់​ឈ្មោះ​ភូមិ​ថា ស្រែសំពុង ឋិត​ក្នុង​ឃុំ​ដំរីផុង ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១១ ដោយ​គ្រប់គ្រង និង​អាស្រ័យ​ផល​លើ​ដី​នៅ​តំបន់​នោះ។ ពួក​គេ​មាន​ដី​ចាប់​ពី​ជាង ១​ហិកតារ ដល់​ជាង ៣​ហិកតារ សរុប​ទាំងអស់​មាន​ចំនួន ៣១២​ហិកតារ។

នៅ​ក្នុង​ញត្តិ​​របស់​អ្នក​ភូមិ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន បាន​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ និង​ផ្ទះ​ចំនួន ១០​ខ្នង ព្រម​ទាំង​ចាប់​ខ្លួន​បុរស ៤​នាក់ នៅ​ពេល​ពួក​គេ​ហាម​ឃាត់​ការ​ឈូស​ឆាយ​នោះ។ បុរស​ម្នាក់​ដែល​ពិការ​ភ្នែក ត្រូវ​បាន​ដោះលែង​មក​វិញ បន្ទាប់​ពី​ត្រូវ​បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា​យល់​ព្រម​ចាក​ចេញ​ពី​ដី ដែល​គាត់​កំពុង​អាស្រ័យ​ផល។ អ្នក​ភូមិ​លើក​ឡើង​ទៀត​ថា មន្ត្រី​សុរិយោដី​ខេត្ត​ធ្លាប់​ចុះ​វាស់វែង​ដី​នេះ​ទុក​ឲ្យ​ពួក​គាត់​ហើយ​ដែរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។

បុរស​ទាំង ៣​នាក់​ដែល​ជាប់​ឃុំ​មាន​ឈ្មោះ ចេត វិត ឈ្មោះ ជិន ជា និង តុញ ពីន។

ភរិយា លោក ជិន ជា គឺ​លោកស្រី អឿន សោមា មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​ថា ប្ដី​លោកស្រី​ពុំ​មាន​កំហុស​ឡើយ។ លោកស្រី​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្ដល់​ដំណោះស្រាយ​តាម​ការ​ស្នើសុំ«បើ​ចាប់​ប្ដី​ខ្ញុំ​ដាក់​ឃុំ​ទៀត ខ្ញុំ​បាន​អ្នក​ណារក​ស៊ី​ចិញ្ចឹម​កូន​ខ្ញុំ និង​ខ្ញុំ? សូម​សម្ដេច​ជួយ​ដោះលែង​ប្ដី​ខ្ញុំ។ ខ្ញុំ​ពុំ​មាន​អ្វី​ទីពឹង​ទៀត​ទេ មាន​តែ​ប៉ុណ្ណឹង​ហើយ។ រុញ (ឈូស​ឆាយ) អ្វីៗ​លើ​ដី​ខ្ញុំ​ហើយ ប្រមូល​តាំង​ពី​កាំបិត​ពូថៅ​ខ្ញុំ​ទៅ​អស់​ទៀត តាំង​ពី​​អង្រឹង​ដេក ចាន​ឆ្នាំង​អង្ករ​​​រុញ​ដួល​អស់ ខ្ទេចខ្ទី​អស់​យក​អី​មិន​ទាន់​ទេ»

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន មាន​ប្រសាសន៍​ថា ដី​ដែល​អាជ្ញាធរ​ចុះ​ទៅ​រៀបចំ​នោះ គឺ​សម្រាប់​ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​ចំនួន​ជិត ១​ពាន់​គ្រួសារ​ផ្សេង​ទៀត ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។ លោក​ថា ពលរដ្ឋ​គួរ​តែ​ស្នើសុំ​ដី​តាម​ច្បាប់ ជា​ជាង​ចូល​ទៅ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​ផ្សេង​ទៀត៖ «សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់ យើង​បាន​កាត់​ឆ្វៀល​ទុក​ឲ្យ​គាត់​រួច​ហើយ។ ដោយ​មាន​ភាព​ល្អ​ប្រសើរ​ចឹង​ហើយ ទើប​ពួក​គាត់​ចេះ​តែ​ថ្ពក់​អ្នក​ថ្មី​មក​ពី​ក្រៅ​ទៀត មិន​មែន​អ្នក​ក្រចេះ ទេ។ មធ្យោបាយ គឺ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត ចង់​បាន​ដី​កុំ​ចូល​ទៅ​ដោយ​ចិត្ត​ឯង ទៅ​ដោយ​ចិត្ត​ឯង គឺ​ទៅ​ជាន់​ដី​គេ​ហើយ»

ករណី​នេះ មន្ត្រី​អង្កេត​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ហៅ​ការ​ឈូស​ឆាយ និង​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ផ្ទុយ​ពី​សេចក្ដី​សម្រេច​របស់ លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ«សម្ដេច​តេជោ​គាត់​ប្រកាស​ហើយ​ថា ការ​ដោះស្រាយទំនាស់​ដីធ្លី​ដោយ​សន្តិវិធី។ ច្បាប់​ក៏​ចែង​ដែរ​ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​អត់​ដី​ទេ។ ក្នុង​ន័យ​សម្បទាន​ហ្នឹង បើ​ដាក់​ទៅ​កន្លែង​ណា​ហើយ មាន​ពលរដ្ឋ​រស់​នៅ​ទីនោះ គេ​ចាត់​ទុក​ថា ពួក​គាត់ត្រូវ​ទទួលបាន​ដី​សម្បទាន​នៅ​កន្លែង​នោះ»

ក្នុង​ការ​ដាក់​ញត្តិ​នេះ រដ្ឋសភា និង​មន្ត្រី​ខុទ្ទកាល័យ លោក ហ៊ុន សែន បាន​ទទួល​សំណើ​របស់​ពួក​គេ ប៉ុន្តែ​មិន​ទាន់​សន្យា​ថា នឹង​ផ្ដល់​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់ចង់​បាន​ដំណោះស្រាយ​ឆាប់​រហ័សអ្នក​ភូមិ​ក៏​អះអាង​ដែរ​ថា នឹង​បន្ត​ការ​ទាមទារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ត​ទៅ​ទៀត ក្នុង​នោះ តំណាង​អ្នក​ភូមិ​មួយ​ចំនួន បន្ត​ស្នាក់​នៅ​ភ្នំពេញ​រង់ចាំ​ដំណោះស្រាយ។ ចំណែក​​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ត្រឡប់​ទៅ​តំបន់​មាន​ជម្លោះ​វិញ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។