ព្រះ​អនុជ​ស្ត្រី​ស្តេច​អេ​ស្ប៉ា​ញ​ត្រូវ​កាត់ទោស​ពី​បទ​ក្លែងបន្លំ​ពន្ធ

ជា​លើក​ដំបូង​ដែល​ព្រះ​អនុជ​ស្ត្រី​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ ព្រះ​នាង CRISTINA DE BOURBON កាលពី​ថ្ងៃ​ទី​១១ មក​រា បាន​ទៅ​កាន់​ក្រចកសេះ​ពេល​បើក​សវនាការ​កាត់ទោស​ព្រះ​នាង​ពី​បទ​ក្លែងបន្លំ​ពន្ធ និង​អំពើ​ពុក​រលួយ​របស់​ស្វាមី​ព្រះ​នាង ។

បន្ទាប់​ពី​សវនាការ​លើក​ដំបូង​នេះ សវនាការ​លើក​ក្រោយ​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៩ កុម្ភៈ ទុ​ុ​ក​ពេល​ពិនិត្យ​បណ្តា​ចំណុច​នៃ​ច្បាប់​លើក​ឡើង ដោយ​មេធាវី​របស់​ម្ចាស់​ក្ស​ត្រី CRISTINA ព្រមទាំង​ទិដ្ឋភាព​ឯទៀត​ៗ ។

ម្ចាស់​ក្ស​ត្រី CRISTINA DE BOURBON ព្រះ​ជន្ម​៥០​ព្រះ​វស្សា បាន​ស្ថិត​ក្នុង​បន្ទប់​សវនាការ ដែល​មាន​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​រាម​ព្រះ​នាង​ព្រះមហាក្សត្រ FELIPE VI ដែល​ឡើង​គ្រងរាជ្យសម្បត្តិ​ចាប់តាំងពី​ព្រះ​បិតា​ទ្រង់ ព្រះមហាក្សត្រ JUAN CARLOS ដាក់រាជ្យ​កាលពី​ឆ្នាំ​២០១៤​មក ។ ស្វាមី​ព្រះ​នាង លោក INAKI URDANGARIN ក៏​ចូលខ្លួន​ក្នុង​សវនាការ​នេះ​ដែរ តែ​ស្ថិត​នៅ​ដាច់​ពី​គ្នា ។

នៅ​ខាងក្រៅ​កន្លែង​បើក​សវនាការ​បាតុករ​ម្នាក់​ស្រែ​កថា គ្មាន​នរណា​ម្នាក់​ហ៊ាន​ដាក់គុក​ម្ចាស់​ក្ស​ត្រី CRISTINA ឡើយ ។

ជា​បុត្រី​ទី​២​របស់​អតីត​ព្រះមហាក្សត្រ JUAN CARLOS ទី​មួយ និង​ព្រះ​មហាក្សត្រី​យា​នី SOFIA  ព្រះ​នាង CRISTINA ជាប់​សង្ស័យ​ថា លាក់បាំង​ពន្ធ​លើ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ពង្វាង​យក​ប្រាក់​៦​លាន​អឺ​រ៉ូ​របស់​បណ្តា​មូលនិធិ​សាធារណៈ ដោយ​បន្ទោស​លើ​ស្វាមី និង​អតីត​ក្រុមហ៊ុន​មួយ​របស់​ស្វាមី ។ ព្រះ​នាង​ត្រូវ​កាត់ក្តី​តែ​ពី​រឿង​ក្លែងបន្លំ​ពន្ធ ដោយ​ព្រះ​នាង​អះអាង​ពុំ​ដឹង​អ្វី​ទេ ព្រោះតែ​ជឿ​ទុ​ុ​ក​ចិត្ត​ទាំង​ងងឹត​ងងុល​លើ​ស្វាមី លោក INAKI អតីត​កីឡាករ​បាល់ឱប​អាជីព​ម្នាក់ ដែល​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​នៅ​ទីក្រុង​បា​សឺ​ឡូ​ណា​កាលពី​ឆ្នាំ​១៩៩៧ ៕