Ibrahimovic និយាយថា​នឹង​ចាក​ចេញពី PSG រដូវ​កាល​ក្រោយ

កីឡាករ Zlatan Ibrahimovic បាន​និយាយថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ រូបគេ​នឹង​ចាក​ចេញពី Paris St Germain នា​ចប់​រដូវ​កាល​នេះ ដោយនិយាយ​បែប​កំប្លែង​ថា រូបគេ​អាច​នៅ​បន្តបាន លុះត្រាតែ​ក្លិប ប្តូរ​ទូល Eiffel ចេញ​ដាក់​រូបសំណាក​គេ​ជំនួស​វិញ។

ibrahimovicកីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​សួរ​សំនួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​អនាគត​របស់​រូបគេ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី ៤ គ្រាប់ ខណៈ​ក្រុម​របស់លោក Laurent Blanc នេះ​បាន​បំបាក់​ក្រុម Troyes ៩-០ ឈ្នះជាប់ៗគ្នា ៤ប្រកួត​ក្នុង​លី​ក​បារាំង Ligue 1 ខណៈ​នៅសល់តែ ៨ ប្រកួត​ទៀត​ប៉ុណ្ណោះ។

លោក Nasser al-Khelaiifi ប្រធាន​ក្លិប PSG បាន​និយាយ បន្ទាប់ពី​ការប្រកួត​នោះ​ថា រូបលោក​នៅតែ​សង្ឃឹម ក្នុងការ​រក្សាទុក​កីឡាករ​អន្តរជាតិ​ស៊ុយ​អ៊ែត​នេះ ដែល​កុងត្រា​លេង​របស់គេ នឹង​អស់​នា​បញ្ចប់​រដូវ​កាល​នេះ។ ប៉ុន្តែ សម្រាប់ Ibrahimovic ដែលមាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​ជាមួយ​ក្លិប​ជា​ច្រើ​នោះ រួមទាំង Manchester United កំពុង​សម្លឹងមើល​ការចាកចេញ​ពី​កីឡដ្ឋាន Parc des Princes មួយ​នេះ។

Ibrahimovic និយាយថា «ខ្ញុំ​តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយនិង​អ្នកគាំទ្រ។ ជាមួយ​ក្លិប ពួកគេ​តែងតែ​មើលថែរក្សា​ខ្ញុំ។ ខ្ញុំ​តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​គ្រប់គ្នា។ នោះ​គឺ​គ្មាន​ជា​បញ្ហា​ទេ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន ខ្ញុំ​នឹងមិន​នៅ PSG រដូវ​កាល​ក្រោយ​ទេ។ ខ្ញុំ​មាន​ពេល ១ខែ​កន្លះ​ទៀត សម្រាប់​កុងត្រា​របស់ខ្ញុំ​នៅទីនេះ។ ខ្ញុំ​នឹងធ្វើ​ឲ្យ​រីករាយ ពេល​ខ្ញុំ​នៅទីនេះ។ អ្វីដែល​កើតឡើង​នៅ​ឆ្នាំក្រោយ ខ្ញុំ​មិនទាន់​ដឹង​ទេ ប៉ុន្តែ ឥឡូវ​ហ្នឹង ខ្ញុំ​នឹងមិន​នៅទីនេះ​ទៀត​ទេ»៕