លោក​សោម ស៊ុន ​បន្ត​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ ដែល​ជា​ជន​ពិការ

លោក​សោម ស៊ុន ​បន្ត​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ ដែល​ជា​ជន​ពិការ



កំពង់ធំ​ ៖​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន ​បាន​បន្ត​ធ្វើ​ការងារ​មនុស្ស​ធម៌​​ ​​ ដោយ​​ចុះ​សួរសុខទុក្ខ​ដល់​មន្ត្រី​អតីត​យុទ្ធជន ដូចជា​ជន​ពិការ អតីត​យោធិន​ចូលនិវត្តន៍ និង​ទុរគត​ជន ដែល​កំពុងតែ​រស់នៅ​ក្នុង​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ​​ ក្រោម​ការ​គាំទ្រ​ យ៉ាង​ពេញទំហឹង ពី​សំណាក់​លោក​អ៊ុត សំអន ​អភិបាល​ខេត្ត​កំពង់ធំ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​មនុស្សធម៌។

លោក​សោម ស៊ុន និង​ជា​ប្រធាន​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ ក្រៅពី​ការងារ​​​ស្នូល​របស់​អង្គភាព នៅ​​មាន​តួនាទី និង​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការ​យកចិត្តទុកដាក់ ព្រមទាំង​ទទួលខុសត្រូវ ចំពោះ​ការងារ​មនុស្សធម៌​ ចុះ​ដល់​មូលដ្ឋាន​របស់​អតីត​យុទ្ធជន ដើម្បី​ក្រើនរំលឹក​នូវ​ការ​ចងចាំ​របស់​យោធិន ដែល​បាន​តស៊ូ​ពុះពារ ក្នុង​សម័យ​សង្គ្រាម​កន្លង​មក ក្នុង​ការ​លើកទឹកចិត្ត និង​ការ​តស៊ូ​ក្នុង​ជីវិត​បន្ត​ទៀត។ ទង្វើ​​​របស់​លោក​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង និង​គាំទ្រ​នូវ​ការងារ​មនុស្សធម៌ ព្រមទាំង​បាន​ផ្តល់​អង្ករ ៣​តោន និង​មី​យើង ៥០​កេស កន្លងមក​ដើម្បី​យក​សម្ភារៈ ទាំងនេះ​ទៅ​ចែក​ជូន​ដល់​អតីត​យុទ្ធជន ដែល​ជួប​ការ​លំបាក។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ លោក​​សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​នាំ​យក​អំណោយ​ទៅ​សួរ​សុខទុក្ខ​ឈ្មោះ​កែវ មឹ​ល ​​អតីត​យុទ្ធជន​ពិការ​ជើង​ទាំងពីរ​ ដោយ​ជាន់​មីន​លើ​សមរភូមិ​ក្នុង​ឆ្នាំ​១៩៨៦​ក្នុង​សម័យ​សង្គ្រាមស៊ីវិល។ លោក​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៨១ នៅ​អតីត​កងពល​លេខ​៥។ បច្ចុប្បន្ន​លោក​រស់នៅ​ភូមិ​ព្រៃ​ព្រាល​(​ក​) ឃុំ​ត្រពាំងឫស្សី ​ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ។ អំណោយ ដែល​ចែក​ជូន​នា​ពេល​នោះ ​​មាន​ដូចជា អង្ករ​ចំនួន ៥០​គីឡូក្រាម មី​យើង​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ ទឹក​បរិសុទ្ធ​៤​យួរ និង​ថវិកា​ចំនួន​១០០.០០០​រៀល​ផង​ដែរ។

លោក​​សោម ស៊ុន ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​រហស្សនាម​ថា ជា​មេបញ្ជាការ​គំរូ និង​ជា​បុគ្គល​ស្អាតស្អំ មាន​ប្រជាប្រិយភាព និង​សក្ដិសម​បំផុត សម្រាប់​ធ្វើជា​ថ្នាក់ដឹកនាំ បម្រើ​ជាតិ​មាតុភូមិ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​មាន​ការ​រីកចម្រើន៕

លោក​សោម ស៊ុន ​បន្ត​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ ដែល​ជា​ជន​ពិការ