លោក​អាចារ្យ​ឌុប​ប្រពន្ធ​មកពី​ការ​បងប្អូន​ ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ដៃ​ម្ខាង

លោក​អាចារ្យ​ឌុប​ប្រពន្ធ​មកពី​ការ​បងប្អូន​ ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ដៃ​ម្ខាង



ភ្នំពេញ​ ៖ ​បុរស​ជា​អាចារ្យ​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ ខណៈ​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ពី​ការ​បងប្អូន​នៅ​ឯ​ខេត្ត​តាកែវ​វិញ​ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយសារ​ភាគី​ម្ខាង​ទៀត​នោះ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ ហើយ​បុក​រះ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​ពីរ​នាក់​ ក្នុង​នោះ​លោក​អាចារ្យ​បាន​រង​របួស​បាក់​ដៃ​ស្ដាំ​ម្ខាង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ​ភូមិ​ព្រៃ​កំបុត ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ។

ជនរងគ្រោះ​ឈ្មោះ​ឃិន សំ​ហ៊​ន​ ភេទ​ប្រុស ​មាន​អាយុ​៤២​ មុខរបរ​ជា​អាចារ្យ​ ស្នាក់នៅ​វេទិកា​នៅមុខ​ព្រះបរមរាជវាំង​ ​​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍ធំ ឃុំ​ពោធិ​អង្ក្រង​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ និង​​ឌុប​​ប្រពន្ធ​ឈ្មោះ​គង់ សុ​ភណ្ឌ​ អាយុ​៣៥​រស់នៅ​ជាមួយ​ស្វាមី​ ​មាន​ស្រុកកំណើត​​​ជាមួយគ្នា។ ចំណែក​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ​សេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AI0527​ បើកបរ​ពី​ជើង​ទៅ​ត្បូង ​ជិះ​ម្នាក់ឯង ​ដោយ​ស្ថានភាព​ស្រវឹង ​ហើយ​បើក​បញ្ច្រាស​ទិស​ចរាចរណ៍​រង​របួស​ស្រាល។

ម៉ូតូ​ជនរងគ្រោះ​ម៉ាក​អ៊ែ​ប្លែក​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF2664 ​បើកបរ​ពី​​ត្បូង​ទៅ​ជើង​ ជិះ​គ្នា​២​នាក់ ​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​រូបគាត់​បាន​មក​ពី​ការ​បងប្អូន​នៅ​ខេត្ត​តាកែវ ​ហើយ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ឃើញ​ម៉ូតូ​បង្ក​បើក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ​ហើយ​ម៉ូតូ​គាត់​បើក​មកដល់​​ខំ​គេច​ដែរ​ តែ​គេច​មិន​ផុត ក៏​បាន​បុក​រះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​មួយ​និង​ស្រាល​ពីរ​នាក់​ ហើយ​អ្នក​រង​របួស​ធ្ងន់​បាន​បាក់​ដៃ​ខាង​ស្ដាំ​ម្ខាង។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​711​​ ​ដឹក​​​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ​រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕
លោក​អាចារ្យ​ឌុប​ប្រពន្ធ​មកពី​ការ​បងប្អូន​ ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ដៃ​ម្ខាង