ឆ្នាំនេះ​ផ្លែ​មៀន​ប៉ៃលិន​មាន​តម្លៃ​ថោក​ខណៈ​ដែល​មាន​អ្នក​ដាំ​ដុះ​ច្រើន

ឆ្នាំនេះ​ផ្លែ​មៀន​ប៉ៃលិន​មាន​តម្លៃ​ថោក​ខណៈ​ដែល​មាន​អ្នក​ដាំ​ដុះ​ច្រើន



ប៉ៃលិន ៖ ផ្លែ​តា​ង៉ែ​ន​ដែល​ជា​ពូជ​នាំចូល​មកពី​ប្រទេស​ថៃ​ត្រូវ​បាន​ប្រជាកសិករ​យើង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការ​បង្កាត់​ពូជ​ដោយ​ការ​សាក​មែក​យក​មក​ដាក់​ដាំ​មានការ​ផុលផុស​ច្រើន​រយៈ​ឆ្នាំ​ចុងក្រោយ​នេះ ហើយក៏​នាំគ្នា​ហៅ​ផ្លែ​តា​ង៉ែ​ន​នេះ​ថា​ផ្លែ​មៀន​ប៉ៃលិន​ទៅវិញ។

តាម​ការ​រៀបរាប់​របស់​លោក បាក់ ឡេង រស់​នៅ​ក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​កសិករ​ដែល​ដាំ​ដុះ​ផ្លែ​តា​ង៉ែ​ន ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​គឺ​ដាំ​ក្នុង​រយៈពេល​ចាប់បី​៣​ឆ្នាំ​ឡើងទៅ​នៅក្នុង​ចន្លោះ​ការដាំ​ឃ្លាត​ពីគ្នា​៦​ទៅ​៨​ម៉ែត្រ​តាមតែ​ចិត្ត​ចង់បាន​ការដាំ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ។

ដោយឡែក​នៅ​លើ​ផ្ទៃដី​មួយ​ហិតា​ អាច​ដាក់​ដាំ​បាន​ដើម​មៀន​បាន​ចំនួន​៣០០​ដើម​ហើយក៏​អាស្រ័យ​ទៅតាម​បច្ចេកទេស​អ្នក​ដាំ​ដុះ​បើ ឲ្យ​អ្នក​រៀប​ចំ​សព្វគ្រប់​តាំងពី​ត​បណ្តាញទឹក​នៅក្នុង​មួយ​ហិតា ក៏ត្រូវ​ចំណាយ​ពី​ចន្លោះ​២៨០០​ដុល្លារ តែបើ​រៀបចំ​ដាក់​ដាំ​ជា​លក្ខណៈ​ធម្មតា​អាច​ចំណាយ​តែ​៥០០​ដុល្លារ​ទៅ​៨០០​ដុល្លារ​ក្នុង​មួយ​ហិតា។

លោក​បាក់ ឡេង​បន្តថា​ដើម​មៀន​ប៉ៃលិន​របស់លោក ចាប់​ផ្តើម​ទទួលផល​ហើយ​ទន្ទឹមនឹង​តម្លៃ​មៀន​ទីផ្សារ​ក្នុងស្រុក​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយ​ខុស ពី​ឆ្នាំទៅ​ផ្លែ​មៀន​ប៉ៃលិន ឬ​ផ្លែ​តា​ង៉ែ​ន​នេះ​អាច​លក់​ចេញ​បាន​ថ្លៃ​៤០​បាត ឬ​លើស​នឹង​ទៀត​ក្នុង​១​គីឡូ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ផ្លែ​មៀន​បាន​ធ្លាក់​ចុះ​មក​ត្រឹម​២០០០​រៀល ឬ​២៥០០​រៀល ដែល​ធ្វើ​ឲ្យ​កសិករ​ធ្លាក់ទឹក​ចិត្ត​លែង​ចង់​ដាំ​តទៅទៀត។

លោក​បាក់ ឡេង​បញ្ជាក់​ថា ​ចម្ការ​ផ្លែ​មៀន​ខ្លះ​បាន​ថ្លៃ​ខ្ពស់​ក៏ដោយ​សារ​ម្ចាស់​ចម្ការ​ខ្លះ​បាន​ចូល​ជា​សមាជិក​សង្គម អាច​ធ្វើ​ការ​នាំ​ចេញទៅ​ប្រទេស​ថៃ និង​ដោយសារ​ការ​ជ្រើសរើស​យក​តែ​ផ្លែ​មៀន​ល្អៗ​ច្រើន ។ ផ្លែ​មៀន​តា​ង៉ែ​ន​នេះ​មាន​សាច់​ខុសពី​ផ្លែ​មៀន​យើង​នៅ​ពេល​ទំ​លើ​ដើម​ផ្លែ​តា​ង៉ែ​ន​នេះ​ស៊ូ​ស្វិត​ជាប់​នឹង ទង់​មិន​ងាយ​របេះ​ដូច​ផ្លែ​មៀន​យើង​នោះ​ឡើយ ម្ល៉ោះហើយ​ជា​ឱកាស​ពេលវេលា​ក្នុង​គ្រា​ផ្លែ​តា​ង៉ែ​ន​ទុំ និង​ម្យ៉ាងទៀត​បើ​ដាំ​ដុះ​រយៈពេល​៤​ឆ្នាំ​ទៅដល់​៨​ឆ្នាំ​ទិន្នផល​ផ្លែ​តា​ង៉ែ​ន​ក៏​កាន់តែ​ខ្ពស់​ទៅ​ពោលគឺ​ការដាំ​រយៈ​៤​ឆ្នាំ ក្នុង​មួយ​ឆ្នាំ​អាច​បាន​ផល​១០០​គីឡូក្រាម និង​រយៈពេល​១០​ឆ្នាំ​ឡើងទៅ​ក្នុង​មួយ​ដើម​អាច​ទទួលផល​បាន​១​តោន៕