តុលាការ​ផ្ដន្ទាទោស​ យុវជន​បង្ហោះ​ហ្វេសប៊ុក​ពី​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ

តុលាការ​ផ្ដន្ទាទោស​ យុវជន​បង្ហោះ​ហ្វេសប៊ុក​ពី​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ



ភ្នំពេញ​ ៖​ ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​មីនា ឆ្នាំ​២០១៦​ សំណុំរឿង​យុវជន​ម្នាក់​ជា​និស្សិត នៃ​សកល​វិទ្យាល័យ​ខេមរៈ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ ទៅលើ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា ត្រូវ​តុលាការ​ក្រុងភ្នំពេញ លើក​យក​មក​ប្រកាស​សាលក្រម ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​រយៈពេល​១៨​ខែ និង​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

ជន​ជាប់ចោទ​ឈ្មោះ​គង់ រ៉ៃ​យ៉ា ​ភេទ​ប្រុស ​អាយុ​២៥ ​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ ខេមរៈ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​ទី​១។

លោក​ហេង សុខ​ណា ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​ទៅ​លើ​យុវជន​ឈ្មោះ​គង់ រ៉ៃ​យ៉ា ​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ ៦​ខែ ដោយ​មិន​មាន​ពិន័យ​ជា​ប្រាក់​ឡើយ។

សូម​បញ្ជាក់​ថា ​យុវជន​រូប​នេះ ​ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បទបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​ពេល​សវនាការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​ កន្លង​ទៅ ​យុវជន​ឈ្មោះ​គង់ រ៉ៃ​យ៉ា​ បាន​ឆ្លើយ​សារភាព​ប្រាប់​អង្គ​សវនាការ​ថា ខ្លួន​មាន​Account ហ្វេ​ស​ប៊ុ​ក​ចំនួន​៣​ ហើយ​នៅ​ថ្ងៃ​ដែល​ខ្លួន​សរសេរ​ខ្លឹមសារ​បដិវត្តន៍​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​គឺ បន្ទាប់ពី​ខ្លួន​បាន សួរ​គ្រូ​របស់​ខ្លួន​អំពី​និយមន័យ ពាក្យ​ថា បដិវត្តន៍​ពណ៌​រួច​ ខ្លួន​ក៏​សរសេរ​បង្ហោះ ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ភ្លាមៗ​តែ​ម្ដង។

យុវជន គង់ រ៉ៃ​យ៉ា បន្តថា ក្នុងអំឡុង​ពេលដែល​ខ្លួន​បាន​ជាប់ពន្ធនាគារ​អស់​ប៉ុន្មាន​ខែ​នេះ ខ្លួន​ព្រម​ទទួលស្គាល់​កំហុស​ឆ្គង​មួយ​នេះ ដែល​រូបគេ​បាន​បង្ហោះ សូម​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ពណ៌ លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា​បែបនេះ​​ ហើយ​ខ្លួន​ក៏​មិនបាន​ដឹងថា ការ​បង្ហោះ​ពាក្យ​ថា បដិវត្តន៍​ពណ៌​បែបនេះ វា​អាច​ប៉ះពាល់​ដល់ សន្តិសុខ​ជាតិ​បែបនេះ​នោះទេ​។​

សូមបញ្ជាក់ថា យុវជន​រូបនេះ​នេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់ខ្លួន Account ឈ្មោះ សូ​រី​យា កូ​កូ នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយមាន​ខ្លឹមសារ​ដូច្នេះ​ថា (​តើ មាន អ្នក​ ណា​ហ៊ាន ធ្វើ បដិវត្តន៍ ពណ៌ ជាមួយ ខ្ញុំ ទេ​? ថ្ងៃ ណាមួយ នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ នឹង ធ្វើ បដិវត្តន៍ ​ពណ៌​ដើម្បី ផ្លាស់ប្តូរ របប​ដ៏​ថោកទាប​មួយ​នេះ​ចេញពី​សង្គម ខ្មែរ​ទោះបីជា​ត្រូវ ជាប់គុក ឬ ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ)។

គង់ រ៉ៃ​យ៉ា បាន​ប្រាប់​អ្នកកាសែត​ថា ខ្លួន​​មិន​ដឹង​ថា​​​ត្រូវ​ប្ដឹង​ឧទ្ធរណ៍ ឬ​មិន​ប្ដឹង​ទេ ព្រោះ​ត្រូវ​ពិគ្រោះ​ជាមួយ​មេធាវី​សិន៕