សម្ព័ន្ធ​អា​រ៉ាប់​បរិហារ​អន្តរាគមន៍​របស់​អីុ​រ៉​ង់​ចូល​កិច្ចការ​អា​រ៉ាប់

ប្រធាន​សម្ព័ន្ធ​អា​រ៉ាប់ LA លោក​ណា​ប៊ី​ល អាល់​អា​រ៉ា​ប៊ី កាលពី​ថ្ងៃ​ទី​១០ មក​រា បាន​ចោទប្រកាន់​អីុរ៉​ង់​ថា ប្រព្រឹត្ត​អំពើ​បង្កហេតុ​នានា ខណៈ​ដែល​បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ាប់ រួម​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​លើ​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន​រវាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​អីុ​រ៉​ង់ ។

លោក​អាល់​អា​រ៉ា​ប៊ី បាន​ស្នើ​ដល់​បណ្តា​ប្រទេស​អ៉ា​ប់​ឱ្យ​ប្រកាន់​យក​ជំហរ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​មួយ ដោយ​អំពាវនាវ​ដល់​អីុរ៉​ង់​ឱ្យ​បញ្ឈប់​រាល់​រូបភាព​នៃ​អន្តរាគមន៍​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​បណ្តា​ប្រជាជាតិ​អា​រ៉ាប់ ។

ប្រមុខ​សម្ព័ន្ធ​អា​រ៉ាប់​រំលឹក​ថា កិច្ចប្រជុំ​នៅ​ទីក្រុង​គែរ​នេះ ធ្វើ​ឡើង ខណៈ​មាន​ភាព​តានតឹង​ប្រកបដោយ​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ ។ បណ្តា​ប្រទេស​អា​រ៉ាប់ គូសបញ្ជាក់​ពី​សាមគ្គីភាព​ជាមួយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

លោក​អាល់ អា​រ៉ា​ប៊ី បាន​ផ្ញើ​សារលិខិត​ជូន​ដល់​បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​សម្ព័ន្ធ​អា​រ៉ាប់​ឱ្យមក​រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​គែរ ដើម្បី​ធ្វើការ​ពិភាក្សា​តាម​សំណើ​បន្ទាប់​របស់​ក្រុង​រី​យ៉ា​ដ​លើ​បញ្ហា​ជម្លោះ​បន្ទាប់​ពី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុត​សំខាន់​មួយ​រូប លោក NIMR AL NIMR ។

ការ​ប្រហារជីវិត​នេះ​ញ៉ាំង​ឱ្យ​មាន​បាតុកម្ម​យ៉ាង​ធំ​នៅ​អីុរ៉​ង់ ហើយ​បាតុករ​មួយ​ចំនួន រហូត​ដល់​លុកលុយ​ចូល​ទីតាំង​ការទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់ និង​នៅ​ទីក្រុង MASHHAD ភាគ​ឦសាន​ប្រទេស ។ ក្រុង​រី​យ៉ា​ដ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អីុរ៉​ង់ ក្រោយ​ពី​ការ​វាយប្រហារ​ដុត​ស្ថានទូត​ខ្លួន ហើយ​ប្រទេស​ជា​ច្រើន​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ក៏​ធ្វើ​តាម​ដែរ ឬ​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​អីុរ៉​ង់ ។

ក្នុង​ពេល​ប្រជុំ រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក ADEL AL JUBEIR អះអាង​ថា ប្រទេស​របស់​លោក​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ជ្រៀតជ្រែក​របស់​អីុ​រ៉​ង់​ចូល​កិច្ចការ​ផ្ទៃក្នុង​អា​រ៉ាប់ ។

ភាព​តានតឹង​រវាង​អីុរ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ក្នុង​តំបន់​មជ្ឈិម​បូព៌ា ។ ការ​ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុត​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រឹតតែ​បន្ថែម​ជម្លោះ​នេះ​ទៀត ៕