ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​តូច​២​នាក់​តស៊ូ​ឡើងត្នោត​ចិញ្ចឹមជីវិត​ទាំង​ក្តី​លំបាក​កំពុង​ជួប​ការខ្វះខាត ស្នើសុំ​ជំនួយ​សប្បុរសជន​

​ខេត្តកំពង់ឆ្នាំង​៖ ជិវិត​តែលតោល​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ បាន​ចាប់យក​មុខរបរ​ឡើងត្នោត​ទាំង​ប្រ​​ថុ​យ​ប្រថាន យក​ទឹក​មក​រំងាស់​ស្ករ​លក់​ចិញ្ចឹម​កូនតូចៗ​២​នាក់​ទាំង​ក្តី​លំបាក បន្ទាប់ពី​ប្តី​បាន​បោះបង់ចោល ដែល​នៅក្នុង​១​ថ្ងៃៗ​នាង​ឡើងត្នោត​រំងាស់​បាន​ស្ករ​តែ​២​គីឡូក្រាម និង​លក់បាន​ប្រាក់​តែ​៥​ពាន់​រៀល​តែប៉ុណ្ណោះ សម្រាប់​ចិញ្ចឹម​កូន ជីវភាព​ជួបប្រទះ​ភាពក្រីក្រ នាង​សំណូមពរ​សប្បុរសជន​មេត្តា ជួយសង្គ្រោះ​ជីវិត​នាង និង​កូនៗ​ផង​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ជួប​ស្ត្រី​ក្រីក្រ ខាងលើ នាង​មានឈ្មោះ ញឹក ចំរើន អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ នៅពេល​យើង​ទៅដល់​នាង ញឹក ចំរើន កំពុង​ឡើង​ចិត​ផ្កាត្នោត​ជា​បន្ត​បន្ទាប់ពី​ដើម​មួយ​ទៅ​ដើម​មួយ​នៅ​ខាងជើង​ភូមិ​ចំនួន​៥​ដើម តាំងពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​៩​ព្រឹក​ទើប​រួចរាល់ ប៉ុន្តែ​អ្វីដែល​យើង​បានឃើញ​ហើយ និង​កាន់តែ​សង្វេគ​នោះ គឺ​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​របស់​នាង​ដែល​ដើរមក​តាម​ម្តាយ បាន​ដេក​ស្ងៀម​ក្នុង​សភាព​គ្រុនក្តៅ​នៅក្រោម​ដើមត្នោត​ចាំ​ម្តាយ ហើយ​បានធ្វើ​ឲ្យ​អ្នកយកព័ត៌មាន​យើង​ពិបាក​នឹង​ទប់ទឹក​ភ្នែក​។​

​នាង ញឹក ចំរើន បាន​និយាយ​រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏​អភ័ព្វ​របស់​នាង​អោយដឹងថា​៖ នាង​មាន​ឪពុក ឈ្មោះ ចក់ ណាត អាយុ​ជិត​៦០​ឆ្នាំ ពេល​ម្តាយ​នាង​ស្លាប់​គាត់​បាន​មាន​ប្រពន្ធចុង​ទៅ​នៅ​ស្រុក​ឆ្ងាយ​ចោល នាង​មាន​បងប្អូន​៦​នាក់ នាង​គឺជា​កូន​ទី​១ ចំណែក​ប្អូនៗ​មួយចំនួន​បែក​ទៅ​មាន​ប្រពន្ធ​កូន និង​មួយចំនួន ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​។ នាង​រស់នៅក្នុង​កូនខ្ទម និង​ដី​ដែល​នាង​រស់នៅ​សព្វថ្ងៃ​គឺ​ឪពុក​ចែក​អោយនៅ​ជា​បណ្តោះអាសន្ន ហើយ​នាង​ក៏​គ្មាន​ដីស្រែ ឬ​ចំការ​ធ្វើ​នឹង​គេ​ទេ ក្រៅពី​មុខរបរ​ឡើងត្នោត គឺ​នៅ​រដូវវស្សា នាង​ដើរ​ស៊ីឈ្នួល​ព្យួរ​រាស់​១​ព្រឹក​បាន​៥​ពាន់​រៀល និង​ដក​ស្ទូង​អោយគេ ក្នុង​រដូវ​ច្រូតកាត់ គឺ​ស៊ីឈ្នួល​ច្រូតកាត់​អោយគេ​បាន​ថ្លៃឈ្នួល​ក្នុង​១​ថ្ងៃ​១៥.០០០​រៀល​។ ចំណែក​ការឡើង​ត្នោត​វិញ គឺ​ត្នោត​៣​ដើម​អ្នកភូមិ​បាន​អាណិតអាសូរ​អោយ​ឡើង​មិន​គិតថ្លៃ​ឈ្នួល​ទេ តែ​២​ដើម​ទៀត​គេ​គិតថ្លៃ​ឈ្នួល​ក្នុង​១​ដើម​យក​ស្ករ​៥​គីឡូ​ក្នុង​១​រដូវ​។ ចំណែក​ខ្ទះ​រំងាស់​ទឹកត្នោត​ក៏​ជួល​គេ​ដែរ ក្នុង​១​រដូវ​គេ​យក​ស្ករ​៥​គីឡូ​។​

​ទាក់ទង​រឿង​ប្តី និង​កូន នាង​មានកូន​ប្រុស​២​នាក់ ដែល​កូន​ទី​១​ឈ្មោះ សុខ ចិ អាយុ​៨​ឆ្នាំ ពេល​នាង​កំពុង​ពរ​ពោះ​កូន​ទី​១​នេះ ប្តី​មិនបាន​រៀបការ​របស់​នាង​បាន​រត់ចោល​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​បាត់ សូន្យឈឹង​។ ណែ​ក​ប្តី​ទី​២​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ក៏​មិនបាន​រៀបការ​ដែរ ពេល​នាង​ពរ​ពោះ​កូនប្រុស​ទី​២ ឈ្មោះ ណាត ភក្តី អាយុ​២​ឆ្នាំ គេ​ក៏បាន​ផ្តាច់ការ​ទាក់ទង​គ្នា​រហូត​បច្ចុប្បន្ននេះ​។ បន្ថែម​ពីលើ​ការខ្វះខាត​ក្នុង​ជីវភាព សព្វថ្ងៃនេះ​កូន​ទាំង​២ ពេល​ទៅសុំ​ធ្វើ​សំបុត្រកំណើត ភូមិ​ឃុំ​គេ​មិន​ធ្វើអោយ​ទេ គេ​ថា​ទាល់តែ​នាង​មាន​ប្តី​រស់នៅ​ជាមួយគ្នា ទើប​ធ្វើ​សំបុត្រកំណើត​កូន​បាន​។ ចំណែក​រូបនាង​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួ​សារបាន​បាត់អស់​នៅពេល​នាង​ប្រគល់អោយ​ក្រុមហ៊ុន ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​១​ឆ្នាំ តែ​ក៏បាន​អោយមក​ស្រុក​វិញ​។​

ដោយឡែក​ចំពោះ​ជីវភាព​រស់នៅ​សព្វថ្ងៃ​កំពុង​ជួប​ការខ្វះខាត ព្រោះ​ដើមត្នោត​មិន​សំបូរ​ទឹក​គ្មាន​លុយ ទិញ​អង្ករ​ហូប កូន​ឈឺ​គ្មា​លុយ​ទិញ​ថ្នាំ ជំពាក់​លុយ​ទិញ​ម្ហូប​តាម​តៀម​ក្នុងភូមិ និង​លុយ​ម៉ូតូ​ដឹក​ត្រី​លក់​តាម​ភូមិ ជាង​១០​ម៉ឺន​រៀល​ទៅហើយ​គ្មាន​លុយ​សង​គេ ហេតុនេះ​នាង​ស្នើសុំ​សប្បុរសជន​នៅក្នុង​ខេត្ត និង​ក្នុងប្រទេស មេត្តាជួយ​ឧបត្ថម្ភ​សង្គ្រោះ​ជីវិត​នាង​កូនៗ​របស់​នាង​ផង ពេលខ្លះ​នាង​ដាច់​ពេល​គ្មាន​បាយ​ហូប​ក៏​មិន​ដាច់ចិត្ត​ឲ្យ​កូន​យំ​ស្រែក​ឃ្លាន​ក៏បាន​ជឿ​បុល​អង្ករ​ម្ហូបអាហារ​ធ្វើ​ឲ្យ​មាន​បំណុល​រស់នៅ​ទាំង​គ្មាន​សង្ឃឹម​៕​ រិ​ទ្ធិ ជ័យ​
ទំនាក់ទំនង​អ្នកយកព័ត៌មាន​យើង​ប្រចាំខេត្ត​កំពង់ឆ្នាំង​
​ទូរស័ព្ទ​លេខ​៖ 089 826 151 & 067 80 70 80

KA-15-03-2016-05 KA-15-03-2016-06 KA-15-03-2016-07 KA-15-03-2016-09 KA-15-03-2016-10 KA-15-03-2016-11 ​ ​KA-15-03-2016-12

​ ​