​ដាំ​​គល់​ស្លឹកគ្រៃ​បញ្ច្រាស​ដើម្បី​ឃាត់​មេឃ​កុំ​ឲ្យ​​ភ្លៀង

ជំនឿ៖ “ដាំ​​គល់​ស្លឹកគ្រៃ​បញ្ច្រាស​ដើម្បី​ឃាត់​មេឃ​កុំ​ឲ្យ​​ភ្លៀង” គឺជាអប្បិយជំនឿ​មួយ ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ និង​ជឿ​ថា មាន​ប្រសិទ្ធភាព​នៅ​ពេល​មាន​រៀបចំ​កម្ម​វិធី​បុណ្យទាន​ ឬ​ក៏​រៀប​ចំពិធី​មង្គល​ការ​ជា​ដើម ដោយ​ពួក​គេ​ខ្លាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​ថ្ងៃ​នោះ​ ពួក​គេ​តែង​តែ​ឲ្យ​កូន​កំលោះ​ពីរ​នាក់​កូន​ក្រមុំ​ យក​គល់​ស្លឹកគ្រៃ​ទៅ​កប់​ដី រួច​ដាក់​គល់​វា​បញ្ច្រាស​ឡើង​​លើ ឬ​ហៅ​ថា ដាំ​គល់​​ស្លឹក​គ្រៃ​ឡើង​លើ បន្ទាប់​មក​សូម​ឲ្យ​អ្នក​ទាំង​ពីរ​បួង​សួង​សុំ​ទឹក​សុំ​ដី កុំ​ឲ្យ​មេឃ​ភ្លៀង​ក្នុង​កម្ម​វិធី​របស់​ពួក​គេ​នោះ​។
វិធី​បួងសួង​ដោយ​កូន​កំលោះ​កូន​ក្រមុំ​ទៅ​ដាំ​គល់​ស្លឹកគ្រៃ​ឡើង​លើ​នេះ ជា​អប្បិយជំនឿ​មួយ​ដែល​ប្រជាពលរដ្ឋ​នៃ​ស្រុក​ខេត្ត​មួយ​ចំនួន​តែងតែ​ធ្វើ ជា​ពិសេស​កម្ម​វិធី​របស់​ពួក​គេ​ក្នុង​រដូវ​វស្សា​បែប​នេះ ហើយ​វិធី​សន្មត​យក​គល់​ស្លឹកគ្រៃ​ទៅ​ដាំ​ឡើង​លើ​នេះ គឺ​ពួក​គេ​មួយ​ចំនួន​បាន​ធ្វើ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព សក្ដិសិទ្ធិ​តែ​ម្ដង ដោយ​ក្នុង​ថ្ងៃ​កម្ម​វិធី​របស់​ពួក​គេ​នោះ​ មិន​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​រំខាន​ដល់​ភ្ញៀវ​​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​របស់​ពួក​គេ​ឡើយ​។​
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពិធី​ដាំ​គល់​ស្លឹកគ្រៃ​ឡើង​លើ​នេះ ក៏​មិន​អាច​ធានា​ថា សក្ដិសិទ្ធិ ១០០ ភាគរយ ហើយ​អាច​ទប់​មេឃ​ទប់​ដី មិន​ឲ្យ​ភ្លៀង​ធ្លាក់​តាម​ការ​បន់ស្រន់​របស់​កូន​ក្រមុំ​កូន​កំលោះ​នោះ​បាន​ដែរ​។
ជាក់​ស្ដែង​កម្ម​វិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្ត​កំពត កាល​ចុង​ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ដោយ​ពួក​គេ​ជឿ​ទៅ​លើ​ការ​ដាំ​គល់​ស្លឹកគ្រៃ​ឡើង​លើ ហើយ​ពួក​គេ​បួងសួង​សូម​កុំ​ឲ្យ​មេឃ​ថ្ងៃ​នោះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្ម​វិធី​របស់​ពួក​គេ​ផង​ដែរ តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក្រោយ​ពី​ការ​បួងសួង​របស់​កូន​ប្រុស​កូន​ស្រី ស្រាប់​តែ​មេឃ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ហើយ​ភ្លៀង​ដូច​ខឹង​ពី​ពេល​ណា​មក​ផង​ដែរ​។ អ្វី​ដែល​កាន់​តែ​ជាក់​ស្ដែង​នោះ ត្រង់​ថា ពេល​ណា​មិន​ព្រម​ភ្លៀង គឺ​ភ្លៀង​ស្រប​ពេល​ដែល​ចាប់​ផ្ដើម​ទទួល​ភ្ញៀវ​បាន​ត្រឹម​តែ​៤-៥ តុ បណ្ដាល​ឲ្យ​អ្នក​ខ្លះ​រក​កន្លែង​ជ្រក​មិនទាន់​ ក៏​បាន​ទទឹក​ជោក​ផង​ដែរ​។
ចុះ​មិត្ត​អ្នក​អាន​វិញ ធ្លាប់​បាន​ឮ ឬ​ធ្លាប់​បាន​ឃើញ​គេ​ប្រើ​វិធី​នេះ ដើម្បី​សុំ​កុំ​ភ្លៀង​ទេ​? ហើយ​ប្រាកដ​ជា​អត់​ភ្លៀង​មែន​ឬ​អី​? សូម​ជួយ​ចែករំលែក​ដល់ Kqube.Net  ផង​៕
ប្រភព៖news.kqube
  • ​ដាំ​​គល់​ស្លឹកគ្រៃ​បញ្ច្រាស​ដើម្បី​ឃាត់​មេឃ​កុំ​ឲ្យ​​ភ្លៀង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: