រថយន្ត ​បុក​នឹង​រថយន្ត ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​-ស្រាល​ទាំងសងខាង​៣​នាក់​

រថយន្ត ​បុក​នឹង​រថយន្ត ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​-ស្រាល​ទាំងសងខាង​៣​នាក់​



បន្ទាយមានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​បើក​ទៅ​បុក​នឹង​រថ​យន្ត​មួយ​គ្រឿង​ទៀត ​បណ្ដាល​ឲ្យ​មនុស្ស​របួស​ទាំងសងខាង​៣​នាក់​នៅ​កន្លែង​កើត​ហេតុ​នៅ​វេលា​ម៉ោ​ង​១១​យប់​ថ្ងៃទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្លើង​ស្តុប​ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ទោ​ សម​ គឹម​សួ​គ៍ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​នោះ មាន​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2K 2275 បើក​ដោយ​ ឈ្មោះ ឡុង ដា​ណែ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ ហើយ​មាន​អ្នក​រួម​ដំណើរ ឈ្មោះ ឈុំ បូ​រិ​ន ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​និង​១​នាក់​ទៀត​មានឈ្មោះ សុខ ឃាង ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ​ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ថ្មី សង្កាត់​ភូមិ​ថ្មី ក្រុង​សៀមរាប​ បើក​ក្នុង​ទិស​ពី​លិចទៅ​កើត​ លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​កាម​រី​៩៥ ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង​2A1961 បើក​ដោយ ឈ្មោះ ជាង រតនា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ​ភូមិ​គាប​ទឹកថ្លា ​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ​ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំង​ស​ង​ខាង​របួស-ស្រាល​៣​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​។

ក្រោយ​កើត​ហេតុ​ ជនរងគ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន ​ដើម្បី​សង្គ្រោះ​ជីវិត​។ រីឯ​រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ​ដើម្បី​ដោះ​ស្រាយ​នៅពេល​ក្រោយ៕​