លោក​ញឹក ប៊ុនឆៃ ថា សម្តេច​ក្រុមព្រះ​ជា​អ្នកបង្កើត​បញ្ហា​ឲ្យ​មាន​ព្រឹត្តិការ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧

លោក​ញឹក ប៊ុនឆៃ ថា សម្តេច​ក្រុមព្រះ​ជា​អ្នកបង្កើត​បញ្ហា​ឲ្យ​មាន​ព្រឹត្តិការ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧



ភ្នំពេញ ​៖ ឆ្លើយតប​ការចោទប្រកាន់​របស់​ស​ម្តេច​ក្រុមព្រះ​ទាក់ទង​បញ្ហា​នានា ជាពិសេស​ការទិញ​លក់​ទីស្នាក់ការ​នោះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន ស្នើ​ឲ្យ​លោក សាយ ហាក់ បង្ហាញ​ភស្តុតាង ដែល​សម្តេច​ក្រុមព្រះ​បាន​ចេញ​លុយ​សម្រាប់​សាងសង់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​អ្នកបង្កើត​បញ្ហា​ឲ្យ​មាន​ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ បាន​លើកឡើងថា លោក ញឹក ប៊ុនឆៃ និង​សហការី​បាន​ចេញទៅ​បង្កើត​គណបក្ស​ថ្មី​ឈ្មោះថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយសារ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មិន​គោរព​គោលការណ៍ ដែល​បាន​ឯកភាពគ្នា​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ ហើយ​ម្យ៉ាង​ទៀត​សម្តេចក្រុមព្រះ​បាន​រំលាយចោល​រចនាសម្ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​គណបក្សហ៊្វុនស៊ិនប៉ិច ចាស់​អស់ហើយ ព្រមទាំង​រំលាយចោល​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ស្លាក​សញ្ញា Logo រូប​វិមានឯករាជ្យ ដែលជា​ស្នា​ព្រះហស្ត សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ អ្នកនាំពាក្យ​បន្តថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​នេះ ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្លែងក្លាយ មិនមែន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កេរដំណែល ​សម្តេច​ឪ សម្តេច​តា ទៀត​ទេ ​ហើយ​ដឹកនាំ​ដោយ​នាង​អ៊ុក ផល្លា កញ្ជ្រោង​បិសាច។

​ ការដែល​ក្រសួងមហាផ្ទៃ​មិនអាច​មោឃភាព​សមាជ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ នោះ ដោយសារ​ការសុំ​មោឃភាព​របស់​ឯកឧត្តម​ញឹក ប៊ុនឆៃ គឺ​ធ្វើ​ពេល​តែមួយ​នឹង​ការសុំ​បង្កើត​គណបក្ស​ថ្មី គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ម្យ៉ាងទៀត​សមាជ គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ គឺ​សមាជ​ដែល​ធ្វើឡើង​ក្រោម​ការ​គំរាម​កំហែង របស់​កញ្ជ្រោង​បិសាច អ៊ុក ផល្លា ដែល​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ ថា​ជា​អ្នកណា​ប្រឆាំងនឹង​សមាជ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ និង​ប្រឆាំង​ការប្តូរ​ស្លាក​សញ្ញា Logo រូប​វិមានឯករាជ្យ​ព្រមទាំង​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រយ័ត្ន​បាញ់​និង​កាំភ្លើង​ស្នាយ​ពណ៌​ភូសៗ​។

ជាមួយគ្នា​នោះ លោក ញឹក ប៊ុនឆៃ ស្នើ​ឲ្យ​លោក សាយ ហាក់ បង្ហាញ​ភស្តុតាង​ឲ្យ​បានច្បាស់លាស់​មក​ថា តើ​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ បាន​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ប៉ុន្មាន សម្រាប់​សាងសង់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តាម​ខេត្ត​ណាខ្លះ។ អ្នកនាំពាក្យ​បន្ត​ថា មុន​មាន​ថ្ងៃ​១៨ ខែ​តុលា ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​បង្កើត​បញ្ហា​ប្រឈម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​នាំ​គ្នារ​ត់ទៅ​ដេក​សោយសុខ នៅ​ប្រទេស​បារាំង រាប់​ខែ​ទុក​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រងទុក្ខវេទនា​យ៉ាងខ្លាំង និង​ត្រូវបាន​ដកតំណែង​ជា​បន្តបន្ទាប់​រាប់រយ​នាក់​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លក់​ទីស្នាក់ការ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​គល់ស្ពាន​ជ្រោយចង្វារ តម្លៃ​៣.៦០០.០០០​ដុល្លារ (​បី​លាន​ប្រាំមួយ​សែន​ដុល្លារ​) យក​លុយ​ផ្ទាល់ខ្លួន និង​យក​លុយ​បន្តិចបន្តួច​ទៅ​ទិញ​ដីព្រៃ​ស​ដាក់​ឈ្មោះ​ខ្លួនឯង​ទៀត ក្បត់​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

អ្នកនាំពាក្យ​បញ្ជាក់ទៀតថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្តកំពត ទីស្នាក់ការ​ខេត្តសៀមរាប ដី​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​១៣​ឡូត៍ នៅ​ខេត្តបន្ទាយមានជ័យ​។​ល​។ យកលុយ​ផ្ទាល់ខ្លួន និង​ឲ្យ​ស្រី មាន​ប្រពន្ធចុង​ច្រើន​នាក់​។ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្មាន​សិទ្ធិ​លក់​ទីស្នាក់ការ​គណបក្ស​ទេ​។ ការលក់​ទីស្នាក់ការ​សម្រេច​ដោយ​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក ដែលមាន​ចុះហត្ថលេខា​ចុងក្រោយ​ដោយ​ប្រធាន​គណបក្ស​។ លោក​សាយ ហាក់ ជា​អនុប្រធាន​គណៈកម្មការ​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ចំការមន និង​ទិញ​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ផ្លូវជាតិ​លេខ​៦ A​។​

ចំពោះ​បញ្ជី​សារពើភ័ណ្ឌ​ចលនទ្រព្យ និង​អចលនទ្រព្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​លោក​ញឹក ប៊ុនឆៃ បានធ្វើ​ថ្វាយ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ចុះ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៥ នោះ​ជា​បញ្ជី​បញ្ជាក់​ពី​អាសយដ្ឋាន​ទីតាំង ទីស្នាក់ការ​ទំហំ​ដី ទំហំ​អគារ​តែប៉ុណ្ណោះ​ សុំ​មើល​បញ្ជី​មួយទៀត ដែល​មាន​ដាក់ឈ្មោះ​ម្ចាស់​កម្មសិទ្ធិ​ទីតាំង​នីមួយៗ ឲ្យ​បាន​ច្បាស់លាស់​។

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានលើកឡើង​ទៀតថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បាន​ធ្វើ​បុណ្យ​​​ដល់​យុទ្ធជន កងទ័ព​ជាតិ​សីហនុ​និយម ដែល​បាន​ស្លាប់​រាប់ពាន់នាក់​ដែរឬទេ​? លោក​ឧ​ត្ត​ម​សេនីយ៍​ទៀប បែន នាយ​អគ្គលេខាធិការ​កងទ័ព​ជាតិ​សីហនុ​និយម ពេល​ចូលមក​ស្រុក​ខ្មែរ ឆ្នាំ​១៩៩៣ ទៅ​ដេកស្លាប់​នៅ​មាត់បឹង​ទន្លេបាទី ដោយ​ការឈឺចាប់ នឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ ម្យ៉ាងទៀត នៅ​កន្លែង​កំណើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មាន​ដែល​ទៅ​កសាង​អ្វី​បាន​មួយ​ទេ ចំពោះ​ឯកឧត្តម​ញឹក ប៊ុនឆៃ យ៉ាង​ហោច​ណាស់​កសាង​សាលារៀន​បាន​ចំនួន​១៥​ខ្នង​ដែរ​។

ជាមួយគ្នា​នោះ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បញ្ជាក់ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​អ្នកបង្កើត​បញ្ហា​ឲ្យ​មាន​ព្រឹត្តិការ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ធ្វើ​ឲ្យ​ស្លាប់​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អតីត​នាយទាហាន SANKI (​ហ៊្វុនស៊ិនប៉ិច​) មានដូចជា​ឧ​ត្ត​ម​សេនីយ៍ ក្រូច ឃឿ​ម ឧ​ត្ត​ម​សេនីយ៍ លី សេងហុង ឧ​ត្ត​ម​សេនីយ៍ ម៉ែន ប៊ុនថន ឧ​ត្ត​ម​សេនីយ៍ ចៅ សម្បត្តិ និង​នាយទាហាន ជាច្រើន​រយ​នាក់​ទៀត ដោយ​មិន​ទទួលខុសត្រូវ។

ម្យ៉ាងទៀត​សម្តេចក្រុមព្រះ បាន​បង្កើត​បញ្ហា​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០០៦ (​កញ្ជ្រោង​បិសាច​) ធ្វើ​ឲ្យ​មន្ត្រីរាជការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​បាត់បង់​តំណែង​រាប់​រយ​នាក់៕