ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​ពាណិជ្ជករ​-​អាជីវករ​កម្ពុជា​ចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម នៅ​ប្រទេស​ចិន

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​ពាណិជ្ជករ​-​អាជីវករ​កម្ពុជា​ចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម នៅ​ប្រទេស​ចិន



ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​អំពាវនាវ​ដល់​ពាណិជ្ជករ អាជីវករ ម្ចាស់​ក្រុមហ៊ុន សហ​គ្រាស​នៅ​កម្ពុជា ឲ្យ​ចូលរួម​តាំង​ពិព័រណ៍ បង្ហាញ​ផលិតផល ​នៅ​ក្នុង​ពិព័រណ៍​នៅ​ប្រទេស​ចិន​នា​ខែមិថុនា​ខាងមុខនេះ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​កាលពី​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា​ក្រសួងពាណិជ្ជកម្ម​នឹង​ចូលរួម​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម នៅ​ខេត្ត​យូ​ណាន់ ប្រទេស​ចិន រយៈពេល​៦​ថ្ងៃ នៅ​ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ​។

ពិព័រណ៍​ពាណិជ្ជ កម្ម​ចិន​-​អាស៊ី ខាងត្បូង​លើក​ទី​៤ និង​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​នាំចេញ​-​នាំចូល​គុន​មិញ​លើក​ទី​២៤ ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន​សហការ​ជាមួយ​ខេត្ត​យូ​ណាន់​នៅ​ទីក្រុង​គុន​មិញ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២-១៧ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខ។

បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ទៀតថា ពិព័រណ៍​នេះ​នឹងមាន​ការចូលរួម​ពី​បណ្តា​ក្រុមហ៊ុន និង​សហគ្រាស​នានា ដែល​មកពី​បណ្តា ប្រទេស​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ភូមិ​អាស៊ី​ខាងត្បូង ព្រមទាំង​បណ្ដា​ប្រទេស​លើ​ពិភពលោក​ជាច្រើន ដើម្បី​បង្ហាញ​នូវ​ផលិតផល​ចម្រុះ រួមមាន​សេវាកម្ម និង​គម្រោង​វិនិយោគ​ជាច្រើន​ផ្សេងទៀត។

ដូចនេះ​ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ដេ​ល​មានបំណង​ចូលរួម​ពិព័រណ៍​ផ្សព្វផ្សាយ​ផលិតផល ឬ​ស្វែងរក ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ពិព័រណ៍ ឲ្យ​ទាក់​ទាក់ទង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​ចាប់ ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦៕