តើគួររកស៊ីម្នាក់ឯង ឬមានដៃគូ?

ការចាប់ផ្ដើមអាជីវកម្មជារឿងមួយ ដែលយើងចាំបាច់ត្រូវធ្វើការសម្រេចចិត្ត ឲ្យបានច្បាស់លាស់មុននឹងដាក់ទុន។ លើសពីនេះទៀត ការចាប់ផ្ដើមអាជីវកម្មម្នាក់ឯង និងមានដៃគូ ក៏ជាសំណួរមួយ សម្រាប់សហគ្រិនគ្រប់រូប គួរពិចារណាឲ្យបានត្រឹមត្រូវ ជាមួយចក្ខុវិស័យផ្ទាល់ខ្លួន និងអ្នកដទៃថា តើ គោលដៅនាពេលខាងមុខ លោកអ្នកអាចសម្រេចបានរួមគ្នា ឬយ៉ាងណា ប្រសិនបើលោកអ្នកធ្វើអាជីវកម្មម្នាក់ឯង លោកអ្នកអាចបញ្ជាទិសដៅអាជីវកម្មបានជានិច្ច តែបើលោកអ្នកចាប់ដៃគូរកស៊ី វាអាចឲ្យអ្នកពង្រីកនូវសក្ដានុពលអាជីវកម្ម បានទំហំប៉ុណ្ណា។
តើគួររកស៊ីម្នាក់ឯង ឬមានដៃគូ?

បើអ្នករកស៊ីម្នាក់ឯង

១. ឯករាជ្យលើចក្ខុវិស័យជានិច្ច

នៅពេលដែលអ្នកសម្រេចចិត្តធ្វើម្ចាស់អាជីវកម្មតែម្នាក់ឯង ចក្ខុវិស័យនៃក្រុមហ៊ុនអ្នក នឹងមិនងាករេ ឬប្ដូរជំហរឡើយ ព្រោះថា ចក្ខុវិស័យខ្លាំងតែមួយគត់សម្រាប់ក្រុមហ៊ុនអ្នក នឹងចងជាប់អ្នក ជាមួយនឹងការងារ និងការប្ដេជ្ញាចិត្តប្រកបដោយជោគជ័យ។

២. បង្កើនផលិតភាព

ជាទូទៅការក្ដោបកា្ដប់ការងារម្នាក់ឯង អ្នកមិនអាចមើលគ្រប់ជ្រុងជ្រោយបាននោះទេ តែអ្នកអាចបង្កើនផលិតភាពបានច្រើន ពោលគឺ អ្នកមិនចាំបាច់ប្រមូលគំនិតពីអ្នកដទៃ អ្នកមិនបែកអារម្មណ៍ គឺផ្ដោតសំខាន់លើផលិតភាព និងដាក់ចិត្តធ្វើការងារដោយផ្ទាល់។ លើសពីនេះទៀត អ្នកមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិកមកធ្វើការ ដោយមិនចាំបាច់សួរយោបល់ ឬពិភាក្សានរណាម្នាក់ឡើយ។

៣. មានភាពងាយស្រួល និងងាយបត់បែន

ចំនុចពិសេសមួយទៀតនៃការចាប់ផ្តើមអាជីវកម្មម្នាក់ឯង អ្នកអាចកំណត់ពេលវេលាធ្វើការសម្រាប់ខ្លួនឯង និងការគ្រប់គ្រងចំណូលគ្មានព្រំដែន។ ការរកស៊ីម្នាក់ឯងក៏បង្រៀនអ្នកឲ្យចេះបត់បែន និងផ្ដល់ផលចំណេញ ដល់ទំនាក់ទំនងមនុស្សជុំវិញអ្នកផងដែរ។

បើអ្នករកស៊ីជាដៃគូ ឬក្រុម

១. បែងចែកហានិភ័យ

ហានិភ័យនៃការវិនិយោគរបស់អ្នក នឹងត្រូវបែងចែកទៅតាមចំនួនមនុស្សចូលហ៊ុន ដែលរាល់ហានិភ័យដែលអាចកើតមាន នឹងបែងចែកគ្នា នៅពេលដែលអាជីវកម្មដួលរលំ។ លើសពីនេះការរកស៊ី ជាដៃគូ ឬក្រុម​នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា វិថីនេះមិនមែនអ្នកដើរតែឯងនោះទេ ហើយនៅពេលដែលមានបញ្ហាកើតឡើងណាមួយ អ្នកអាចទទួលបានការពិភាក្សា និងគំនិតច្រើន ដើម្បីធ្វើការដោះស្រាយ។

២. បែងចែកជំនាញ

មនុស្សម្នាក់មិនអាចធ្វើការងារបានគ្រប់ជំនាញនោះទេ ឧទាហរណ៍ដូចជាបើកហាងកាហ្វេមួយអញ្ចឹង អ្នកអាចរកដៃគូដោយមានជំនាញផ្សេងគ្នា ដូចជាជំនាញឆុងកាហ្វេ គណនេយ្យ និងគ្រប់គ្រងជាដើម។ ជំនាញផ្សេងគ្នានីមួយៗ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បំពេញចន្លោះប្រហោងអាជីវកម្ម ដោយម្នាក់ៗអាចគ្រប់គ្រងនូវ ភារកិច្ចដែលខ្លួនត្រូវទទួលខុសត្រូវ ដោយច្បាស់លាស់ និងត្រឹមត្រូវ ដែលវាជាកត្តាធ្វើឱ្យអាជីវកម្ម មានភាពច្បាស់លាស់ទៅលើប្រភេទសេវាកម្មនីមួយៗ។

៣. ត្រួតពិនិត្យ និងថ្លឹងថ្លែង

ការធ្វើការងារជាក្រុម ពិតជាមានសក្ដានុពលខ្លាំង សម្រាប់អភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន​។ តួយ៉ាងដូចជាការរកស៊ីជាដៃគូ អ្នកមិនអាចធ្វើការសម្រេចចិត្តតែឯងបានទេ អ្នកត្រូវតែសួរមតិយោបល់ពីក្រុមជាមុនសិន បន្ទាប់មកត្រូវធ្វើការពិភាក្សាផ្ដល់គំនិត និងធ្វើការរិះគន់ វាយតម្លៃបន្ថែមពីលើ ដើម្បីជីកកកាយឬសគល់ និងស្វែងរកដំណោះស្រាយទាំងអស់គ្នា។

ជារួម គឺការរកស៊ីម្នាក់ឯង អ្នកអាចបង្កើនផលិតភាពការងារបានលឿន និងរហ័ស ព្រោះគ្មានអ្នកណាមកបង្អាក់ និងមិនចាំបាច់ពិភាក្សាឡើយ តែវាមានផលវិបានច្រើន ដែលលោកអ្នកគួររើសយកការស៊ីជាដៃគូវិញ ព្រោះសម្រាប់ការរកស៊ីជាដៃគូ អ្នកអាចដើរយឺតមែន តែអាជីវកម្មអ្នកអាចដើរបានយូរអង្វែង ព្រោះថាចំនុចខ្វះខាតទាំងប៉ុន្មាន នឹងត្រូវបានពិនិត្យគ្រប់ជ្រុងជ្រោយ និងដោះស្រាយរួមគ្នាបានយ៉ាងល្អ។

ជាចុងក្រោយនេះ សម្រាប់ប្រិយមិត្តអ្នកអាន ឬសហគ្រិន ដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មម្នាក់ឯង ឬជាដៃគូ គួរពិចារណាលើគំនិតដែលបានរៀបរាប់ខាងលើឲ្យបានត្រឹមត្រូវ និងច្បាស់លាស់៕

អត្ថបទដោយ៖ សាវ៉េត
ប្រភព៖ business-cambodia