សមត្ថកិច្ច​ចម្រុះ​ជិត​៤០០០​នាក់ ​នឹង​ពង្រាយ​កម្លាំង ​ដើម្បី​ការពារ​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ នៅក្នុង​ឱ​កាស​ចូលឆ្នាំ​ខ្មែរ​

សមត្ថកិច្ច​ចម្រុះ​ជិត​៤០០០​នាក់ ​នឹង​ពង្រាយ​កម្លាំង ​ដើម្បី​ការពារ​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ នៅក្នុង​ឱ​កាស​ចូលឆ្នាំ​ខ្មែរ​



​ភ្នំពេញ ​៖ កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​សរុប​ជិត​៤.០០០​នាក់​នឹង​ត្រូវ​ពង្រាយ​នៅ​តាម​គោល​សំខាន់ៗ​មាន​ដូចជា ទី​វត្ត​អារាម រមណីយដ្ឋាន សួន​កម្សាន្ត ជាដើម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ផ្នែក​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

នេះ​បើ​តាម​ការ​លើក​ឡើងជា​ផែនការ​ក្នុង​កិច្ចប្រជុំ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ដោយ​បាន​កោះហៅ​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​មន្ទីរ​អង្គភាព ដើម្បី​ប្រាប់​ពី​ការ​ត្រៀម​លក្ខណៈ​ចូលរួម​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​ពាក់កណ្ដាល​ខែមេសា​ខាងមុខ​។​

លោកនាយ​ឧត្តមសេនីយ៍​ឯក ជួន សុវណ្ណ បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​សរុប​ទាំងនោះ​នឹង​ត្រូវ​ដាក់​ព​ង្រា​យ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាជន និង​ទេសចរ នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល មុន និង​ក្រោយពេល​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

លោកនាយ​ឧត្តមសេនីយ៍​ឯក​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នឹង​ចូលរួម​ពិធីបុណ្យ​តាម​ប្រពៃ​ណី​នេះ​នៅ​តាម​ទីវត្ត​អារាម​ចំនួន​៣៣ ក្នុងចំណោម​គោលដៅ​វត្ត​ចំនួន​១៤៩​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក​ ជួន សុវណ្ណ បាន​បញ្ជាក់​ថា ក្នុង​គោលដៅ​ដែល​ត្រូវ​ថ្នាក់ដឹកនាំ​ចូលរួម​នោះ​នឹង​ត្រូវ​ដាក់​ពង្រា​យ​កម្លាំង​នគរបាល​តាម​ខណ្ឌ​ចំនួន ២៨០ និង​កងរាជអាវុធហត្ថ​ចំនួន​៥៦៥​នាក់ ព្រមទាំង​មាន​កម្លាំង​ប្រជា​ការពារ ដោយ​ធ្វើការ​ប្ដូរ​វេន​គ្នា​តាម​ជំនាញ​។ ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​ក៏​នឹង​ត្រូវ​ចូលរួម​នៅ​តា​ម​គោលដៅ​កម្សាន្ត​ចំនួន​១៥​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។​

លោក ប៉ា សុជាតិ​វង្ស បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​ខណ្ឌ​ផ្សព្វផ្សាយ​គម្រោង​នេះ​ដល់​កងកម្លាំង​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ ក៏​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងស្មារតី ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏ដូចជា​សហគមន៍​ដែល​ខ្លួន​រស់នៅ​។ លោក​អភិបាល​មានប្រសាសន៍ថា យើង​ត្រូវ​បំផុស​ឲ្យ​កងកម្លាំង​ការពារ និង​ប្រជាពលរដ្ឋ រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​រាល់​សកម្មភាព​បទល្មើស គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ អគ្គិ​ភ័​យ និង​បាតុភាព​អសកម្ម​នានា ដែល​កើតឡើង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំនេះ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា វេលា​ម៉ោង​២០​គត់ ដែល​ជា​ការ​ប្ដូរ​វេន​ពី​មមែ ចូល​ឆ្នាំវក តាម​ដំណើរ​ចន្ទគតិ​។​
បណ្ដា​ឆ្នាំ​កន្លង​មក ប្រជាជន​ខ្មែរ​តែង​ធ្វើ​ពិធី​អបអរ​ចូល​ឆ្នាំ​ថ្មី​នេះ​ មាន​រយៈពេល​៣​ថ្ងៃ​។ ប៉ុន្តែ​ឆ្នាំនេះ ត្រូ​វ​ប្រារព្ធ​ធ្វើ​រយៈពេល​៤​ថ្ងៃ ដោយ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃ​១៣ មេសា វេលា​ម៉ោង​២០​ជា​ថ្ងៃ​ចូលឆ្នាំ​។ ថ្ងៃទី​២ និ​ង​ថ្ងៃទី​៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៥ មេសា ជា​ថ្ងៃ​វារៈ​វ័ន​បទ និង​ថ្ងៃទី​៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មេសា ជា​ថ្ងៃ​វារៈ​ឡើងស័ក​៕​

សមត្ថកិច្ច​ចម្រុះ​ជិត​៤០០០​នាក់ ​នឹង​ពង្រាយ​កម្លាំង ​ដើម្បី​ការពារ​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ នៅក្នុង​ឱ​កាស​ចូលឆ្នាំ​ខ្មែរ​

សមត្ថកិច្ច​ចម្រុះ​ជិត​៤០០០​នាក់ ​នឹង​ពង្រាយ​កម្លាំង ​ដើម្បី​ការពារ​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ នៅក្នុង​ឱ​កាស​ចូលឆ្នាំ​ខ្មែរ​