មូលហេតុ​ចំនួន ៤ យ៉ាង​នេះ ជា​កត្តា​សំខាន់​នាំ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​ដួល​រលំ​​ដោយ​ងាយ​

ការ​បើក​មុខ​ជំនួញ​​ មិនមែន​ចេះតែ​នឹក​ឃើញ​ភ្លាម​ធ្វើ​ភ្លាម​​នោះ​ទេ ព្រោះ​វា​អាច​នាំឲ្យ​មាន​បញ្ហា​ជាច្រើន​កើតឡើង ហើយ​ដួល​រលំ​ទៅវិញ​ក៏​មាន​។​ ​អ្នកខ្លះ​បើក​ជំនួញ​ ព្រោះ​ឃើញ​អ្នកដទៃ​ជោគជ័យ​ តែ​មិនបាន​គិត​ឲ្យ​ច្បាស់​ថា ​ខ្លួន​មាន​សមត្ថភាព និង ​ឱកាស​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​វា​ឲ្យ​ជោគជ័យ​នោះ​​ទេ។ ​​​​​​​​​ការ​​ធ្វើ​ជំនួញ​ដោយ​គ្មាន​ មូលដ្ឋាន​ច្បាស់លាស់​បែប​នេះ​ហើយ ​គឺជា​សញ្ញា​មិន​ច្បាស់​លាស់​មួយ​នៃ​អនាគត​។​

ខាងក្រោម​នេះ គឺជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដួល​រលំ​ទៅវិញ​ ក្រោយ​ពេល​ដំណើរ​ការ​បាន​មួយ​រយៈ៖

​១) ​ខ្វះ​ការ​ស្រាវជ្រាវ

​​ដើម្បី​ប្រាកដ​ថា ក្រុមហ៊ុន​ ឬ អាជីវកម្ម​ថ្មី​របស់​អ្នក​អាច​មាន​ជីវិត​យូរអង្វែង​នៅ​លើ​ទីផ្សារ​ ​ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​នោះ គឺ​ការ​ស្រាវជ្រាវ​។ ការស្រាវជ្រាវ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​​បង្ហាញ​អំពី​ចំណុច​ខ្លាំង​ ចំណុចខ្សោយ និង ឱកាស​ទីផ្សារ​ដែល​យើង​អាច​រៀបចំ​យុទ្ធសាស្ត្រ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​។ ​ប៉ុន្តែ​មាន​មនុស្ស​មិន​តិច​ទេ​ ដែល​បាន​បើក​ជំនួញ​ដែល​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​ ឬ គ្រាន់តែ​ស្រាវជ្រាវ​​​ឲ្យ​តែ​បាន​ៗ ជាហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ចុងក្រោយ​​មិន​អាច​ជោគជ័យ​​។ ​​

២) ចង់បាន​គម្រោង​ល្អ​ឥត​ខ្ចោះ​ពេក

​​តាម​ពិត​ទៅ​ ​​ការ​គិតគូរ​វែងឆ្ងាយ​ដើម្បី​ទទួល​បាន​គម្រោង​ដ៏​ឥតខ្ចោះ​មួយ​ គឺ​មិនមែន​ជា​រឿង​ខុស​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ការ​ព្យាយាម​រក​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ បែរ​ជា​នាំ​មក​នូវ​បញ្ហា​ស្មុគស្មាញ​ទៅវិញ​ ព្រោះថា ក្នុង​​លោក​នេះ​គ្មាន​រឿង​ណា​មួយ​ដែល​ល្អឥតខ្ចោះ​ឡើយ ពោល​គឺ​តែងតែ​មាន​បញ្ហា​បន្តិច​បន្តួច​ជៀស​មិន​ផុត​។ ​​កាលណា​អ្នក​ចាំ​ទាល់តែ​មាន​គម្រោង​ដ៏​ល្អ​ឥត​ខ្ចោះ​ទើប​អនុវត្ត​ ​វា​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ ឬ មិន​អាច​ចេញ​ជា​លទ្ធផល​បាន។ ដូច្នេះ​ហើយ​ ​មិន​គួរ​ចាំ​ទាល់តែ​មាន​គម្រោង​ល្អឥតខ្ចោះ​ទើប​ចេញ​ជា​សកម្ម​ភាព​នោះ​ទេ ពោល​គឺ​ត្រូវ​មើល​លើ​ឱកាស​ ​។ បើ ឱកាស​ល្អ​ត្រូវ​ចាប់​យក​ឲ្យ​រហ័ស​បំផុត​។​

៣) ​អនុវត្ត​តាម​ដំបូន្មាន​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទាំង​ងងឹតងងល់​​

​​វា​ជា​រឿង​ដ៏​ល្អ​បំផុត​ ក្នុង​ការ​ស្វែងរក​ដំបូន្មាន​ល្អៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ជាពិសេស​អ្នកជំនាញ ឬ អ្នក​មាន​បទពិសោធន៍​ជោគជ័យ​លើ​ប្រភេទ​ជំនួញ ឬ ការងារ​ដែល​យើង​ចង់​ធ្វើ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ក្នុង​នាម​អ្នកជា​មនុស្ស​ម្នាក់​ ត្រូវ​តែ​ចេះគិតគូរ​ ថ្លឹងថ្លែង​រកហេតុផល​ឲ្យ​បាន​ច្បាស់​ ពោល​គឺ​មិនមែន​ធ្វើ​តាម​ដំបូន្មាន​របស់​មនុស្ស​ទាំងនោះ​​ទាំងអស់​ឡើយ​ ព្រោះ​ស្ថានភាព​មិន​ដូចគ្នា​ឡើយ​។ ​បើកាលណា​​អ្នក​ធ្វើ​ជំនួញ​ដោយ​អនុវត្ត​តាម​ដំបូន្មាន​គេ​ទាំងអស់​ នោះ​លទ្ធផល​ចុងក្រោយ​គឺ​ប្រាកដ​ជា​បរាជ័យ​មិនខាន​។

៤) ​ខ្វះ​ការ​តាំងចិត្ត

​ជា​ធម្មតា​ទេ ការ​ធ្វើ​អ្វីមួយ​ដែល​តែង​ជួប​បញ្ហា​។ សម្រាប់​មនុស្ស​មួយ​ចំនួន​​ ​​មិន​អាច​សម្រេច​តាម​គោលដៅ​ព្រោះ​តែ​ ពួកគេ​ខ្វះ​ការ​តាំងចិត្ត​ក្នុង​ការសម្រេច​​កិច្ចការ​ដែល​ចង់​បាន​។ ​ក្នុង​កិច្ចការ​ជំនួញ​វិញ ​មាន​អាជីវកម្ម​ជាច្រើន​បាន​បិទទ្វារ​ទៅ​វិញ ដោយសារតែ​ម្ចាស់​អាជីវកម្ម​ឆាប់​ចុះចាញ់​ពេក​ ​ដោយ​ការ​តាំង​ចិត្ត​មាន​តែ​ពេល​ដំបូងៗ​ ក្រោយមក​នៅ​ពេល​ជួប​ការ​លំបាក​ក៏​រុញរា​ក្នុង​ចិត្ត​ ហើយ​ក៏​បោះបង់​ចោល​ទាំង​កណ្តាល​ទី​​តែម្តង៕

ប្រភព៖thebnews

  • មូលហេតុ​ចំនួន ៤ យ៉ាង​នេះ ជា​កត្តា​សំខាន់​នាំ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​ដួល​រលំ​​ដោយ​ងាយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: