ស៊ីរី៖ រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​ចេញ ​ ឯការ​ចរចា​សន្តិភាព​កំពុង​បន្ត

គិត​មក​ដល់​ថ្ងៃ​ទី​ ១៥​ មីនា​ ២០១៦​នេះ​​គឺ​៥ឆ្នាំ​គត់​ ដែល​ប្រទេស​ស៊ីរី ​បាន​ធ្លាក់​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម។​ សង្រ្គាម​ដែល​ផ្តើមឡើង​ពី​ដំបូង​តាម​រយៈ​បាតុកម្ម​អហិង្សា​របស់​ប្រជាជន ​ដែល​តវ៉ា​នឹង​អំណាច​ផ្តាច់ការ​របស់​ប្រធានាធិបតី​បាស្ឆា អាល់អាសាដ ​បាន​ក្លាយ​ទៅ​ជា​ជម្លោះ​សាសនា ​និង​ឈាន​ទៅ​ក្លាយ​ជា​ជម្លោះ​អន្តរជាតិ​ ដោយសារ​មាន​ការ​ចូលរួម​ពី​សម្ព័ន្ធមិត្ត​ជាច្រើន។ ប៉ុន្តែ​ស្ថានការណ៍​ពេល​នេះ​ហាក់​កំពុង​ផ្លាស់​ប្តូរ ​ដោយសារ​តែ​រុស្ស៊ី ​តួអង្គ​ដ៏​សំខាន់​ក្នុង​សង្រ្គាម​នេះ ​ បាន​សម្រេច​ដក​ទ័ព​ចេញ​ ឈប់​ទំលាក់​គ្រាប់​នៅ​ស៊ីរី​ ​ស្រប​ពេល​ដែល​ក្រុម​ចរចា​សន្តិភាព ​ កំពុងតែ​បន្ត​ជួបប្រជុំ​គ្នា ​នៅ​ទីក្រុង​ហ្សឺណែវ ​ក្រោម​អធិបតី​របស់​អង្គការ​សហ​ប្រជា​ជាតិ។

ស៊ីរី៖ រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​ចេញ ​ ឯការ​ចរចា​សន្តិភាព​កំពុង​បន្ត

យន្តហោះប្រដេញ​រុស្ស៊ី​ ហោះនៅលើ​តំបន់​ Lattaquié​ តំបន់​កាន់កាប់​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី

រុស្ស៊ី​ដកទ័ព​ពី​ស៊ីរី ​បង្ករ​ការ​ភ្ញាក់ផ្អើល៖

គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​តែម្តង ​ ក្រោយ​ពេល​បាន​ឮ​ការ​ប្រកាស​របស់​ប្រធានាធិបតី​ពូទីន​ កាល​ពី​យប់​ថ្ងៃ​ចន្ទ។ រុស្ស៊ី​តួអង្គ​ដ៏​សំខាន់ ​ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ទំលាក់​គ្រាប់​បែក​ នៅ​ស៊ីរី ​ដើម្បី​ការពារ​កងទ័ព​រដ្ឋាភិបាល​បាស្ឆា​ អាល់អាសាដ ​ពេល​នេះ​បាន​សម្រេច​ចិត្ត​ដក​កម្លាំង​ត្រលប់​ទៅ​ផ្ទះ​វិញ។ យន្តហោះ​ប្រដេញ ​និង​យន្តហោះ​ទម្លាក់​គ្រាប់​មួយ​ចំនួន​ធំ​របស់​រុស្ស៊ី​ បាន​ហោះ​ត្រឡប់​ទៅ​ដល់​មូលដ្ឋាន​ទ័ព​នៅ​រុស្ស៊ី​វិញ​ហើយ ​ចំនែក​សម្ភារៈ​បច្ចេកទេស​យោធា ​ក៏​បាន​ដឹក​ជញ្ជូន​ត្រឡប់​ទៅវិញ​ជា​បណ្តើរៗ​ដែរ។

ក៏​ប៉ុន្តែ ​បើ​តាម​ការ​ប្រកាស ​រុស្ស៊ី​មិន​បាន​ដក​កម្លាំង​ទាំងស្រុង​ទេ ​គឺ​គេ​បាន​ទុក​កម្លាំង​មួយផ្នែក ​នៅ​មូលដ្ឋាន​មួយ​កន្លែង​នៅ​ស៊ីរី ​ដែល​ជា​មូលដ្ឋាន​ជួសជុល​យន្តហោះ។ គេ​មិនទាន់​ដឹង​ថា ​មូលដ្ឋាន​នេះ​នៅ​ត្រង់​ណា​ឲ្យ​ប្រាកដ​ទេ។ ហើយ​មួយ​វិញទៀត​ ​ក្នុង​ការ​ប្រកាស​របស់​លោក​ពូទីន ​គាត់​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ ​ថា​យន្តហោះ​ចំបាំង​របស់​រុស្ស៊ី​នឹង​ដក​ចេញ​ទាំងអស់ ​រឺមួយ​ក៏​ទុកខ្លះ ​ ហើយ​ចំណែក​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​ក៏​អញ្ចឹង​ដែរ​ គេ​មិន​ទាន់​ដឹង​ថា​រុស្ស៊ី​នឹង​ដកចេញ​រឺ​ក៏​អត់ទេ។

ស៊ីរី៖ រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​ចេញ ​ ឯការ​ចរចា​សន្តិភាព​កំពុង​បន្ត

យន្តហោះប្រដេញរបស់រុស្ស៊ី កំពុងត្រៀម​ហោះចេញ​ពី​ស៊ីរី ​ត្រលប់​ទៅរុស្ស៊ី​វិញ​ នៅថ្ងៃទី​១៥​ មីនា ២០១៦

ដូច្នេះ​ហើយ ​បាន​ជា​ខាង​ក្រុម​ប្រឆាំង​ស៊ីរី​ មិន​បាន​សម្តែង​ការ​ត្រេកអរ​ខ្លាំងក្លា​នោះទេ​ ​គឺ​គេ​នៅ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ខ្លាចក្រែង​រុស្ស៊ី​កំពុង​លេង​ស្នៀត​អ្វី​ថ្មី​មួយ​ទៀត។ សម្រាប់​លោក​ ស្តេហ្វាន ដឺមីស្ទូរ៉ា ​ប្រេសិត​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ ក៏ដូច​ជា​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ ​បាន​មាន​ប្រតិកម្ម​ថា ​ ការ​សម្រេចចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ដក​កម្លាំង​ចេញ​ពី​ស៊ីរី ​គឺ​ជា​រឿង​មួយ​ល្អ។​ ការ​ដកទ័ព​នេះ ​មានន័យ​ថា​ស្ថានភាព​បាញ់បោះ​ទម្លាក់គ្រាប់​នឹង​កាន់តែ​លែង​មាន ​ ហើយ​វា​នឹង​ជម្រុញ​ឲ្យ​ការ​ចរចា​សន្តិភាព​ដែល​កំពុងតែ​ធ្វើ​នៅ​ក្រុង​ហ្សឺណែវ ​មាន​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​លឿន។​ចំណែក​ខាង​សេតវិមាន​ បាន​បញ្ជាក់​ថា ​ប្រធានាធិបតី​ពូទីន​ បាន​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​អូបាម៉ា ​អំពី​ការ​ដក​កម្លាំង​ចេញ​ពី​ស៊ីរី​នេះ ​ប៉ុន្តែ​ខាង​សេតវិមាន​ នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា ​ស្ថានភាព​ថ្មី​នេះ ​នឹង​មាន​ផលវិជ្ជមាន​រឺ​អវិជ្ជមាន​កម្រិត​​ណា​នោះ​ទេ។

លែង​មាន​រុស្ស៊ី​ជា​បង្អែក​ បាស្ឆា ​ត្រូវ​បន្ទន់​ឥរិយាបថ៖
ការ​សម្រេច​ដកទ័ព​របស់​រុស្ស៊ី ​ ទោះបី​ទាំង​ស្រុង​រឺ​មិន​ទាំងស្រុង ​ ក៏​វា​បាន​ផ្លាស់ប្តូរ​ស្ថានភាព​ទាំងស្រុង​នៅ​ស៊ីរី​រួច​ទៅ​ហើយ។ មាន​ន័យ​ថា ​ ចាប់​ពី​ពេល​នេះ​ទៅ ​នៅ​សមរភូមិ​លែង​មាន​យន្តហោះ​រុស្ស៊ី​ទម្លាក់​គ្រាប់​ទៀត​ហើយ ​ ហើយ​ដំណាក់កាល​ថ្មី​នា​ពេល​នេះ ​គឺ​ការ​ចរចា​ដោយ​សន្តិវិធី​ ដែល​កន្លងមក​ចេះតែ​ខកខាន​ ​និយាយ​មិន​ត្រូវ​គ្នា។

សម្រាប់​លោក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ ​ លោក​មាន​យោបល់​ថា ​ ការ​ដក​ទ័ព​របស់​រុស្ស៊ី ​ គឺ​មាន​ន័យ​ថា​វា​នឹង​ដាក់​បន្ទុក​ទៅ​លើ​ប្រធានាធិបតី​បាស្ឆា ​អាល់អាសាដ​ ឲ្យ​បន្ទន់​ឥរិយាបថ ​ចូល​ចរចា​ជាមួយ​គេ ​ឈប់​រឹងទទឹង​តទៅ​ទៀត។ និយាយ​ម្យ៉ាង​ទៀត ​យើង​អាច​ថា​ រុស្ស៊ី​ព្រលែង​ប្រធានាធិបតី​បាស្ឆា​ចោល​ហើយ​ ចាប់​ពី​​ពេល​នេះ​ទៅ។ ដូច​ដែល​លោក​ពូទីន​បាន​ប្រកាស​អញ្ចឹង​គឺ​ថា​ បេសកកម្ម​របស់​រុស្ស៊ី​ចប់​ហើយ។ ដូច្នេះ​អ្វីៗ​ គឺវា​ស្ថិត​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​បាស្ឆា ​ចាប់​ពី​ពេល​នេះ​ទៅ។

ស៊ីរី៖ រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​ចេញ ​ ឯការ​ចរចា​សន្តិភាព​កំពុង​បន្ត

ប្រធានាធិបតី​ពូទីន​ ពេល​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្ត្រីការ​បរទេស (ខាងឆ្វេង) និង រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ (ខាងស្តាំ)

តាម​ពិត​វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ​ដែល​រុស្ស៊ី​ដកទ័ព​ចេញ​នៅ​ពេល​នេះ ​ ព្រោះ​នៅ​សមរភូមិ​កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​បាន​ងើប​កម្លាំង​ ដណ្តើម​បាន​ដែនដី​កាន់កាប់​មក​វិញ​ច្រើន ​ ដោយសារ​តែ​ជំនួយ​របស់​រុស្ស៊ី ​ក្នុង​កំឡុង​ពេល​ ជាង​៥ខែ​មក​នេះ។ រដ្ឋាភិបាល​ស៊ីរី ​ពេល​នេះ ​អាច​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ចរចា ​ជាមួយ​ភាគី​ដទៃ​នៅ​ហ្សឺណែវ ​ ដោយ​មិន​ចាំបាច់​មាន​រុស្ស៊ី​ជួយ​ការពារ​ទៀត​ទេ។

ការ​ចរចា​ត្រូវ​គូសវាស​សម័យ​អន្តរកាល ​ឲ្យ​ច្បាស់៖
បើសិន​យើង​គិត​ថា ​រុស្ស៊ី​ពេល​នេះ​បោះបង់​បាស្ឆា ​ចោល​ មាន​ន័យ​ថា​ចាប់​ពី​ពេល​នេះ​ទៅ ​ប្រធានាធិបតី​បាស្ឆា​ ត្រូវរក​វិធី​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ​ នៅ​ពេល​ចរចា។ បើ​យើង​និយាយ​ពី​គម្រោង​ផែនការ​កសាង​សន្តិភាព​ដែល​បាន​ដាក់​ចុះ ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៥​ ​គឺបាន​កំណត់​ច្បាស់​ណាស់​ថា​ ​នឹង​មាន​ការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី​មួយ ​ ក្នុង​ពេល​មួយឆ្នាំ​ទៀត​នេះ ​ ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សហ​ប្រជាជាតិ។ ក៏​ប៉ុន្តែ​គ្រាន់តែ​ថា​គ្មាន​អ្វី​មួយ​ចែង​ឲ្យ​ច្បាស់​ទេ​ ថា​នឹង​មាន​បាស្ឆា ​ចូលរួម​ឈរឈ្មោះ​រឺ​អត់។

ត្រង់នេះ​ហើយ​ដែល​ជា​បញ្ហា​ធំ។ លោក​ ប្រេសិតអង្គការ​សហ​ប្រជាជាតិ ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ​ត្រូវតែ​គូស​វាស​ ដំណើរការ​អន្តរកាល​នយោបាយ​នៅ​ស៊ីរី​ ដោយ​សន្តិវិធី​ និង​ឲ្យ​ច្បាស់​ប្រាកដ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​អ្វី​មួយ​ត្រូវ​បាន​កំណត់​ទេ។ ខាង​រដ្ឋាភិបាល​បាស្ឆា ​គេ​ឆ្លើយ​ថា ​រឿង​អី​អង្គការ​សហប្រជាជាតិ​មក​ចង់​រៀបចំ​បោះឆ្នោត​ឡើងវិញ ​បើ​ប្រជាជន​ស៊ីរី​ គេ​បាន​បោះ​រួចរាល់​ហើយ​ កាលពី​ឆ្នាំ​២០១៤។

ប៉ុន្តែ​យើង​កំភ្លេច​ថា ​នៅ​ឆ្នំា​២០១៤​ ​គឺ​ស៊ីរី​កំពុង​តែ​ឈ្លក់​នឹង​ផ្សែង​គ្រាប់បែក​ ពុំ​មាន​ការ​រៀបចំ​បោះឆ្នោត​ទូទៅ​ដោយ​សេរី​យុត្តិធម៌ ​ ដែល​គ្រប់​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​ទេ។ ហើយ​មួយវិញ​ទៀត​ ការ​បោះឆ្នោត​នោះ​គ្មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ប្រឆាំង​ទេ។ ដូច្នេះ​ដរាប​ណា ​គ្មាន​ការ​បោះឆ្នោត​ថ្មី​ ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ ​គឺ​ជម្លោះ​នៅ​ស៊ីរី ​នឹង​នៅ​តែ​បន្ត​ដដែល។

មាន​ រឺ​គ្មាន​បាស្ឆា​ អាល់អាសាដ?
មាន​ភាគី​អន្តរជាតិ​ជា​ច្រើន ​ដែល​ទាមទារ​ឲ្យ​បាស្ឆា ​ត្រូវតែ​ដើរ​ចេញ​ពី​អំណាច ​លែង​ត្រឡប់​មក​វិញ។ ជាក់​ស្តែង​លោក ​ហ្សង់ម៉ាក អេរ៉ូ ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ដែល​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ ​ ដោយ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ស៊ីរី ​មួរម៉ៅ ​ឆ្លើយតប​វិញ​ភ្លាមៗ​ផងដែរ។

ដោយឡែក​ លោក​ មហាម៉េដ អាលូឆ​ អ្នក​តំណាង​ក្រុម​ប្រឆាំង​ស៊ីរី​ក្នុង​ការ​ចរចា​ បាន​ថ្លែង​នៅ​ថ្ងៃ​ថា​ សម័យ​អន្តរកាល​នៅ​ស៊ីរី ​អាច​ចាប់​ផ្តើម​ទៅ​បាន​ជា​ស្ថាពរ​ នៅ​ពេល​ណា ​ប្រធានធិបតី​បាស្ឆា ​ចុះ​ចេញ​ពី​អំណាច ​រឺ​ក៏​ត្រូវ​សម្លាប់​ចោល។ ពាក្យនេះ​ធ្ងន់​ណាស់ ​ហើយ​ជា​ការ​គម្រាម​ ដែល​មាន​ន័យ​ថា ​បើ​បាស្ឆា ​មិនចុះ​ចេញ​ដោយ​ស្រួលៗ​ទេ ​គឺ​នឹង​ត្រូវ​ស្លាប់។

យ៉ាងណាក៏​ដោយ ​យើង​ពិបាក​ជឿ​ណាស់​ ថា​ប្រធានាធិបតី​បាស្ឆា ​សុខចិត្ត​ចុះចាញ់​ដោយ​ងាយៗ​នៅ​នាទី​ចុងក្រោយ​បែប​នេះ​ទេ ​ព្រោះ​គាត់​បាន​តស៊ូ​ក្រាញ​ននៀល​មក​៥​ឆ្នាំ​ហើយ​  ចំណាយ​ប្រាក់​ក៏​ច្រើន​ ហើយ​ជា​ពិសេស​ចំណាយ​អាយុ​ជីវិត​ប្រជាជន​ស៊ីរី​ស្លូតត្រង់​ ដល់​ទៅ​ជិត​៣សែន​នាក់​ឯណោះ។ ប៉ុន្តែ​អ្វីៗ​អាច​នឹង​ប្រែប្រួល​មួយ​ប៉ព្រិច​ភ្នែក ​ថាមិន​ត្រូវ​ទេ​ព្រោះ​ពេល​នេះ​រុស្ស៊ី​កំពុង​តែ​លាង​ដៃ​ ជម្រះ​ស្នាម​ឈាម​ លែង​ការពារ​បាស្ឆា​ទៀតហើយ៕

ប្រភពៈ RFI