សាលា​​​ដំបូង​​​រាជធានី​​​​​​ផ្តន្ទាទោស​​​​​​និស្សិត​​​ គង់ រ៉ាយ៉ា ឲ្យជាប់​​​ពន្ធនាគារ​​​១៨​​​ខែ

និស្សិត​​​សាកល​​​វិទ្យាល័យ​​​ម្នាក់​​​ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​ធ្វើ ” បដិវត្ត​​​ន៍ពណ៌” តាម​​​រយៈ​​​សារ​​​ក្នុង​​​ ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ត្រូវ​​​បាន​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​ផ្តន្ទាទោស​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ខែ​​​ ជា​​​សេចក្តី​​​សម្រេច​​​មួួយ​​​ដែល​​​ក្រុម​​​អ្នក​​​រិះ​​​គន់​​​បាន​​​ចាត់​​​ទុក​​​ភ្លាមៗ​​​ថា ជា​​​ការ​​​ប៉ុនប៉ង​​​ដើម្បី​​​បំបិទ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​។

ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ហេង សុខ​ណា បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​យ៉ាង​​​ច្រើនមុន​​​​​​ម៉ោង​​​៣​​​រសៀល​​​បន្តិច​​​ថា “តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​ គង់ រ៉ាយ៉ា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​១ឆ្នាំ​​​៦ខែ​ ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ជា​​​អាទិ៍​ ប្រព្រឹត្ត​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ”​​​។

គង់ រា៉យ៉ា ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​នគរ​​​បាល​​​មក​​​ពី​​​​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​សន្តិសុខ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ ពេល​​​កំពុង​​​ដើរ​​​ទៅ​​​ថ្នាក់​​​រៀន​​​​​​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​កាល​​​ពី​រសៀល​​​ថ្ងៃ​​​ទី​​​២១​​​ ខែ​​​សីហា។​​​ក្រោយ​​​មក​​​ ​និស្សិត​​​ផ្នែក​​​វិទ្យាសាស្ត្រ​​​នយោបាយ​​​​​​​​​អាយុ​​​២៥​​​ឆ្នាំ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះញង់​​​ពាក់​​​ព័ន្ធ​​​ការ​​​សរសេរ​នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ពីរ​​​សប្តាហ៍​​​មុនមាន​​​​ការ​​​ចាប់​​​ខ្លួន​​​ថា តើ​​​មាន​​​អ្នក​ណា​​​ម្នាក់​​​​​​ “ហ៊ាន​​​ធ្វើ​​​បដិវត្ត​​​ន៍ពណ៌​​​ជាមួយ​​​ខ្ញុំ​​​ទេ​​​?”។

និស្សិត គង់ រ៉ាយ៉ា ត្រូវ​​​បាន​​​ក្រៀក​​​ចូល​​​ក្នុង​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ និស្សិត​​​សាកល​​​វិទ្យាល័យ​​​រូប​​​នេះ​​​ត្រូវ​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ ១៨​​​ ​​​ពាក់​​​ព័ន​​​្ធការ​​​អំពាវ​​​នាវ​​​ឲ្យធ្វើបដិវត្តន៍ពណ៌។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

និស្សិត គង់ រ៉ាយ៉ា ត្រូវ​​​បាន​​​ក្រៀក​​​ចូល​​​ក្នុង​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ និស្សិត​​​សាកល​​​វិទ្យាល័យ​​​រូប​​​នេះ​​​ត្រូវ​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ ១៨​​​ ​​​ពាក់​​​ព័ន​​​្ធការ​​​អំពាវ​​​នាវ​​​ឲ្យធ្វើបដិវត្តន៍ពណ៌។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក​ សម សុគង់ មេធាវី​​​របស់​​​និស្សិត​​​រូប​​​នេះ​​​ បាន​​​ជំទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​ផ្តន្ទាទោស​​​ឲ្យ​​​កូន​​​ក្តី​របស់​​​ខ្លួន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ ខែ​​​កាល​​​ពីម្សិល​​​មិញ ដោយ​​​ចាត់​​​ទុក​​​ថា​​​​ជា​​​ការ​​​ផ្តន្ទាទោស​​​មិនសម​​​ហេតុ​​​ផល​​​​ឲ្យ​​​​យុវ​​​ជន​​​​​​​​វ័យ​​​ក្មេង​​​ម្នាក់​​មាន​​​ពិរុទ្ធភាព​​​​គ្រាន់​​​តែ​​​បញ្ចេញ​​​មតិ​​​យោបល់​​​តាម​​​អីុនធឺណិត​​​​​​ប៉ុណ្ណោះ​​​នោះ​​​​។

លោក​​​ សម សុគង់ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “គាត់​​​គិត​​​ថា នៅ​​​ក្នុង​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​សេរី​​​ភាព​​​បញ្ចេញ​​​មតិ​​​ត្រូវ​​​បាន​​​​​​គោរព​​​។ ​​​ប៉ុន្តែ ​​​ពេល​​​​​​គាត់​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ គាត់​​​បែរ​​​ជា​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទៅ​​​វិញ​​​។ ខ្ញុំ​​​គិត​​​ថា សេរី​​​ភាព​​​​​​​​​បញ្ចេញ​​​មតិ​​​ត្រូវ​​​បាន​​​រំលោភ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​”។

លោក​​​បាន​​​បន្ថែ​​​ម​​​ថា “ការ​​​ផ្តន្ទា​​​ទោស​​​េនះ​​​គឺ​​​ធ្ងន់​​​ធ្ងរ​​​ បើ​​​ផ្អែក​​​តាម​​​លទ្ធភាពនៃ​ការ​​​ផ្តន្ទា​​​ទោស​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​ច្បាប់”។ ការ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​ល្មើស​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​អតិបរមា​​​​​​២ឆ្នាំ ។

ពេល​​​និយាយ​​​នៅ​ខាង​​​ក្រៅ​​​បន្ទប់​​​សវនា​​​ការ​​​ ​​​គង់ រ៉ាយ៉ា ដែល​នៅតែ​ជម្នះ​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ ហើយ​​​ចោទ​​​សួរ​​​អំពី​​​សុចរិត​​​ភាព​​​របស់​​​តុលាការ​​​នៅ​​​កម្ពុជា​​​។

និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “នេះ​​​គ្មាន​​​អ្វី​​​ប្លែក​​​ទេ​​​សម្រាប់​​​តុលាការ​​​នៅ​​​កម្ពុជា​​​។ វា​​​តែង​​​តែ​​​អ៊ីចឹង​​​​​​​​​​​​​​​​​​​​​​​ហើយ​​​។ វា​​​មិន​​​ត្រឹម​​​តែ​​​អយុត្តិធម៌​​​ ចំពោះ​​​ខ្ញុំ​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​​​ទេ វា​​​អយុត្តិធម៌​​​ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​មូល​​​”។

លោក​​​ អំ សំអាត​​​ ប្រធាន​​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​េនះជា “ការ​​​គំរាម”​​​​ របស់​​​រដ្ឋាភិបាល​​​ ដែល​​​មាន​​​គោល​​​បំណង​​​រារាំង​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ពាក់​​​ព័ន្ធ​​​នយោ​​​បាយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “វា​​​គឺជា​​​យុត្តិសាស្ត្រ ​​​និង​​​ជា​​​ឧទាហរណ៍​​​ដើម្បី​​​រារាំង ឬ​​​គំរាម​​​ដល់​​​ការ​​​បញ្ចេញ​​​មតិ​​​របស់​​​យុវជន​​​ផ្សេង​​​ទៀត”។

លោកស្រី មូរ សុខហួរ​​​​​​​​​​​ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​ក៏​​​បាន​​​យល់​​​ស្រប​​​ដូច្នេះ​​​ដែរ​​​។ ​​​លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជា​​​ការ​​​ព្រមាន​​​គួរ​​​ឲ្យ​​​រន្ធត់​​​ចំពោះ​​​យុវជន​​​ដែល​​​ប្រើ​​​ប្រាស់​​​ហ្វេស​​​ប៊ុក​​​ជា​​​មធ្យោបាយ​​​សម្រាប់​​​ការ​​​បញ្ចេញ​​​មតិ​​​ផ្ទាល់​​​ខ្លួន​​​”។

​​​មួយ​​​ខែ​​​មុន​​​ពេល​​​ គង់ រ៉ាយ៉ា អំពាវ​​​នាវ​​​ឲ្យ​​​ធ្វើ​​​ “បដិវត្ត​​​ន៍ពណ៌” ជា​​​ពាក្យ​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​សំដៅ​ដល់​ការ​​​ធ្វើ​​​បាតុកម្ម​​​អហិង្សា​​​នោះ​ ទស្សនៈ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន​ ស្តី​​​ពី​​​ប្រធាន​​​បទ​​​នេះ​​​​​​បាន​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​មួយ​​​ចេញ​​​ដោយ​​​ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​។

សេចក្តី​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​កក្កដាមាន​​​​ខ្លឹម​​​សារ​​​ដូច្នេះ​ថា “លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន បាន​​​ប្រាប់​ឲ្យ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ធានា​​​ឲ្យ​​​បានថា​​​ ‘បដិវត្ត​​​ន៍ពណ៌​​​’​​​​​​ មិន​​​អាច​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាបាន​ឡើយ​”។

លោក​​​ ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខណៈ​​​សេចក្តី​​​សម្រេច​​​ផ្តន្ទាទោស​​​ឲ្យ​​គង់​​​ រ៉ាយ៉ា ជាប់​​​ពន្ធនាគារ​​​​​​ធ្វើ​​​ឡើង​​​តាម​​​ “ឆន្ទានុ​​​សិទ្ធិ​​​របស់​​​តុលាការ​​​”​​​ នោះ​​​ លោក​​​សង្ឃឹម​​​ថា ​​​សាធារណជន​​​នឹងយក​ចិត្ត​ទុក​ដាក់​​​​គោរព​​​តាម​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ស្នើ​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​រួម​​​គ្នា​​​ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​។ ​​​ដូច​​​ដែល​​​សារ​​​មួយ​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ទូទាំង​​​ប្រទេស​​​ គឺ​​​ថា នរណា​​​ក៏​​​ដោយកុំ​​​​ព្យាយាម​​​បង្ក​​​ឲ្យ​​​មាន​​​បដិវត្ត​​​ន៍ណា​​​មួយ​​​ឲ្យ​​​សោះ​​​នៅ​​​កម្ពុជា​​​”។

​មិត្ត​​​ភក្តិ​​​​មួយ​​​ចំនួន​​​​​​​​​របស់​​​​​​ គង់ រ៉ាយ៉ា យល់​​​យ៉ាង​​​ច្បាស់​​​អំពី​​​សារ​​​នេះ​​​។ ជ្រៃ បូរ៉ា អាយុ​​​២៤​​​ឆ្នាំ​​​ដែល​​​ជា​​​និស្សិត​​​​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ដែរ​​​នោះ​​​​​​បាន​​​ដាក់​​​ញត្តិ​​​ជូន​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ផ្សេង​​​ៗកាល​​​ពី​​​ថ្ងៃអាទិត្យ​​​អំពាវ​​​នាវ​​​​​​​​​ឲ្យ​​​ដោះ​​​លែង​​​ គង់ រ៉ាយ៉ា វិញ​។

និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​និស្សិត​​​ភាគ​​​ច្រើន​​​នៅ​​​សាកលវិទ្យាល័យ​​​ទាំង​​​អស់​​​ក្នុង​​​ប្រទេស​​​កម្ពុជា មាន​​​អារម្មណ៍​​​ខ្លាច​​​មិន​​​ហ៊ាន​​​បង្ហោះ ឬ​​​ចែក​​​រំលែក​​​ព័ត៌មាន​​​ណា​​​មួយ​​​ដែល​​​ទាក់​​​ទិន​​​នឹង​​​រដ្ឋាភិបាល​​​ឡើយ​​​។ វា​​​ហាក់​​​បី​​​ដូច​​​ជា​​​ប្រទេស​​​កុម្មុយនីស្ត​​​អ៊ីចឹង ប្រជា​​​ពល​​​រដ្ឋ​​​​​​គ្មានសិទ្ធិ​​​គ្រប់​​​គ្រាន់​​​ទេ​​​”៕ ស៊ុយឈាង​

The post សាលា​​​ដំបូង​​​រាជធានី​​​​​​ផ្តន្ទាទោស​​​​​​និស្សិត​​​ គង់ រ៉ាយ៉ា ឲ្យជាប់​​​ពន្ធនាគារ​​​១៨​​​ខែ appeared first on ខេមបូឌា ដេលី.