គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប

គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប



កំពង់ស្ពឺ ​៖​ គោយន្ត​កន្ត្រៃ​សម្រុក​ដឹក​ឈើ​​ ​ទាំង​យប់​ ទាំង​ថ្ងៃ​រាប់​សិប​គ្រឿង​ចេញពី​តំបន់​ការពារ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ កំពង់ស្ពឺ ​តាម​ផ្លូវ​ជាតិ​លេខ​៤៤​បាន​យ៉ាង​រលូន​ ដោយ​ឆ្លងកាត់​ស្នាក់ការ​មេព្រៃ ប៉េអឹម និង​ប៉ូលិស​សេដ្ឋកិច្ច ព្រមទាំង​ស្ថាប័ន​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំង​អស់​នោះ ងងឹតភ្នែក​មើល​រំលង​សំកុក​ដេក​ចាំតែ​ប្រមូល​លុយ​ដាក់ចូល​ហោប៉ៅ មិនបាន​ធ្វើការ​បង្ក្រាប​ឡើយ។

​ សេចក្តីរាយការណ៍​បាន​ប្រាប់ថា ក្នុង​មួយថ្ងៃ​មាន​គោយន្ត​ដឹក​ដុល​មូល​ធំ ​កូនឈើ​ប្រភេទ​ខ្លុង ត្បែង​មិនទាន់​គ្រប់​អាយុ រាប់​សិប​គ្រឿង និង​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ​ចេញ​ដូច​គេ​ហែ​កឋិន តាម​ផ្លូវ​ជាតិ​លេខ​៤៤ ពី​ស្រុក​ឱរ៉ាល់​មក​ស្រុក​ថ្ពង ដោយ​ពួកគេ​បាន​រត់ការ​បង់​ប្រាក់​ជូន​អស់លោក​ជា​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ។ ប្រភព​បន្ត​ថា ឈើ​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ ៤៤​នោះ ត្រូវបាន​កាប់​ក្នុង​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​កំពង់ស្ពឺ និង​ពោធិ៍សាត់ ដោយមាន​ការបើក​ដៃ​ពី​មន្ត្រី​អនុរក្ស​បរិស្ថាន​ឈរជើង​ក្នុង​តំបន់​ការពារ​ទាំងនោះ។

ក្រុម​អ្នកដឹកឈើ​ដុល​មូល​បាន​និយាយថា ពួកគាត់​បាន​ចូល​ទៅ​កាប់​ឈើ​ទាំងនេះ​លើ​ភ្នំ​ក្នុងព្រៃ​ជ្រៅ ដល់​ទឹកដី​ខេត្តពោធិ៍សាត់ ដោយ​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ១០​ទៅ ២០​ថ្ងៃ ទើបបាន​មួយ​ជើងៗ និង​ត្រូវ​ចំណាយ​ដើមទុន​បង់​ឲ្យ​សមត្ថកិច្ច​តាំងពី​ក្នុង​ព្រៃ​រហូតដល់​ផ្លូវ​មាន​គ្រប់​ស្ថាប័ន​អង្គភាព​រាប់មិនអស់​ទេ។ ប្រភព​បន្ត​ថា បន្ទាប់​ពីដល់​ផ្លូវជាតិ​លេខ​៤៤ ត្រូវ​បង់​ជូន​បងៗ​តាម​គ្រប់​ជំនាញ​ទៀត ក្នុងនោះ​ពិសេស​ជាងគេ ត្រង់ចំណុច​ផ្លូវបំបែក​អូ​រទេះ​ភ្លូក ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង មាន​ប៉ុស្តិ៍​ចំនួន ២​កន្លែង​ជាប់​គ្នា ក្នុងនោះ​មាន​ប៉ុស្តិ៍​យកលុយ​របស់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​មានឈ្មោះ​ពួន ប្រចាំការ​ទីនោះ​ដុស​ស្លែ​ និង​ដាក់​ជន​ស៊ីវិល​ម្នាក់​ដេក​ជាប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ មិន​អាច​មាន​គោយន្ត​គ្រឿង​ណា​ហ៊ាន​រំលង​ឡើយ និង​ខាងកើត​នោះ​បន្តិច​ប៉ុស្តិ៍​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ពង និង​សាខា​ផ្នែក​ឱ​រ៉ា​ល់ ដោយ​ជួល​ផ្ទះ​អ្នកភូមិ​ដេកចាំ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដូចគ្នា នឹង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​យក​លុយ​ទាំង ២​កន្លែង​របស់​ប៉ូលិស​សេដ្ឋកិច្ច និង​មេព្រៃ​ស្រុក​ថ្ពង​បាន​ថ្លែងថា កន្លែង​យកលុយ​ពី​រថយន្ត​ដឹកឈើ គោយន្ត​ដឹក​ដុល​មូល រថយន្ត​ដឹកអុស និង​រ៉ឺម៉ក​ដឹក​ធ្យូង​នោះបាន​ដាក់​យូរ​រាប់​ឆ្នាំ​មក​ហើយ សុខ​ស្រួល​មិន​ដែល​មាន​បញ្ហា​អាជ្ញាធរ​រុះរើ​ ឬ​ដេញចេញ​ទេ គឺ​ចាំ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ដុះ​ស្លែ​​ក្រាស់ឃ្មឹក តាំងពី​ផ្លូវ​លំបាក​វេទនា រហូត​មាន​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ប្រណិត។ អ្នកស្រុក​បន្តថា មានពេលខ្លះ​ផឹកស៊ី​ស្រវឹង​ឈ្លោះ​គ្នា​ជាមួយ​អ្នក​គោយន្ត​ក៏មាន​ព្រោះតែ​បង់ប្រាក់​មិន​គ្រប់​តាម​កំណត់ ឬ​សុំ​ចុះ​តម្លៃ​ខ្លះ​ដោយ​ខ្វះខាត​លុយ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ទេ​​​ខ្លាច​ខាត​ដូច​ដាក់​ដើម​រកស៊ី​អញ្ចឹង។

លោក​គាវ លាង​គា អភិបាល​ស្រុក​ថ្ពង បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា តាមពិត​នៅ​ត្រង់​ចំណុច​អូរទេះ​ភ្លូក​នោះ​ពិត​ជា​មាន​សមត្ថកិច្ច​​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង និង​មន្ត្រី​រដ្ឋបាល​ព្រៃឈរ​ជើង​មែន ដោយ​មាន​លិខិត​បញ្ជា​បេសកកម្ម​ពី​ថ្នាក់លើ ប្រសិនបើ​គ្មាន​លិខិត​បេសកកម្ម​ត្រឹមត្រូវ​លោក​មិន​អនុញ្ញាត​ឲ្យ​ទេ ប៉ុន្តែ​រឿង​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ រកស៊ី​ដឹកឈើ អុស​នោះ​គាត់​មិន​ច្បាស់​ដែរ។ លោក​បន្តថា បញ្ហា​នេះ​លោក​បានដាក់​បទបញ្ជា​ទៅ​លោក​អធិការ​ស្រុក​ដែរ​ ឲ្យ​ជួយ​តាមដាន​ពិនិត្យមើល​ជុំវិញ​ ថា​តើ​មាន​សមត្ថកិច្ច​ណាខ្លះ​ដើរ​យកលុយ​ពី​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល​អនុផល​បន្តិចបន្តួច​នោះ មិនថាតែ​កន្លែង​អូរទេះ​ភ្លូក​នេះ​ទេ សូម្បី​កន្លែង​ផ្សេងៗ​ទៀត ក៏​ត្រូវ​ពិនិត្យដែរ។

លោក​អភិបាលស្រុក​បញ្ជាក់ រឿង​នេះ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ដេញ ឬ​មាន​ចំណាក់​ការ​លើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ខ្លាំង​ណាស់ ដោយសារ​ពួកគាត់​សុទ្ធ​តែ​មាន​លិខិត​បញ្ជា​បេសកកម្ម​ពី​ថ្នាក់លើ​ធំៗ ហើយ​ពលរដ្ឋ​ខ្លះ​គាត់​ឆ្លៀត​រក​ស៊ី​ល្មើសច្បាប់​តិចតួច​មែន និង​រឿង​សមត្ថកិច្ច​ជំរិត​ទារ​លុយ​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នោះ​ឡើយ​ទេ។ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ឈរជើង​ឈរ​ដេកចាំ​ប្រមូល​លុយ​ពី​ការ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​មាន​ចំណាត់ការ​ទប់ស្កាត់​នោះ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ។

សូម​បញ្ជាក់​ថា រាល់​ការ​បញ្ជា​បេសកកម្ម​របស់​ថ្នាក់លើ​មិនបាន​បញ្ជា​ឲ្យ​ដើរ​ជំរិត​ទារ​លុយ​ពី​បទល្មើស និង​ប្រជាពលរដ្ឋ​បែបនេះ​ទេ គឺ​ដាក់​មក​ដើម្បី​បង្ក្រាប​ទប់ស្កាត់ និង​ត្រួតពិនិត្យ​រាល់​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត៕

គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប

គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប

គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប

គោយន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដូច​ហែ​កឋិន, ​មេព្រៃ​ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មិន​បង្ក្រាប