ចិន​បដិសេធ​ការ​ចោទប្រកាន់​របស់​វៀតណាម​ទាក់ទិន​នឹង​ការ​សាកល្បង​ព្រ​លាន​យន្តហោះ​ទើប​សង់​រួច​នៅ​សមុទ្រ​ចិន​ខាងត្បូង

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១១ មក​រា បាន​បដិសេធ​ការ​តវ៉ា​នានា​របស់​វៀតណាម​ទាក់ទិន​នឹង​ការ​ហោះហើរ​ចុះឡើង​របស់​យន្តហោះ​សាកល្បង​ព្រ​លាន​យន្តហោះ​ថ្មី​ដែល​ទើប​កសាង​រួច​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​គូសបញ្ជាក់​ថា ការ​ហោះហើរ​សាកល្បង​ទាំងនេះ​គឺជា​អធិបតេយ្យភាព​ទាំងស្រុង​របស់​ចិន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហុង ឡី អះអាង​ថា ចិន​មាន​អធិបតេយ្យភាព​មិន​អាច​តវ៉ា​បាន​លើ​ប្រជុំ​កោះ NANSHA និង​ដែនទឹក​ជុំវិញ​ប្រជុំ​កោះ​នេះ ។ ការ​ហោះហើរ​ឡើង​ចុះ​សាកល្បង​របស់​ចិន​លើ​ព្រ​លាន​យន្តហោះ​ថ្មី VONGSHU JIAO ជា​អធិបតេយ្យភាព​ទាំងស្រុង​របស់​ចិន ។

លោក​ហុង ឡី គូសបញ្ជាក់​ទៀត​ថា ការ​ចោទប្រកាន់​ទាំងឡាយ​ដែល​ថា ការ​ហោះហើរ​សាកល្បង​ទាំងនេះ​របស់​ចិន​គំរាមកំហែង​ដល់​សន្តិសុខ​នៃ​ការ​ហោះហើរ​របស់​បណ្តា​យន្តហោះ​ក្នុង​តំបន់​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងស្រុង ។

អ្នកនាំពាក្យ​រូប​នោះ​អះអាង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ព័ត៌មាន​នានា​របស់​បណ្តាសារ​ព័ត៌មាន​ដែល​ថា នាយក​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម លោក LAI XUAN THANH បាន​បញ្ជូន​សារលិខិត​តវ៉ា​មួយ​ច្បាប់​មក​ក្រុង​ប៉េ​កាំ​ង ហើយ​ដាក់​ពាក្យបណ្តឹង​ដល់​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ OACI របស់ អ​.​ស​.​ប ។

លោក​ហុង ឡី បន្ត​ថា វៀតណាម​ចង់​និយាយ​ថា ពុំ​បាន​ទទួល​កំណត់ហេតុ​របស់​ចិន ហើយ​រឿង​នេះ​ពុំ​ស្រប​ទៅ​តាម​ការ​ពិត​ទាំងស្រុង ។ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៥ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ការ​ហោះហើរ​នៃ​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន​បាន​បញ្ជូន​ឱ្យ​ដល់​អាជ្ញាធរ​ព័ត៌មាន​ហោះហើរ​នៃ​តំបន់​ក្រុង​ហូ​ជី​មិ​ញ​នូវ​ព័ត៌មាន​បច្ចេកទេស​លម្អិត​នានា ដែល​ទាក់ទិន​ដល់​ការ​ហោះហើរ​សាកល្បង​របស់​ចិន ក្នុង​នោះ​រួម​មាន​ផែនការ​ហោះហើរ និង​ផ្លូវអាកាស​ផង ស្រប​ទៅ​តាម​បែបបទ និង​បណ្តា​បទដ្ឋាន​អន្តរជាតិ ក៏​ប៉ុន្តែ​វៀតណាម​រហូត​មក​ដល់​ពេល​នេះ​ពុំ​បាន​ផ្តល់​ការ​ឆ្លើយ​តប​ណាមួយ​បក​មក​វិញ​ឡើយ ។ លើស​ពី​នេះ​ទៀត ចិន​បាន​ធ្វើ​កំណត់​ត្រា​បច្ចេកទេស​ពិសេស និង​ផ្តល់​ការ​ពន្យល់​ដល់​ក្រសួងការបរទេស​វៀតណាម កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៥ ទៀត​ផង ។

លោក​ហុង ឡី បន្ត​ថា គួរ​ឱ្យ​សោកស្តាយ វៀតណាម​ធ្វើ​ជា​មិនដឹង​ដែល​ការ​ហោះ​សាកល្បង​ទាំងនេះ​ធ្វើ​ឡើង​ប្រកបដោយ​វិជ្ជាជីវៈ​បែប​ស៊ី​វិល និង​ដើម្បី​សុខមាលភាព​សាធារណៈ​អន្តរជាតិ ហើយ​បែរជា​បន្ត​រារាំង​ដល់​បណ្តា​សកម្មភាព​ធម្មតា​របស់​ចិន ដោយ​គ្មាន​ហេតុផល​ណាមួយ ។ លោក​បន្ត​ថា ដើម្បី​ធានា​អនុវត្ត​ដោយ​មាន​សន្តិសុខ​គ្រប់គ្រាន់​នៃ​ការ​ហោះហើរ​សាកល្បង ចិន​ទីបំផុត​បាន​សម្រេច​ប្រែក្លាយ​ការ​ហោះហើរ​ទាំងឡាយ​ទៅ​ជា​សកម្មភាព​នៃ​អាកាសចរណ៍​ជាតិ ហើយ​បញ្ជូន​បណ្តា​យន្តហោះ​ស៊ី​វិល ដើម្បី​បំពេញ​ការ​ហោះហើរ​ទាំងនេះ ។ យោង​តាម​ច្បាប់​អន្តរជាតិ បណ្តា​សកម្មភាព​របស់​អាកាសចរណ៍​ស៊ី​វិល​ជាតិ ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​រឹតត្បិត​នានា​ក្នុង​អនុសញ្ញា​ស្តី​ពី​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ព្រមទាំង​បណ្តា​បែបបទ​ទាក់ទិន​របស់ OACI ឡើយ ។

លោក​ហុង ឡី គូសបញ្ជាក់​ថា ចិន​បាន​បំពេញ​ប្រកបដោយ​ជោគជ័យ​បណ្តា​ការ​ហោះហើរ ឡើង​ចុះ​សាកល្បង​លើ​ព្រ​លាន​យន្តហោះ YONGSHU JIAO ។ បណ្តា​លទ្ធផល​នៃ​ការ​ហោះហើរ​ឡើង​ចុះ​បង្ហាញ​ថា ព្រ​លាន​យន្តហោះ​ថ្មី​នេះ ស្រប​តាម​ស្តង់ដា​នៃ​អាកាសចរណ៍​ស៊ី​វិល ហើយ​អាច​ធានា​សន្តិសុខ​របស់​បណ្តា​យន្តហោះ​ស៊ី​វិល ។ ព្រ​លាន​យន្តហោះ​នេះ​នឹង​អាច​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ក្នុង​តំបន់​នោះ ហើយ​កែ​លម្អ​សេវាកម្ម​សាធារណៈ ក្នុង​នោះ​រួម​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​តាម​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង ៕