បើក​រថយន្ត​ទាំង​ស្រវឹង​ទៅ​បុក​នឹង​ម៉ូតូ​កំពុង​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ របួស​ធ្ងន់​ម្នាក់​

បើក​រថយន្ត​ទាំង​ស្រវឹង​ទៅ​បុក​នឹង​ម៉ូតូ​កំពុង​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ របួស​ធ្ងន់​ម្នាក់​



បន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ បើក​ម៉ូតូ​ឈប់​នៅ​លើ​ចិញ្ចើមថ្នល់ ​ត្រូវ​បាន​រថយន្ត​បើក​ពីក្រោយ​មក​បុក​ទាំង​ទទឹងទិស​ចំ​ពេញ ​បណ្ដាល​ឲ្យ​ស្ត្រី​នោះ​របួសធ្ងន់​ ចំណែក​អ្នក​បើក​រថយន្ត​ពេល​ដឹង​ថា​ខ្លួន​បាន​បុក​មនុស្ស​ហើយ​ ក៏​ចុះ​គេច​ខ្លួន​បាត់​នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ស្ថិត​ក្នុង​ភូមិ​ភ្នំ​លៀប​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ម្នាក់​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​កាម​រី​១​គ្រឿង​ ស៊េរី​95​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 2A 0158 ដែល​បើក​ដោយ​ឈ្មោះ​ រ៉ា វី ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​រំចេក ឃុំ​រតនៈ​ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​ ដោយ​ល្បឿន​លឿន​ទាំង​ស្រវឹង​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ក៏បាន​បុក​នឹង​ម៉ូតូ​ពេញ​ទំហឹង​ដែល​ម្ចាស់​កំពុង​អង្គុយ​លើ​ម៉ូតូ​ឈប់​នៅ​លើ​ចិញ្ចើម​ថ្នល់ជាតិ​ម៉ាក​ឌ្រីម​C125​ ស៊េរី​2012​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1M 2747​ បណ្ដាល​ឲ្យ​របួសធ្ងន់។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​នោះ​មានឈ្មោះ​ ឡោម មុំ​ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ ​រស់នៅ​ភូមិ​ភ្នំ​លៀប​ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​កើតហេតុ​រួច​ ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ ដើម្បី​សង្គ្រោះ​ជីវិត ចំណែក​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់៕
បើក​រថយន្ត​ទាំង​ស្រវឹង​ទៅ​បុក​នឹង​ម៉ូតូ​កំពុង​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ របួស​ធ្ងន់​ម្នាក់​