ស្រវឹង​ស្រា​ស្រឿង​ៗ​ទះកំផ្លៀង​ប្រពន្ធ​គេ​២​ដៃ​បែក​ឈាម ​ត្រូវ​ប្ដី​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​នគរបាល

ស្រវឹង​ស្រា​ស្រឿង​ៗ​ទះកំផ្លៀង​ប្រពន្ធ​គេ​២​ដៃ​បែក​ឈាម ​ត្រូវ​ប្ដី​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​នគរបាល



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ប្ដី​ជនរងគ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ដោយសារ​បុរស​ម្នាក់​នេះ​បាន​ទះកំផ្លៀង​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់​ផ្ទប់​នឹង​ជញ្ជាំង​ថ្ម​បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​ ដោយ​គ្រាន់តែ​ទាស់​ពាក្យសម្ដី​គ្នា​រឿង ជន​ដៃ​ដល់​សួររក​សង្សារ​ខ្លួន ​ហើយ​ត្រូវ​ស្ត្រី​ជា​ជនរងគ្រោះ​ថា​មិនដែល​ស្គាល់​ទេ ​ក៏​មាន​ទំនាស់​នឹង​គ្នា​ឈាន​ដល់​ការ​វាយ​គ្នា​បែបនេះ​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​ជួល ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ។

ជន​សង្ស័យ ​ដែល​ត្រូវ​ឃាត់​ខ្លួន​ មាន​ឈ្មោះ​សេង​ ផានិត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ​ខុន ស៊ា​ង​លី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ជាមួយគ្នា។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​បាន​កាន់​អីវ៉ាន់​ក្នុង​គោលបំណង​ថា​នឹង​យក​មក​ឲ្យ​សង្សារ​ខ្លួន។ នៅ​ពេល​មកដល់​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា​មាន​ឃើញ​សង្សារ​ខ្ញុំ​អត់ តែ​ត្រូវ​ជនរងគ្រោះ​បាន​ឆ្លើយតប​វិញ​ថា​មិនបាន​ស្គាល់​សង្សារ​មួយ​ណា​ទេ។ ដោយ​អំណាច​ស្រា​ក្នុង​ខ្លួន​រួមផ្សំ​នឹង​នឹង​ចរិត​មនុស្ស​និយាយ​គ្មាន​ហេតុផល​ផង​នោះ​ក៏បាន​ទាក់​ពាក្យសម្ដី​គ្នា ហើយ​ឈាន​ទៅដល់​ការ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ទីបំផុត​ជន​ដៃដល់​បាន​ទះកំផ្លៀង​ទៅលើ​ជនរងគ្រោះ​ចំនួន​ពីរ​ដៃ​ ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បេតុង​បណ្ដាល​ឲ្យ​របួស​ក្បាល​ចេញឈាម​ តែ​ស្ថានភាព​របួស​មិន​ធ្ងន់ធ្ងរ​ទេ។

ប្រភព​បន្ត​ថា​ ​ដោយ​​ឃើញ​គេ​វាយ​ប្រពន្ធ​ខ្លួន​បែប​នេះ ​បុរស​ជា​ប្ដី​មិន​បាន​វាយ​តបត​ទេ​ ដោយ​គិត​ថា​ ជន​ដៃដល់​ជា​មនុស្ស​ស្រវឹង​ស្រា​សុខចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជន​ដៃដល់​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​​ផ្លូវ​ច្បាប់ ហើយ​សមត្ថកិច្ច​ក៏បាន​មក​ឃាត់​ខ្លួន​ ​កសាង​ឯកសារ​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕