អាជ្ញាធរ​ខេត្ត​រតនគិរី​ផ្អាក​វគ្គ​អប់រំ​ពលរដ្ឋ​របស់​អង្គការ​អាដហុក

ភ្នំពេញ—ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ និងកង​កម្លាំង​ក្នុង​ខេត្តរតនគិរី​ ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​បើក​វគ្គ​ផ្សព្វ​ផ្សាយ​ ​មួយស្តី​ពី «ការ​ពង្រឹង​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន»។ នេះ​ជា​គម្រោង​មួយ​ដែលទទួលបានការ​ឧបត្ថម្ភ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​USAID។​

អាជ្ញាធរ​ខេត្ត​រតនគិរី​ផ្អាក​វគ្គ​អប់រំ​ពលរដ្ឋ​របស់​អង្គការ​អាដហុក

រូបឯកសារ៖ លោក សាល់ កាន់​ អាយុ​ ៤៨​ឆ្នាំ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​ រង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)

វគ្គ​ផ្សព្វ​ផ្សាយ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ភូមិ​គ្រៀង ​ឃុំកិចុង​ ស្រុកបរកែវ ​ខេត្តរតនគិរី ​ នេះ​គឺផ្តោត​សំខាន់​ទៅលើ​សិទ្ធិ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយ៉ាល​ដើម្បី​ឲ្យ​ពួកគេ​ ​យល់ដឹងអំពី​សិទ្ធិមនុស្ស ​សិទ្ធិជន​ជាតិ​ដើម​ភាគ​តិច​ លទ្ធិប្រជាធិបតេយ្យ​ វិមជ្ឈការ​អំណាច ​ច្បាប់​ស្តី​ពី​ធនធាន​ធម្មជាតិ ​ការ​ចង​ក្រង​សហគមន៍​ និង​ការ​តស៊ូ​មតិ​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ​ឆាយ ធី មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្តរតនគិរី។​

លោក​ ឆាយ ធី​ ឲ្យ​ដឹង​ថា​ កន្លង​មក​លោក​បាន​បើក​វគ្គ​ផ្សព្វ​ផ្សាយ​នេះ ​ក្នុង​ស្រុក​ចំនួន​២​ ​ក្នុង​ខេត្ត​រតនគិរី​នេះ​រួច​មក​ហើយ ​ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​ ឬ​កង​កម្លាំង​នោះ​ទេ​។ ហើយ​ក្នុង​នោះ​មានអ្នក​ចូលរួមប្រមាណ​ជិត​មួយ​ពាន់​នាក់​មក​ពី​ភូមិ​ចំនួន​៨​។

លោក​ ឆាយ ធី ​បញ្ជាក់​ប្រាប់​ VOA ​ពី​សកម្មភាព​ហាមឃាត់​របស់​អាជ្ញាធរ​ថា៖ «នៅ​ពេល​ម៉ោង​៨​ យើង​ចាប់ផ្តើម​យើង​ឃើញ​កង​កម្លាំង​សមត្ថកិច្ច​ មាន​មេឃុំ​ មាន​ចៅហ្វាយ​ស្រុក​ស្តីទី​ចុះ​មក​ធ្វើ​ការ​ផ្អាក​មិន​ឲ្យ​បើក​វគ្គ។​ ហើយ​គេ​ហុច​លិខិត​ផ្ទាល់​តែ​ម្តង​ក្នុង​លិខិត​ហ្នឹង​គេ​បង្គាប់ឲ្យ​ខ្ញុំ​សុំ​ច្បាប់​ពីឃុំ ​ពី​ស្រុក ​រហូត​ដល់​ខេត្ត​ បាន​គេ​អនុញ្ញាត​ឲ្យ​បន្ត​បើ​ក​វគ្គ​ផ្សព្វ​ផ្សាយ​។ មានច្បាប់​ត្រឹម​ត្រូវ​បាន​អនុញ្ញាត​បើក​បាន​»។​

យ៉ាងណាក៏ដោយ​ លោក​ រ ចំឡៃ​ ជា​មេឃុំ​កិចុង ​ថ្លែង​ការពារ​ចំណាត់​ការ​របស់អាជ្ញាធរ​ ដោយ​ថា​ អាជ្ញាធរ​មិន​មែន​ធ្វើ​ការ​ហាម​ឃាត់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ឡើយ គឺ​គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ ​និង​គ្រប់គ្រាន់​ប៉ុណ្ណោះ។ លោក​អះអាង​ថា​ មន្ត្រី​របស់​សមាគម​អាដហុក​ មិន​ទាន់​មាន​ឯកសារ​ផ្លូវ​ច្បាប់​ គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​នោះ​ទេ ​ពួកគេ​គ្រាន់​តែ​ជូន​ជា​លិខិត​ជូន​ដំណឹង​ប៉ុណ្ណោះ។

«គាត់​ចុះ​ទៅ​អនុវត្ត​គោល​ការណ៍​គាត់ ​ឃើញ​ថា​ល្អ​ណាស់ណា។ មិន​មែន​ថា​ហាម​ឃាត់​មិនឲ្យ​គាត់​ធ្វើទេ​ គ្រាន់​តែ​ឲ្យ​គាត់​រត់​ច្បាប់ ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែន​ដី​ តែ​ប៉ុណ្ណឹង​ទេ​ មិន​មែន​ថា​ហាម​ឃាត់​គាត់​ទេ។ ​គាត់​ចុះ​មក​អនុវត្ត​ហ្នឹង​ដូចជា​អត់​មាន​គោលការណ៍​ អត់​មាន​ស្រប​ច្បាប់​ចឹង​ណា​ អត់​បាន​សុំ​ពី​អាជ្ញាធរ​ ​ ចឹង​ទៅអ្នក​ក្រោម​នេះ​គេ​អត់​ហ៊ានអនុញ្ញាត​ឲ្យ​ទេ»។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ នីតិវិធី​នៃ​ការ​ស្នើ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែន​ដី​នៅ​កម្ពុជា​ មាន​លក្ខណៈ​ស្មុគស្មាញ​ និងចំណាយ​ពេល​យូរ​ ដែល​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មាន​ការ​លំបាក​ ក្នុង​ការ​រៀប​ចំ​កម្មវិធី​ សកម្មភាព​ ឬ​សិក្ខាសាលា​ផ្សព្វផ្សាយ​អប់រំ​ផ្សេងៗ៕

ប្រភពៈ VOA