គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤ ខែមីនា​កើតឡើង​១០​លើក​សម្លាប់​មនុស្ស​៦​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤ ខែមីនា​កើតឡើង​១០​លើក​សម្លាប់​មនុស្ស​៦​នាក់



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក ក្នុងនោះ​យប់ ៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី ១​នាក់ ) រងរបួស​ធ្ងន់ ៦​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល ៤​នាក់  ( ប្រុស )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥ គ្រឿង ​រថយន្ត​ធុន​ធំ ចំនួន ៤ គ្រឿង យាន​ផ្សេងៗ ១ គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក  ,  ស្រវឹង ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក ,​មិន​គោរព​សិទ្ធិ ១​លើក , មិន​ប្រកាន់​ស្តាំ ២​លើក និង​បត់​គ្រោះថ្នាក់ ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់ (​យប់ )។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៧​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ២​លើក និង​ផ្លូវលំ ចំនួន ១​លើក។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ៣​លើក និង​រថយន្ត​ធុន​ធំ ២​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តពោធិ៍សាត់ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់  ខេត្តកំពង់​ឆ្នាំង ១​លើក ស្លាប់ ២​នាក់ រាជធានី​ភ្នំពេញ ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តតាកែវ ១​លើក ស្លាប់ ១​នាក់  និង​ខេត្ត​រតនគីរី ១​លើក ស្លាប់  ១​នាក់ ( ស្រី )។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៥៩៦២​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២៧១៩​គ្រឿង ពិន័យ​សរុប ៣២៤៣​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១៤៧៧​នាក់៕