លោក​ Trump​ និង​លោក​ស្រី Clinton នាំ​មុខ​ក្នុង​ការតែង​តាំ​ង​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​

ការ​ស្ទង់​មតិខាង​នយោបាយ​ក្នុង​ស.រ.អា.បង្ហាញ​ថា​ បេក្ខជន​នាំ​មុខ​គេ​ពីរ​នាក់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​គឺ​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជិត​ទទួល​ជ័យជំនះ​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ត្រូវ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​របស់​អស់​លោក​នៅ​ពេល​ដែល​ក្រុម​អ្នក​បោះ​ឆ្នោត​ទៅ​កាន់​ស្ថានីយ​បោះ​ឆ្នោត​ ដើម្បី​បោះ​ឆ្នោត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តែង​តាំង​បេក្ខជន​ក្នុង​រដ្ឋ​៥​ទៀត។​

លោក​ Trump​ និង​លោក​ស្រី Clinton នាំ​មុខ​ក្នុង​ការតែង​តាំ​ង​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​

រូប​ឯកសារ៖ ការ​ស្ទង់​មតិ​​ខាង​នយោបាយ​ក្នុង​ស.រ.អា.បង្ហាញ​ថា​ បេក្ខជន​នាំ​មុខ​គេ​ពីរ​នាក់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​គឺ​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី​​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជិត​ទទួល​ជ័យជំនះ​នៅ​ថ្ងៃ​អង្គារ​ នៅ​រដ្ឋ​៥​ទៀត​ ថ្ងៃ​ទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ការ​ស្ទង់​មតិ​ពីរ​បាន​បង្ហាញ​ថា​ លោក​ Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដែល​មិន​ដែល​កាន់​តំណែង​តាម​រយៈ​ការ​ជាប់​ឆ្នោត​សោះ​ បាន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋ​ Florida នា​ប៉ែក​អាគ្នេយ៍​ស.រ.អា.។​

លោក​ឈ្នះ​យ៉ាង​ងាយ​លើ​អ្នក​ប្រជែង​កៀក​បំផុត​របស់​លោក​ គឺ​លោក​ Marco Rubio សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Florida ហើយ​លោក​នាំ​មុខ​ច្រើន​លើស​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អស.ប្រចាំ​រដ្ឋ​ Texas និង​លោក​អភិបាល​រដ្ឋ​ Ohio Jogn Kasich។​

ការ​ស្ទង់​មតិ​មួយ​ដោយ​សាកលវិទ្យាល័យ​ Quinnipiac បាន​បង្ហាញ​ថា​ក្រុម​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក​ Trump ៤៦ភាគរយ​ហើយ​គាំទ្រ​លោក Rubio ២២​ភាគរយ។​

ចំណែក​ឯ​ការ​ស្ទង់​មតិ​ដោយ​សាកលវិទ្យាល័យ​ Monmouth បង្ហាញ​ថា​លោក​ Trump មាន​ការគាំទ្រ​៤៤​ភាគរយ​ហើយ​លោក Rubio មាន​ការគាំទ្រ​២៧​ភាគរយ។

ការបោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ Florida ដែល​អ្នក​ឈ្នះ​យក​ទាំងអស់​ជា​រង្វាន់​ធំ​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​នៃ​គណបក្ស​សាធារណរដ្ឋ​ដោយ​អ្នក​ដែល​មាន​ជ័យជំនះ​ប្រមូល​យក​ប្រតិភូ​៩៩​នាក់​ទៅ​កាន់​មហាសន្និបាត​ជាតិ​របស់​គណបក្ស​នេះ​ ដើម្បី​តែងតាំង​បេក្ខជន​របស់​គណបក្ស​នៅ​ក្នុង​ខែ​កក្កដា។​

ការ​ស្ទង់​មតិ​បង្ហាញ​ថា​លោក Trump នាំ​មុខ​បន្តិច​នៅ​ក្នុង​រដ្ឋ​ North Carolina, Missouri និង​រដ្ឋ Illinois ដោយ​មាន​លោក​ Cruz ជា​អ្នក​ប្រជែង​កៀក​បំផុត​របស់​លោក​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ​ ដែល​នៅ​ទីនោះ​ក្រុម​ប្រតិភូ​ទៅ​កាន់​មហាសន្និបាត​ជាតិ​នឹង​ត្រូវ​បែងចែក​តាម​ចំនួន​សន្លឹក​ឆ្នោត​ដែល​ត្រូវ​រាប់។

​លោក Trump មាន​ការ​ប្រកួត​ប្រជែង​ប្រកិតៗ​មួយ​ទៀត​នៅ​ក្នុង​ការ​ប្រជែង​មួយ​ទៀត ​ដែល​អ្នក​ឈ្នះ​យក​ទាំង​អស់​ជាមួយ​លោក​ John Kasich ក្នុង​រដ្ឋ​ Ohio ដែល​ជា​រដ្ឋ​មួយ​ក្នុង​តំបន់​ពាក់​កណ្តាល​ខាង​លិច​នៃ​ប្រទេស​អាមេរិក​ដែល​លោក​ជា​អភិបាល​រដ្ឋ។​

លោកស្រី​ Hillary Clinton ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​បាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ ​Illinois នា​ប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា.។ ​លោកស្រី​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​បោះឆ្នោត​ដែល​អបអរ​សាទរ​ទទួល​លោកស្រី​នៅ​ក្នុង​ក្រុង Chicago ថា​ «ខ្ញុំ​នឹង​ប្រយុទ្ធ​ដើម្បី​ប្រជារាស្ត្រ​ជា​អ្នកធ្វើការងារ។​ ខ្ញុំ​នឹង​ប្រយុទ្ធ​ដើម្បី​ការងារល្អៗ»។​

លោកស្រី​ Clinton នាំមុខ​ដាច់ណាត់នៅក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​លោកស្រី​នឹង​មាន​ជ័យជំនះ​លើ​លោក​ Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Vermont ដែល​ជា​គូ​ប្រជែង​តែ​ម្នាក់​គត់​របស់​លោកស្រី​។

លោក Sanders ដែល​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​លើ​កំណើន​ភាព​មិន​ស្មើ​គ្នា​នៃ​ប្រាក់​ចំណូល​និង​ឥទ្ធិពល​របស់​ក្រុម​អ្នក​មាន​អំណាច​នៅ​ Wall Street៕

ប្រភពៈ VOA