​ពឹង​លើ​ប្រាក់​ខែ​រោងចក្រ​ចាយ​មិន​គ្រប់​កម្មករ​ជិត​៣០​នាក់​សហការ​គ្នា​បើក​ផ្សារ​តូច​មួយ​រក​ស៊ី​ខ្លួន​ឯង​

​​អាជីវកម្ម៖ ​ស្ថិត​ក្នុង​ជីវភាព​មួយ​ពឹង​ផ្អែក​លើ​ការងារ​រោងចក្រ​ដែល​ទទួល​បាន​ត្រឹមតែ​១៤០​ដុល្លារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ នៅ​តែ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ ​ជំរុញ​ឲ្យ​កម្មករ​និង​អតីត​សកម្មជន​សហជីព​ជិត​៣០​នាក់ ​បែក​គំនិត​​សហការ​គ្នា​បើក​ផ្សារ​ម៉ាត​រកស៊ី​ខ្លួន​ឯង​ដោយ​ដាក់​ឈ្មោះ​ថា​«ម៉ាត​កម្មករ​» ​រួម​ជា​មួយ​អាហារដ្ឋាន​នៅ​ព័ទ្ធ​ពី​ខាង​ក្រៅ ​ដើម្បី​ស្វែង​រក​ចំណូល​បន្ថែម​សម្រាប់​ទប់ទល់​នឹង​ការ​ចំណាយ​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។
​ពឹង​លើ​ប្រាក់​ខែ​រោងចក្រ​ចាយ​មិន​គ្រប់​កម្មករ​ជិត​៣០​នាក់​សហការ​គ្នា​បើក​ផ្សារ​តូច​មួយ​រក​ស៊ី​ខ្លួន​ឯង​
​លោក សាន សុផា ​ជា​អតីត​មន្ត្រី​ផ្នែក​ច្បាប់​របស់​សហជីព​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​ក្នុង​របរ​បើក​ផ្សារ​ម៉ាត​ខាង​លើ​បាន​ឲ្យ​ប្រាប់ ​Kqube.NET ​ថា ​មូលហេតុ​ដែល​ពួក​លោក​មាន​គំនិត​បើក​រកស៊ី​បែប​នេះ ​គឺ​មាន​ពីរ​ចំណុច ​ទី១-​ទាក់ទង​ជា​មួយ​ដើម​ទុន ​ទី២-ទាក់ទង​ជា​មួយ​យុទ្ធសាស្ត្រ​ទីផ្សារ​។ ​ចំណុច​ទី​១ ​លោក​បាន​ពន្យល់​ថា ​ទោះ​បី​ជា​ពួក​លោក​កន្លង​មក​មាន​អ្នក​ខ្លះ​ធ្លាប់​ជា​មន្ត្រី​ផ្នែក​ច្បាប់​សហជីព ​ឬ​បុគ្គលិក​ផ្នែក​សិទ្ធ​មនុស្ស​ក្តី ​ប៉ុន្តែ​ទាំង​អស់​គ្នា ​គឺ​គ្មាន​ដើម​ទុន​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ​ដើម្បី​រក​ស៊ី​ម្នាក់​ឯង​នោះ​ទេ ​ដូច្នេះ​ហើយ​គឺ​ពួក​លោក​ត្រូវ​តែ​កៀរគរ​​គ្នា ​អ្នក​ដែល​មាន​បំណង​ចង់​រក​ស៊ី ​ដែល​​ភាគច្រើន​សុទ្ធតែ​ជា​កម្មករ​នោះ ​ឲ្យ​មក​សហការ​គ្នា​ដើម្បី​បើក​ម៉ាត​នេះ​ឡើង​ និង​រកស៊ី​ជា​មួយ​គ្នា​​។
​ពឹង​លើ​ប្រាក់​ខែ​រោងចក្រ​ចាយ​មិន​គ្រប់​កម្មករ​ជិត​៣០​នាក់​សហការ​គ្នា​បើក​ផ្សារ​តូច​មួយ​រក​ស៊ី​ខ្លួន​ឯង​
​ម្ចាស់​ភាគហ៊ុន​រូប​នេះ​បាន​បន្ត​ថា ​ចំពោះ​ចំណុច​ទី​២​ ភាគច្រើន​នៃ​ម្ចាស់​​អាជីវកម្ម​ខាង​លើ​នេះ ​គឺ​សុទ្ធសឹងតែ​ជា​អ្នក​មាន​សក្ដានុពល​ក្នុង​ចំណោម​កម្មករ​តាម​រោងចក្រ​នីមួយៗ ​ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​ពួក​លោក​គិត​ថា​អាច​ទៅ​រួច​នោះ ​ដោយសារ​ក្នុង​ចំណោម​គ្នា​ជិត​៣០​នាក់​នោះ ​គឺ​ម្នាក់​ៗ​មាន​តួនាទី​យ៉ាង​សំខាន់​ដូច​ជា​ មាន​តួនាទី​ជា​អតិថិជន​ផង ​ជា​អ្នក​ទីផ្សារ​​ផង ​និង​ជា​ធ្វើ​ការ​លក់​ដូរ​បម្រើ​អតិថិជន​ដោយ​ខ្លួន​ឯង​ផ្ទាល់​ផង ​ម្ល៉ោះហើយ​​​អតិថិជន​​គោលដៅ​អាជីវកម្ម​របស់​ពួក​លោក​ គឺ​ផ្ដោត​ទៅ​លើ​កម្មករ​ដូចគ្នា ​ដូច្នេះ​លោក​គិត​ថា គំនិត​នេះ​អាច​ជា​របរ​ថ្មី​មួយ​សម្រាប់​ជួយ​ជីវភាព​ខ្លួន​ឯង ​ក៏​ដូច​ជា​ធ្វើ​ការ​លក់​ដូរ​ធូរ​ថ្លៃ​សម្រួល​ដល់​កម្មករ​ដទៃ​ទៀត​ផង​ដែរ​។
​ពឹង​លើ​ប្រាក់​ខែ​រោងចក្រ​ចាយ​មិន​គ្រប់​កម្មករ​ជិត​៣០​នាក់​សហការ​គ្នា​បើក​ផ្សារ​តូច​មួយ​រក​ស៊ី​ខ្លួន​ឯង​