ប៊ិះ​ខ្វាក់ភ្នែក​ដោយសារ​មើល​រឿង​ភាគ​កូរ៉េ​ឥត​ដាក់​ភ្នែក ១៨​ម៉ោង​

    ​ភ្នែក​ស្រី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវបាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ជក់​មើល​រឿង​ភាគ​កូរ៉េ​នៅលើ Tablet របស់​នាង​កាលពី​ថ្ងៃទី​៥​និង​៦ ខែមីនា​កន្លងទៅនេះ​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​ចិន​បាន​ឲ្យ​ដឹងថា​ស្រី​ជន​ជាតិចិន​ម្នាក់នេះ​ឈ្មោះ ហួង (Huang) បាន​ជក់​មើល​រឿង​ភាគ​ដែលមាន​រយៈពេល​សរុប​១៨​ម៉ោង​ឥត​ឈប់ ហើយ​នាង​បាន​សម្រាក​ពេល​នាង​ចាប់ផ្តើម​ឃ្លាន​តែប៉ុណ្ណោះ​។​

​    ​បើទោះជា​នាង​មាន​អារម្មណ៍​ថា​ភ្នែក​នាង​មិន​ស្រួល តែ​នាង​នៅតែ​បន្ត​មើល​រឿង​របស់​នាង​ដដែល​។​

​    ​Huang បាន​ងើប​ពី​ដំណេក​កាលពី​ថ្ងៃទី​៧​មីនា​ពេលព្រឹក​ជាមួយនឹង​ការឈឺចាប់​ក្នុង​ភ្នែក​ជាខ្លាំង​និង​ក្អួត​ទៀតផង​។​

​    ​បន្ទាប់ពី​បាន​ពិនិត្យមើល​នៅ​មន្ទីរពេទ្យ​ភ្នែក​នៅ Nanjing វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា​នាង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ភ្នែក​របស់​នាង​។​

​    ​នាង​ត្រូវបាន​រកឃើញថា​រលាក​កញ្ចក់ភ្នែក​ធ្ងន់ធ្ងរ ដែល​អាចធ្វើឱ្យ​នាង​ពិការភ្នែក​បាន​។​

​    ​ការដែល​រលាក​កញ្ចក់​ភ្នែក​នេះ​ធ្វើ​ឲ្យ​មាន​អាកា​រៈ​ភ្នែក​ក្រហម ឈឺក្បាល និង​ចង់​ក្អួត នេះ​បើ​យោងទៅលើ​មជ្ឈដ្ឋាន Singapore National Eye Centre​។​

​    ​តាមរយៈ​វេ​ប​សាយ Sina News បាន​ឲ្យ​ដឹងថា​ភ្នែក​របស់ Huang ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការ​សម្លឹងមើល​យូរពេក​នៅលើ Tablet នៅ​ចម្ងាយ​ជិត​។​

​    ​រឹតតែ​អាក្រក់​ទៀត​នោះ​គឺថា នាង​មិនបាន​បើកភ្លើង​ឲ្យ​ភ្លឺ​ពេល​កំពុង​មើល​រឿង​នៅពេល​យប់​នោះទេ​។​

​    ​ទន្ទឹមនឹង​នេះដែរ សាកលវិទ្យាល័យ Toho University ថ្មីៗ​នេះ​បាន​រកឃើញថា​មនុស្ស​ដែល​សម្លឹង​មើលទៅ​កញ្ចក់​កុំព្យូទ័រ​ច្រើនជាង​ប្រាំបួន​ម៉ោង​ក្នុង​មួយថ្ងៃ​គឺ​ប្រឈម​នឹង​រលាក​កញ្ចក់ភ្នែក​ពីរដង​នៃ​មនុស្ស​ដែល​មើល​ក្រោម​ប្រាំបួន​ម៉ោង​៕