លោកស្រី​ស៊ូ​ជី ជួប​ជាមួយ​បណ្តា​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​ភូមា

លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​គណបក្ស​លោកស្រី​ឈ្នះ​ឆ្នោត​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​សភា​ភូមា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​១២ មក​រា បាន​ជួប​ជាមួយ​តំណាង​ច្រើន​រយ​រូប​របស់​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម របស់​កងទ័ព និង​របស់​សភា​ដែល​ចូលរួម​ប្រជុំ​ដើម្បី​ធ្វើការ​ចរចា​សន្តិភាព ។

សភា​ថ្មី​គ្របដណ្តប់​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី នឹង​រួម​ប្រជុំ​រហូត​ដល់​ខែមីនា​ខាង​មុខ​នេះ មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវធ្វើ​នា​ខែ​បន្ទាប់ ។

ទោះបី​យ៉ាងណា លោកស្រី​ស៊ូ​ជី មាន​បំណង​ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី ដើម្បី​បញ្ចប់​ជម្លោះ​ដោយ​អាវុធ​ជា​ច្រើន​ទស​វត្ស​ក្នុង​តំបន់​ជនជាតិភាគតិច​ទាំងឡាយ​របស់​ប្រទេស ។

រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​បាន​ចុះហត្ថលេខា​កាលពី​ខែតុលា​កន្លង​មកនេះ លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ ដែល​ចុះហត្ថលេខា​ដោយ​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​តែ​៧ ក្នុង​ចំណោម​ក្រុម​ជនជាតិភាគតិច​ទាំង​១៥​ក្រុម ដែល​ចូលរួម​ចរចា ។

លោក PADOH SAW THAMEIN TUN មេដឹកនាំ​មួយ​រូប​របស់​ក្រុម​សម្ព័ន្ធជាតិ​កា​រ៉ែ​ន ជា​ក្រុម​បះបោរ​សំខាន់​មួយ​ថ្លែង​ថា យើង​មាន​សង្ឃឹមថា លោកស្រី​ស៊ូ​ជី និង​អនាគត​រដ្ឋាភិបាល​លោកស្រី​អាច​ចរចា​ជាមួយ​ប្រមុខ​កងទ័ព ព្រោះ​បើ​គ្មាន​ការ​ចូលរួម​របស់​កងទ័ព​គេ​ពុំ​អាច​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​បាន​ឡើយ ។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​កាលពី​ខែតុលា មក ការ​ប៉ះទង្គិច​គ្នា​នានា កើត​មាន​ទៀត​នៅ​ភាគ​ខាងកើត​ភូមា ពិសេស​ក្នុង​តំបន់​មាន​ពួក​កា​រ៉ែ​ន​ភាគច្រើន​តាម​បណ្តោយ​ព្រំដែន​ដៃ ។

ប្រធានាធិបតី​ភូមា លោក​ថេ​ន សេន និង​ប្រមុខ​យោធា​ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​នា​ថ្ងៃ​ទី​១២ មក​រា នៅ​រដ្ឋធានី​ណៃ​ពិដោរ​ដែរ ។ វត្តមាន​របស់​ប្រមុខ​យោធា ឧត្តមសេនីយ៍ MING AUNG HLAING អែប​លោកស្រី​ស៊ូ​ជី ក្នុង​កិច្ចប្រជុំ​នេះ​ហាក់​គូសបញ្ជាក់​ថា ការ​ឆ្លងកាត់​នៅ​ភូមា សម្រាប់​ពេល​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ប៉ះទង្គិច​គ្នា​ឡើយ ៕