អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ



សៀមរាប ៖​ នៅ​ថ្ងៃទី​១៥ ​ខែមីនា​ ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្តីពី​ការ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា។

ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក Hiroshi Yokoo ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​និង​ជា​ប្រធាន​ក្លឹប​មូលនិធិ​អ៊ី​អ៊ីង និង​លោក​សាស្ត្រាចារ្យ Yoshiaki Ishizawa​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកល​វិទ្យា​សូ​ហ្វី​យ៉ា។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ដោយ​យោង​ទៅ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ រវាង​ភាគី​៤ គឺ​អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​។ តាម​ខ្លឹមសារ​នៃ​កិច្ចសន្យា​នេះ​មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​នឹង​ទទួលបន្ទុក​ចំណាយ​ទាំងស្រុង​លើ​ការងារ​ជួសជុល ដំបូល​លិច​ទឹក ជញ្ជាំង​ជ្រាប​ទឹក លាបថ្នាំ ជួសជុល​បង្អួច​និង​កម្រាល​ឥដ្ឋ​សាល​ពិព័រណ៍​។​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ទទួលបន្ទុក​ដឹកជញ្ជូន​ចម្លាក់​មុន​និង​ក្រោយ​ការងារ​ជួសជុល សម្របសម្រួល​ការងារ​ផ្សេងៗ និង​ចូលរួម​ជួសជុល​ចំណុច​ផ្សេងៗ​ទៀត​តាម​លទ្ធភាព​ជាក់ស្តែង​។ ចំណែក​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​នឹង​ទទួលបន្ទុក​ផ្តល់​ប្រឹក្សា​លើ​ការងារ​ជួសជុល និង​លើ​ដំណើរការ​ពិព័រណ៍​សារមន្ទីរ​បន្ទាប់ពី​ជួសជុល​ហើយ។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្លឹប​មូលនិធិ​អ៊ី​អុង​១% លោក Hiroshi Yokoo បញ្ជាក់​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ការ​រួម​ចំណែក​នៃ​ក្លឹប​១%​របស់​ក្រុមហ៊ុន​អ៊ី​អុង​គឺជា​សកម្មភាព​ដើម្បី​តបស្នង​ដល់​សង្គម​។ “​ការដែល​យើង​បានមក​ជួសជុល​ម្តងទៀត​នេះ​វា​ជា​មោទនភាព​របស់​យើង​វា​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត​ធ្វើ​ឲ្យ​ចិត្ត​យើង​ជ្រះថ្លា​ដូច​បានធ្វើ​បុណ្យទាន​ផ្សេងៗ​ដែរ​”​។ លោក​បន្ថែមថា​ការងារ​ជួសជុល​អាច​នឹង​ចាប់​ផ្តើមឡើង​នៅ​អំឡុង​ ខែវិច្ឆិកា​ឆ្នាំ​២០១៦​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ពាក់កណ្តាល ឆ្នាំ​២០១៧​ខាងមុខ។

លោក​ស៊ុំ ម៉ាប់ បាន​សម្តែង​ថ្លែង​អំណរ​គុណ​និង​អបអរសាទរ​ចំពោះ​ក្លឹប​មូលនិធិ​អ៊ី​អុង​១%​ដែល​តែង​យកចិត្តទុកដាក់​ដល់​ការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ដូច​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​។ មិន​ត្រឹមតែ​សារមន្ទីរ​ប៉ុណ្ណោះ​ទេ​នៅ​ឆ្នាំ​២០០៣​កន្លងមក​មូលនិធិ​នេះ​ក៏បាន​ចូលរួម​ដាំ​សួន​ឈើ​អនុស្សាវរីយ៍​មួយកន្លែង​នៅ​ក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា តទៅ​ខាងមុខ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​មូលនិធិ​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​និង​ជួយ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​ក៏ដូចជា​ការ​ជួយ​លើក​តម្កើង​ជីវភាព​ប្រជាជន​ក្នុង​រមណីយដ្ឋាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម។

សូម​រំលឹក​ថា សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​បាន​កសាងឡើង​នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​ដោយ​“​មូលនិធិ​នៃ​ក្លឹប​១%”​របស់​ក្រុមហ៊ុន​អ៊ី​អុង​ដើម្បី​ដាក់​តាំង​និង​តម្កល់​វត្ថុ​បុរាណ​ដែល​បាន​រកឃើញ​ក្នុងពេល​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​កាលពី​ឆ្នាំ​២០០០​និង​២០០១​នៅ​ប្រាសាទបន្ទាយក្តី​៕

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ