រឿងក្ដី​ញុះញង់​ឲ្យ​រើសអើង​ស្អប់​ជាតិ​សាសនា ចៅក្រម​ឲ្យ​ចាប់ខ្លួន​ក៏​ស្ងាត់ ដោះលែង​ក៏​ស្ងាត់ !

រឿងក្ដី​ញុះញង់​ឲ្យ​រើសអើង​ស្អប់​ជាតិ​សាសនា ចៅក្រម​ឲ្យ​ចាប់ខ្លួន​ក៏​ស្ងាត់ ដោះលែង​ក៏​ស្ងាត់ !



ភ្នំពេញ ៖ សេចក្ដីរាយការណ៍​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០​១​៦ នេះ លោក ហេង កេស​រោ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះលែង​ស្ត្រី​ម្នា​ក់​ឲ្យ​ចេញពី​ពន្ធនាគារ​ព្រៃ​ស​វិញ​ស្ងាត់ៗ ក្រោយពី​លោក​ចៅក្រម​បានសម្រេច​ឃុំខ្លួន​បានតែ​រយៈ​ពេ​ល​២​ថ្ងៃ​ប៉ុណ្ណោះ។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​លោក​ចៅក្រម ហេង កេស​រោ​ សម្រេច​ដោះលែង​វិញ​នោះ ​ឈ្មោះ ទេព ថា​វី អាយុ​៤៧​ឆ្នាំ អាសយដ្ឋាន​មុន​ពេល​ចាប់​ខ្លួន​មាន​ផ្ទះ​លេខ​៨១២ ផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ប្ដី​ឈ្មោះ ទូច រិទ្ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើ​ស​អើង ស្អប់​ជាតិ​សាសនា និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ក្រុងភ្នំពេញ កាលពី​អំឡុង​ខែមេសា ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៥ តាម​មាត្រា ៣០៥ និង​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

សូម​បញ្ជាក់​ថា ​ស្ត្រី​ ឈ្មោះ ទេព ថា​វី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក​ចៅក្រម ហេង កេស​រោ។​

បន្ទាប់ពី​ចាប់ខ្លួន​ភ្លាម ជនជាប់ចោទ​ត្រូវ​គេ​បញ្ជូន​មក​តុលាការ​ភ្លាម​តែម្ដង ហើយក៏​ត្រូវ​លោក​ចៅក្រម ហេង កេស​រោ​ ចេញ​ដីកាឃុំខ្លួន​ភ្លាម​នៅ​ពន្ធនាគារ​ព្រៃ​ស។ រឿងក្ដី​នេះ​តុលាការ​ចាត់ការ​លឿន​ដូច​ផ្លេ​ក​បន្ទោរ តែមួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​គេ​ឃុំខ្លួន​ លោកស្រី ទេព ថា​វី​ភ្លាម ហើយ​បាន​បញ្ជូន​ទៅដល់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែមីនា​តែម្ដង។ តែ​មិន​នឹក​ស្មាន​ថា ​ការ​ឃុំខ្លួន​ លោកស្រី ទេព ថា​វី បានតែ​២​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​លោក​ចៅក្រម ហេង កេស​រោ សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​វិញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែមីនា​នេះ។​

លោក ចៅក្រម ហេង កេស​រោ មិនអាច​សុំ​សេចក្ដី​បំភ្លឺ​បានទេ នៅក្នុង​ករណី​ឃុំខ្លួន​ជនជាប់ចោទ​បទ​ញុះញង់​ឲ្យ​រើសអើង​ស្អប់​ជាតិ​សាសនា ហើយ​ដោះលែង​វិញ​ស្ងាត់ៗ​នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​អ​ត់​មាន​អ្នក​លើក​ទទួល៕