​វិធី​ងាយៗ ​ធ្វើ​ឱ្យ​​​​​អ្នក​មាន​លុយ​​​ច្រើនទាំង​មិន​ដឹង​ខ្លួន!

ភាព​មាន​បាន និងឱកាស​ជោគជ័យ​ក្នុង​ការងារ​ គឺ​ជា​ក្តី​ប្រាថ្នា​របស់​ប្រិយមិត្ត​មិន​ថា អ្នក​ក្រ ឬ អ្នក​មាន​នោះ​ឡើយ​ព្រោះ​ថា ទោះបី​ជា​​​អ្នក​មាន​លុយ​មិន​អាច​ទិញ​សុភមង្គល​ទាំងស្រុង​​​បាន​មែន​ពិត តែ​វា​អាច​ជួយ​ឲ្យ​មនុស្ស​ស្វែង​រក​សុភមង្គល​បាន។ ​​បញ្ហា​​ស្ថិត​នៅ​ត្រង់​ថា តើ​​ធ្វើ​ដូចម្តេច​ដើម្បី​អាច​រក​លុយ​បាន? នេះ​ហើយ​ជា​សំណួរ​មួយ​ដែល​មិត្ត​អ្នក​អាន​ត្រូវ​ឆ្លើយ។

មិន​ចំពោះ​ថា ​រឿង​​រក​លុយ​កាក់​មក​ចូល​ហោប៉ៅ​វា​​ស្មុកស្មាញ​យ៉ាង​ណា​នោះ​ទេ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ គេហទំព័រ​សេដ្ឋកិច្ច TheBNEWS សូម​ណែនាំ​ប្រិយមិត្ត​មក​ស្វែង​យល់​​គន្លឹះ​សាមញ្ញៗ​ចំនួន​៧ ខាងក្រោម​នេះ​វិញ​ ព្រោះ​ថា​វា​ជា​ឫសគល់​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​​លោក​អ្នក​មាន​បាន​ដោយ​មិន​ដឹង​ខ្លួន។​
​វិធី​ងាយៗ ​ធ្វើ​ឱ្យ​​​​​អ្នក​មាន​លុយ​​​ច្រើនទាំង​មិន​ដឹង​ខ្លួន!
១) ​បង្កើន​ចំណេះដឹង​ផ្ទាល់​ខ្លួន (Educate Yourself)
ជំហាន​ដំបូង​ដើម្បី​បង្កើន​ប្រាក់​ចំណូល ឬ កសាង​ទ្រព្យសម្បត្តិ​របស់​អ្នក​គឺ​ត្រូវ​បង្កើន​ចំណេះដឹង​ផ្ទាល់​ខ្លួន។ នៅ​ពេល​ដែល​អ្នក​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ អ្នក​ត្រូវ​​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ​ត្បិតអី​វា​ជា​​ចក្រ​ទ្វា​​​មួយ​សម្រាប់​ឈាន​ឆ្ពោះ​ទៅ​រក​ឱកាស​នៃ​ការ​អភិវឌ្ឍ​​ចំណេះដឹង​ និង​អាជីព​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់។ មាន​​អាជីព​ការងារ​ជា​ច្រើន​នៅ​ជុំវិញ​អ្នក​ប្រចាំ​ថ្ងៃ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ជ្រើសរើស​មុខ​វិជ្ជា​ដែល​អ្នក​ស្រលាញ់​មក​ធ្វើ​ជា​អាជីព​​នៅ​ពេល​អនាគត ហើយ​ត្រូវ​សិក្សា​មុខ​វិជ្ជា​នោះ​ជា​និរន្ត​​ និង ខិតខំ​សិក្សា​រៀនសូត្រ​ឲ្យ​អស់​ពី​លទ្ធភាព​ទើប​ទទួល​បាន​ជោគជ័យ​។

២) បង្កើត​បណ្ដាញ​ទំនាក់ទំនង (Networking Is Key)
ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​​ជា​មួយ​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំនាញ​​​ដូច​អ្នក ឬ ​មាន​ចំណេះ​ដឹង​ខ្ពស់​ អាច​​ជួយ​ផ្ដល់​ពន្លឺ​ឲ្យ​អ្នក​ទទួល​បាន​ឱកាស​ថ្មីៗ និង ការ​អភិវឌ្ឍ​អាជីព​ការងារ​កាន់តែ​ប្រសើរ​ឡើង។ ការ​កសាង​ទំនាក់ទំនង​នេះ ក៏​មិនមែន​ផ្ដោត​តែ​ទៅ​លើ​មនុស្ស​ដែល​​មាន​ជំនាញ ឬ ចំណេះដឹង​ដូចគ្នា​នោះ​ឡើយ ពោល​គឺ​ត្រូវ​សិក្សា​ប្រាស្រ័យ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​ចំណេះដឹង​ប្រភព​ផ្សេងៗ​គ្នា។

អ្នក​អាច​មិន​ដឹង​ពី​សារសំខាន់​របស់​វា តែ​ការ​ពិត​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ចំណាប់​អារម្មណ៍ ឬ ​គោល​គំនិត​ប្លែកៗ​ដែល​​ធ្វើ​​ឲ្យ​អ្នក​យល់​ដឹង​កាន់តែ​ទូលំទូលាយ​ជាង​មុន​ពី​សង្គម​របស់​អ្នក។ សូម​ចាំ​ថា ​អ្នក​មិន​ត្រូវ​ដាក់​ការ​ទំនាក់ទំនង​ដោយសារ​បុគ្គល​នោះ​មាន​ប្រយោជន៍​សម្រាប់​អាជីវកម្ម ឬ ផល​ប្រយោជន៍​របស់​អ្នក​នោះ​ឡើយ តែ​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​គឺ​ជា​ទំនាក់ទំនង​ដែល​ផ្តើម​សន្ទនា​គ្នា​ផុស​ចេញ​ពី​បេះដូង​ដោយ​ពិត​ប្រាកដ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។​​​

៣) ចែក​រំលែក​ចំណេះដឹង (Share Your Knowledge)
លោក​អ្នក​ធ្លាប់​បាន​ឮ​ពាក្យ​មួយ​ឃ្លា​ពោល​​ថា “កាំបិត​សំលៀង​ហើយ បើ​មិន​ប្រើ​វា​នៅ​តែ​ច្រេះចាប់​ដដែល​” ឬ “ចំណេះ​ប្រើ​កាន់តែ​ច្រើន ចេះ​កាន់តែ​ច្រើន”។ ​ការ​លើក​ឡើង​​​នេះ​ គឺ​​ជា​រឿង​មួយ​ត្រឹមត្រូវ​ណាស់​ ព្រោះ​ថា​វប្បធម៌​នៃ​ការ​ចែក​រំលែក​ចំណេះដឹង​ វា​នឹង​មិន​ត្រឹមតែ​ជួយ​ខ្លួន​អ្នក​ឲ្យ​រីក​ចម្រើន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​ធ្វើ​ឲ្យ​អ្នក​ដទៃ​កាន់​តែ​មាន​ពន្លឺ​ដូច​អ្នក​ដែរ។ ការ​ចែក​រំលែក​​ចំណេះ​ដឹង​ដ៏​ត្រឹមត្រូវ​របស់​អ្នក នឹង​កសាង​ទំនុកចិត្ត​ដែល​ជា​ការ​ពឹងពាក់​ស្នាក់​អាស្រ័យ​​ និង អ្នក​​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អ្នក​ដទៃ។ ​

នេះ​នឹង​ជួយ​ឲ្យ​អ្នក​អាច​សម្រួច​​ផ្លែដាវ​ចំណេះដឹង​របស់​ខ្លួន​កាន់តែ​មាន​វិជ្ជាជីវៈ​ជាង​មុន ពោល​គឺ​ឈាន​ដល់​ចំណុច​កំពូល​នោះ​ឯង។ នៅ​​ពេល​ដែល​អ្នក​ក្លាយ​ជា​​ផ្ទាំង​ស៊ីប​នៃ​ការ​ពឹងពាក់​របស់​​មនុស្ស​នានា​ហើយ​នោះ មាន​ន័យ​ថា​ លុយ​ក៏​អាច​រត់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង​ដែរ។

​​៤) ដាក់​វិន័យ​​ឲ្យ​ខ្លួន​ឯង (Discipline Yourself)
មាន​​ចំណេះដឹង​​​ទូលំទូលាយ​ ពិត​ជា​រឿង​សំខាន់​ដើម្បី​កសាង​ទ្រព្យសម្បត្តិ តែ​ការ​ដាក់​វិន័យ​ខ្លួន​ឯង វា​មាន​សារសំខាន់​ជាង​នេះ​ទៅ​ទៀត។ អ្នក​ត្រូវ​ដឹង​ថា មិន​ថា​អ្នក​​បាន​ខិតខំ ឬ ទទួល​បាន​លទ្ធផល​មិន​ឆ្លើយ​តប​តាម​​បំណង​របស់​អ្នក​យ៉ាងណា​ក៏ដោយ​ អ្នក​ត្រូវ​តែ​ខិតខំ​បន្ត​ទៅ​មុខ​ទៀត និង មាន​ការ​អត់ធ្មត់​ជា​ទីបំផុត។ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​ល្អៗ​មិន​អាច​កើត​មាន​ដល់​មនុស្ស​គ្រប់​ពេល​នោះ​ឡើយ តែ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​បរាជ័យ ដោយសារតែ​មិន​បាន​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​បាន​ជាប់​លាប់​គ្រប់ពេល​វេលា និង ខិតខំ​ប្រឹងប្រែង​​​ឲ្យ​​អស់​ពី​លទ្ធភាព​។ ប្រសិនបើ​អ្នក​អាច​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​​ភាព​​អត់ធ្មត់​ដោយ​ខ្លួន​ឯង​បាន នោះ​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​បាន។

​៥) ​ត្រូវ​ក្លាហាន​ដើម្បី​​ស្វែង​រក​ជំនួយ (Don’t Be Afraid To Ask For Help)
ក្នុង​ដំណើរ​ស្វែង​រក​ភាព​មាន​បាន អ្នក​មិន​ត្រូវ​រុញរា​ ឬ ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​​ជំនួយ​ពី​អ្នកដទៃ​នោះ​ឡើយ។​ ផ្ទុយ​ទៅវិញ​ វា​​ជា​រឿង​ត្រឹមត្រូវ​ដែល​អ្នក​ត្រូវ​ស្វែង​រក​ជំនួយ​នៅ​ពេល​នេះ ជាជាង​ទទួល​រង​ផល​វិបាក​នានា​ដែល​កើត​មាន​នៅ​ថ្ងៃ​ក្រោយ។ អ្នក​ត្រូវ​ចាំ​ថា រាល់​កិច្ចការ​ទាំងឡាយ​អ្នក​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​ទាំងស្រុង​នោះ​​ឡើយ ពោល​គឺ​មាន​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​ចាំបាច់​ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ ដើម្បី​ជួយ​ណែនាំ​ ឬ ផ្តល់​ដំបូន្មាន​ល្អៗ​​ជា​​ផ្លូវ​ត្រួសត្រាយ​សម្រាប់​អ្នក។ ទន្ទឹម​នឹង​នេះ អ្នក​ក៏​មិន​ចាប់​​ទៅ​​ធ្វើ​អ្វីៗ​​តាម​តែ​​អ្នក​ដទៃ​ប្រាប់​អ្នក​​រហូត​នោះ​ដែរ តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​ អ្នក​ត្រូវ​​ថ្លឹងថ្លែង​រៀន​​កំណត់​​បែងចែក​ពី​អ្វី​ដែល​​​គំនិត​ដ៏​ល្អ និង មិន​ល្អ​ ទើប​អ្នក​អាច​រក​ឃើញ​ដំណោះស្រាយ​មួយ​ដ៏​​ប្រសើរ​បាន។​​​

៦) រៀនសូត្រ​​តាម​​បុគ្គល​ជោគជ័យ (Learn From Successful People)
វា​ជា​អាច​ជា​ពន្លឺ​មួយ​ដ៏​ល្អ​​ផង​ដែរ​ក្នុង​ការ​ស្វះស្វែង​រក​ទ្រព្យសម្បតិ្ត​​របស់​អ្នក ប្រសិន​បើ​អ្នក​អាច​រៀន​សូត្រ​តាម​បុគ្គល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដូចជា មហាសេដ្ឋី អ្នក​ជំនួញ ឬ អ្នក​នយោបាយ​នានា។ បុគ្គល​ទាំង​នេះ​អាច​មាន​បទពិសោធន៍​ច្រើន​ក្នុង​ជីវិត​​ទាំង​កិច្ចការ​អាជីវកម្ម ការ​ស្វែង​រក​ប្រាក់​ចំណូល ឬ ទស្សន​ល្អៗ​យ៉ាង​​មានតម្លៃ​សម្រាប់​អ្នក ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​សៀវភៅ អត្ថបទ ​បណ្ដាញ​ផ្សព្វផ្សាយ ឯកសារ​​ជា​ច្រើន។ មក​ដល់​ត្រង់​នេះ​ អ្នក​ត្រូវ​សិក្សា​​ពី​គន្លឹះ ឬ មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​ជោគជ័យ ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​កំណត់​​ផ្លូវ​មួយ​ដ៏​ជាក់​លាក់​សម្រាប់​អ្នក​​ដើម្បី​ដើរ​ឲ្យ​ជោគជ័យ​ឲ្យ​ដូច​បុគ្គល​នោះ​ដែរ។

៧) រៀន​ពី​​ការ​បរាជ័យ​របស់​អ្នក (Learn From Your Failures)
ការ​ផ្ដោត​លើ​​ភាព​ជោគជ័យ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ខ្វាក់​មើល​រំលង​សារសំខាន់​ផ្សេងៗ​ទៀត​ដែល​អ្នក​បាន​រៀន​សូត្រ​ពី​ភាព​បរាជ័យ​ និង កំហុស​នានា​នៅ​អតីតកាល ដែល​​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​បរាជ័យ​ក្នុង​រឿង​ដដែល​ជា​​លើក​ទី២។ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​ត្រូវ​កំណត់​ពី​ភាព​បរាជ័យ​របស់​អ្នក​ឡើង​វិញ​ ទើប​អ្នក​អាច​ជៀស​ផុត​បញ្ហា​ទាំង​នោះ​ជា​លើក​ទី២​បាន ។ បើ​អ្នក​ចង់​មាន​​លុយ​ច្រើន​ពិត​ប្រាកដ​មែន​នោះ អ្នក​គួរ​លើក​សំនួរ​មួយ​សួរ​ខ្លួន​ឯង​ដូច្នេះ​ថា “តើ​​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​មិន​អាច​​ឲ្យ​ខ្ញុំ​​​ក្លាយ​ជា​អ្នក​មាន​បាន? ឬ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ​​​​​ឆ្ពោះ​ទៅ​រក​ភាព​ភ្លឺស្វាង​បាន?”។ នៅ​ពេល​ណា​​ដែល​អ្នក​អាច​ស្វែង​យល់​ពី​​ភាព​បរាជ័យ​របស់​អ្នក​បាន​ច្បាស់លាស់ និង អាច​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​របស់​អ្នក​បាន នោះ​អ្នក​មាន​ន័យ​ថា អ្នក​កំពុង​បោះ​ជំហាន​បន្តិច​ម្តងៗ​ឆ្ពោះ​ទៅ​រក​វិថី​ក្លាយ​ជា​អ្នក​បាន​នៅ​ពេល​អនាគត៕

ប្រភព៖ kampucheapost

  • ​វិធី​ងាយៗ ​ធ្វើ​ឱ្យ​​​​​អ្នក​មាន​លុយ​​​ច្រើនទាំង​មិន​ដឹង​ខ្លួន!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: