ឆ្លើយ​តប​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​អា​​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​សម្រេច​ដាក់​ពង្រាយ​យន្ត​ហោះ​B-52

យោង​តាម YONHAP ថា ជា​ការ​ឆ្លើយ​តប​ស​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦ មក​រា អាជ្ញាធរ​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​សម្រេច​ដាក់​ពង្រាយ​នា​ថ្ងៃ​ទី​១០ មក​រា នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​​មេ​រិ​ក B-52 STRATOFORTRESS បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដែនអាកាស​នៃ​ឧបទ្វីប​កូរ៉េ ។

យន្តហោះ B-52 ជា​យន្តហោះ​យុទ្ធសាស្ត្រ​ហោះ​បាន​ឆ្ងាយ​នា​ព្រឹក​ថ្ងៃ​ទី​១០ មក​រា បាន​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ ANDERSEN លើ​កោះ​ហ្គា​ម ដើម្បី​ហោះ​ទៅ​កាន់​ដែនអាកាស​នៃ​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក អូ​សាន ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ។ យន្តហោះ​នេះ​អាច​វាយប្រហារ​ចំ​កណ្តាល​ក្រុង​ព្យុ​ង​យ៉ាង​ចម្ងាយ​៣.០០០​គីឡូម៉ែត្រ ហើយ​បំពាក់​ដោយ​មី​ស៊ី​ល​៣១​តោន​អាច​បាញ់​បាន​ចម្ងាយ​៦.៤០០​គីឡូម៉ែត្រ ។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​រួ​ម​គ្នា​ពី​ការ​ដាក់​ពង្រាយ​យន្តហោះ B-52 នា​ព្រឹក​ថ្ងៃ​ទី​១០ មក​រា នៅ​ឧបទ្វីប​កូរ៉េ ។ យន្តហោះ​នេះ​ហោះ​កាត់​ពីលើ​មូលដ្ឋាន​អាកាសចរណ៍​អូ​សាន​អម​ការពារ​ដោយ​យន្តហោះ​ប្រដេញ​ធុន F-15K ២​គ្រឿង​របស់​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង និង​យន្តហោះ F-16 អា​មេ​រិ​ក​២​គ្រឿង ។

ការ​ដាក់​ពង្រាយ​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ឆ្លើយ​តប​លើក​ទី​២​ប្រឆាំង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ធ្វើ​ឡើង បន្ទាប់​ពី​ការ​បើក​ធ្វើ​ឡើង​វិញ​នូវ​សង្គ្រាម​ចិត្ត​សាស្ត្រ​​តាម​រយៈ​ប្រដាប់​បំពង​សំឡេង​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​រណសិរ្ស ។

តាម​រយៈ​ការ​ដាក់​ពង្រាយ​យន្តហោះ B-52 នេះ​អាជ្ញាធរ​អា​​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​អាច​បញ្ចូល​ក្នុង​ឧបទ្វីប​កូរ៉េ​នូវ​មធ្យោបាយ​យុទ្ធសាស្ត្រ​ឯទៀត​ៗ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ឆ្លើយ​តប ព្រមទាំង​ការ​បង្ហាញ​កម្លាំង​ពិសេស​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ RONALD   REAGAN ចំណុះ​១០៤.០០០​តោន នាវាមុជទឹក​នុយក្លេអ៊ែរ​ប្រភេទ OHIO ចំណុះ​១៨.០០០​តោន ឬ​បណ្តា​យន្តហោះ​ប្រដេញ​បំបាំងកាយ​ធុន F-22 ដែល​បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន ។

មេបញ្ជាការ​ប្រតិបត្តិការ​របស់​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ឧត្តមសេនីយ៍ LEE WANG KEUN និង​សម​ភាគី​នៃ​អង្គភាព​ទ័ពអាកាស​ទី​៧​របស់​អា​េ​ម​រិ​ក​ឧត្តមសេនីយ៍ TERRENEE O’SHAUGHNESSY បាន​ប្រកាស​រួម​គ្នា​ពី​ការ​ដាក់​ពង្រាយ​នេះ​ពេល​យន្តហោះ B-52 កំពុង​ហោះហើរ​លើ​មូលដ្ឋាន​អូ​សាន ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ឧត្តមសេនីយ៍ LEE ធ្វើការ​កត់​សម្គាល់ថា កងទ័ពអាកាស​របស់​យើង​ត្រៀម​គ្រប់ពេល​តបត​ប្រឆាំង​រាល់​ការ​បង្កហេតុ​របស់​កូរ៉េ​ខាងជើង​គ្រប់​ប្រភេទ ។ កងទ័ពអាកាស​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​រួម​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​បំផុត ដើម្បី​ថែរក្សា​កងកម្លាំង​ការពារ​អាកាស​របស់​ខ្លួន ហើយ​ធានា​សន្តិសុខ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង ។

យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 អាច​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដល់​១៦.០០០​គីឡូម៉ែត្រ មាន​ន័យ​ថា វា​អាច​បំពេញបេសកកម្ម​ទម្លាក់​គ្រាប់បែក​ដល់​ចម្ងាយ​៦.៤០០​គីឡូម៉ែត្រ ជាមួយ​គ្រាប់បែក​ទម្ងន់​សរុប​៣១​តោន រួច​បន្ទាប់​មក​អាច​ហោះ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​របស់​វា​វិញ ។ គ្រាប់បែក​ប្រឆាំង​រូង​ក្រោម​ដី​មាន​ផ្ទុក​ក្នុង​យន្តហោះ​នេះ ។ វា​អាច​វាយប្រហារ​បណ្តា​ទីតាំង​ក្រោម​ដី​នៃ​ទីបញ្ជាការដ្ឋាន​របស់​បណ្តា​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ។ B-52 អាច​ហោះហើរ​ក្នុង​កម្ពស់​រហូត​ដល់​១៦,៨​គីឡូម៉ែត្រ ហើយ​ផ្ទុក​គ្រាប់បែក​ធម្មតា​៣៥​គ្រាប់ (​ក្នុង​១​គ្រាប់ ទម្ងន់​៩០៧​គីឡូក្រាម​) មី​ស៊ី​ល​បណ្តែត​១២​គ្រាប់ និង​មី​ស៊ី​ល​អាកាស​-​ដី នុយក្លេអ៊ែរ​ដែល​អាច​បាញ់​បាន​ចម្ងាយ​២០០​គីឡូម៉ែត្រ ព្រមទាំង​មី​ស៊ី​ល​បណ្តែត​មួយ​បាញ់​បាន​ចម្ងាយ​រវាង​ពី​២.៥០០​ទៅ​៣.០០០​គីឡូម៉ែត្រ ៕