ភាព​សំខាន់​នៃ​ការ​រៀបការ​សម្រាប់​ក្តី​ស្នេហ៍​កូនកំលោះ​កូនក្រមុំ​

ពិធីមង្គលការ គឺជា​ប្រពៃណី​ម្យ៉ាង​របស់​ជនជាតិខ្មែរ​យើង​ដែលមានការរៀបចំ​ឡើង​តាំងពី​សម័យបុរាណ ជា​ពិធី​ដែល​សម្តែង​ឱ្យឃើញពី​សេចក្តីស្នេហា​របស់​គូស្នេហ៍​ដែល​ធ្វើដំណើរ​មកដល់​ចំណុច​ទុំ​ជោរ និង​ត្រូវ​ការរស់នៅ​ជុំគ្នា តែ​ក្នុងពេល​បច្ចុប្បន្ន​មាន​គូស្នេហ៍​ជាច្រើន​គូ​បានផ្តល់​ភាព​សំខាន់​ទៅលើ​ពិធីមង្គលការ​កាន់តែ​តិចទៅៗហើយ អាច​បណ្តាលមកពី​ហេតុផល​ជាច្រើន រួមទាំង​ស្ថានភាព​សេដ្ឋកិច្ច​ដូចពេលបច្ចុប្បន្ន​នេះ ដែល​ការ​ចំណាយ​ផ្សេងៗ​ហាក់​ដូច​ជា​​ខ្ពស់​ឡើង​ផងដែរ។

​​ការរៀប​មង្គលការ ពេលខ្លះ​ក៏​នឹងត្រូវ​មាន​ថ្លៃ​ចាយវាយផ្សេងៗច្រើនគួរសម រួមទាំង​ពេលវេលា​ដែលប្រញាប់ៗដែល​មនុស្សម្នាក់ៗប្រជែងគ្នា​ក្នុង​ការធ្វើការងារ​ផង​នោះ ទើប​ធ្វើឱ្យ​គូស្នេហ៍​ជាច្រើន​គូ​អាច​នឹង​ប្រើវិធី​ផ្លូវ​កាត់ ដោយ​គ្រាន់តែ​ធ្វើ​ពិធីសែនព្រេន​បន្តិចបន្តួច និង​ចុះ​អេ​តា​ស៊ីវិល​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា​តែម្តង ដើម្បី​ជាការ​កាត់ថ្លៃ​ចំណាយ​ក្នុង​ផ្នែកនោះ​ចេញ តែ​ក៏​នៅមាន​ជាច្រើន​គូ​ទៀត​ដែរ ដែល​នៅតែ​ប្រកាន់ខ្ជាប់​នូវទំនៀមទម្លាប់​ប្រពៃណី​ពី​ដើម និង​មាន​ប្រាក់កាស​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដែល​អាច​នឹង​សាមញ្ញ​ធម្មតា ឬ​ទំនើប​ទាន់សម័យក៏មាន ហើយ​សម្រាប់​ភាព​សំខាន់​របស់​ពិធីមង្គលការ​វិញ​នោះ យើងអាច​ល្មម​នឹង​សរុប​បាន​ដូចតទៅ​នេះ ៖
ភាព​សំខាន់​នៃ​ការ​រៀបការ​សម្រាប់​ក្តី​ស្នេហ៍​កូនកំលោះ​កូនក្រមុំ​
១ – ជាការ​បង្ហាញឱ្យឃើញ​ពី​សេចក្តីស្នេហា​ដែល​ខាង​ប្រុស​មាន​ចំពោះ​ខាង​ស្រី និង​ចង់​ធ្វើឱ្យ​អ្វី​គ្រប់យ៉ាង​ត្រឹមត្រូវ​ទៅតាម​បែបផែន​ប្រពៃណី​ពី​បុរាណ​ដែល​បានធ្វើតៗគ្នា​មក រួមទាំង​ពេលខ្លះ​ក៏​នឹងមាន​ការចុះអេ​តា​ស៊ីវិល​ជាមួយគ្នា​ក្នុង​ថ្ងៃ​រៀប​មង្គលការ​នោះ​តែម្តង អាច​និយាយបាន​ថា ជា​ការចង់​ធ្វើឱ្យ​ត្រឹមត្រូវ​ទាំង​តាមបែប​ប្រពៃណី និង​ផ្លូវច្បាប់​តែម្តង ដើម្បី​ជា​សិរី​មង្គល​នៃ​ការចាប់ផ្តើម​ការរស់នៅ​ជា​ជីវិត​គូ។

២ – ជា​ការជួយ​អភិរក្ស និង​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណីល្អៗរបស់ជនជាតិខ្មែរ​យើង​ដែល​បានធ្វើតៗគ្នា​មកឱ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​រហូតទៅ​ផងដែរ។

៣ – ជា​ប្រពៃណី​ដែល​ប្រៀបដូចជា​ការសម្តែង​នូវ​ក្តី​អំណរ​អរគុណ និង​ដឹងគុណ​ដល់​មាតាបិតា និង​ចាស់ទុំ​ដែល​បាន​អប់រំ​ចិញ្ចឹម​មើលថែទាំ​មក​តាំងពី​តូចក្រូចឆ្មារ​មក។

៤ – ជាការ​ប្រកាស​ឱ្យ​មនុស្សម្នា​ទូទៅ ឬ​អ្នក​ជិតដិត សាច់ញាតិ​បងប្អូន សម្លាញ់​ជិតស្និទ្ធ និង​មិត្តភក្តិ​ទាំងអស់​បានដឹង​អំពី​ការប្រកាស​ជាផ្លូវការ​ក្នុងការ​រស់នៅ​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា​របស់​កូនកំលោះ​និង​កូនក្រមុំ។

៥ – ជា​ពិធី​ដែល​ធ្វើឱ្យ​ខាង​ស្រី​មាន​អារម្មណ៍​មោទនភាព​ចំពោះ​ខាងប្រុស និង​ត្រៀម​រួចជាស្រេច​ក្នុងការ​ផ្ញើ​ជីវិត​លើ​ស្វាមី ព្រោះ​ពិធីមង្គលការសម្រាប់​ស្ត្រី អាច​និយាយបានថា ជា​ពិធី​ដ៏​សំខាន់​មួយ​នៅក្នុង​ឆាកជីវិត។

៦ – ជា​ចំណងដៃ​នៃ​សេចក្តីស្នេហា​ដ៏​​សោះ​​ស្ម័គ្រ​​របស់​​កូន​កំលោះ ​និង​​កូន​ក្រមុំ​​ដែល​មាន​​ចំពោះ​​គ្នា ​ព្រមទាំង​ជា​ខ្សែចំណង​ចងរឹត​ពួកគេទាំងពីរ​ឱ្យនៅតែ​ចងចាំ​ពី​ការពុះពារ​របស់​ពួកគេ​នៅក្នុង​សេចក្តីស្នេហាមួយ​នេះ​រហូត​ឈានដល់​ថ្ងៃ​រៀបការ ហើយ​ការ​រៀបការ​យ៉ាង​ត្រឹមត្រូវទៅតាម​ផ្លូវច្បាប់ និង​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​នេះ ក៏​ជា​ផ្នែក​មួយជួយ​ឱ្យ​ពួកគេ​ទាំងពីរ​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង​ផងដែរ។ ការរៀបចំ​ពិធី​រៀប​មង្គលការ​នៅ​អាច​ចាត់ទុកថា ជា​ពិធី​ដែល​គួរតែមាន​សម្រាប់​កំលោះ​ក្រមុំ​ដែល​កំពុង​គិត​ចង់​រស់នៅ​ជាមួយគ្នា​ទៀតផង ព្រោះ​ជា​ពិធី​ដែល​ប្រៀបដូចជា​ការសម្តែង​នូវ​ក្តី​ដឹងគុណ​ចំពោះ​មាតាបិតា​ដែល​បាន​ចិញ្ចឹម​ថែទាំ​អប់រំ​ប្រៀនប្រដៅ​តាំងពី​តូច​រហូតដល់​ធំដឹងក្តី​ដូច​សព្វថ្ងៃ និង​ថែមទាំង​ជា​ពិធី​ដែល​ប្រៀបដូចជា​ការអភិរក្សទំនៀមទម្លាប់​ប្រពៃណី​ដែល​ល្អ​ឱ្យ​គង់នៅ​ទៀតផង៕
ពិធីចូលម្លប់របស់ប្រពៃណីខ្មែរមិនទាន់បាត់បង់នៅឡើយទេ

ប្រភព៖ lareine

  • ភាព​សំខាន់​នៃ​ការ​រៀបការ​សម្រាប់​ក្តី​ស្នេហ៍​កូនកំលោះ​កូនក្រមុំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: