ស្ត្រី​ពីរ​នាក់​​​នៅ​​​​​​ខេត្ត​​​កំពង់​​​​​​ស្ពឺ ​ត្រូវ​​​បាន​ដោះលែង​ពី​ពន្ធនាគារ​តាម​​​​បញ្ជា​របស់​​​លោក​​​​​នាយក​​​​​​រដ្ឋ​​​​​​មន្ត្រី​

ស្ត្រី​ពីរ​នាក់​ដែល​បាន​ជាប់​ពន្ធនាការ​កាល​ពី​សប្ដាហ៍​មុន​​ពីបទ​បំពាន​ដីកា​របស់​តុលាការ​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​​មួយ​​ដែល​កំពុង​កើត​មាន​​នៅ​​​​​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​ដោះលែង​កាលពី​យប់​ថ្ងៃច័ន្ទ ពោល​គឺ​១ម៉ោង​​បន្ទាប់ពី​​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​អំពាវ​នាវ​​តាម​ទំព័រ​ហ្វេស​​​ប៊ុក​​​​របស់​លោក​​​​ឲ្យ​ដោះលែង​ពួកគាត់​។

មន្ត្រី​រដ្ឋាភិបាល​​បាន​ប្រញាប់​​​​ប្រញាល់​​​ចេញ​​​មុខ​ការ​ពារ​​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ថា ជា​ទស្សនៈ​មួយ​ដែល​តុលាការ​​មាន​សេរីភាព​ក្នុង​ការ​មិន​អើពើ​​ ប៉ុន្តែ​បណ្ដា​អ្នក​រិះគន់​និយាយ​​​​ថា ចំណាត់​ការ​នេះ​​​​​គ្រាន់តែជាការ​​​​បង្ហាញ​​ពី​​​អំណាច​​​ដ៏​​ធំ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​​​​​​​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជភាព​របស់​ប្រព័ន្ធតុលាការ​​កាន់​តែ​ខ្លាំង​។

អ្នកស្រី យូ រ៉ន អាយុ​៥១​ឆ្នាំ និង​អ្នកស្រី អុិត រុំ ​អាយុ​៥៥​ឆ្នាំ​ដែល​​​​​​តំណាង​​​ឲ្យ​​​​​​​​​ប្រជា​​​ពលរដ្ឋ​ជាង​១៦០​គ្រួសារ​ គឺ​ជា​បុគ្គល​សំខាន់​នៅ​ក្នុង​ការ​តស៊ូ​ប្រឆាំង​​ដើម្បី​រក្សា​ការ​ពារ​ដី​ប្រមាណ​១.០០០​ហិកតា​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ពួកគាត់​ទាំង​ពីរ​បាន​បង្ហាញ​មុខ​​​​នៅ​សាលា​ដំបូង​ខេត្ត​សម្រាប់​ការ​សាកសួរ​កាលពី​ថ្ងៃ​សុក្រ​​ពាក់​ព័ន្ធ​ពាក្យ​បណ្ដឹង​មួយ​​ដាក់​ប្ដឹង​នៅ​ឆ្នាំ​២០១៤ ដោយ​​ឈ្មោះ ជា គុំ ​ដែល​​​​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នេះ​ដែរ​។

ចៅក្រម ទួន ពុទ្ធារ៉ា ​​បាន​​​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​​​និង​ឃុំឃាំងពួកគាត់​ភ្លាមៗ​​ ​នៅ​​ពន្ធនាគារ​ខេត្ត​​​ពីបទ​មិន​គោរព​​ដីកា​មុនៗ​របស់​តុលាការ​។

លោក ហ៊ុន សែន ​បាន​​សរសេរ​​លើ​​ទំព័រ​ហ្វេស​ប៊ុក​​របស់​លោក​​​នៅ​​​ម៉ោង​ ៩ យប់​លើស​​បន្តិច​​​កាលពី​ថ្ងៃ​ច័ន្ទ​ថា “ជាការគួរ​ឱ្យខក​ចិត្ត​ខ្លាំង​ណាស់ដែលតុលាការខេត្តកំពង់ស្ពឺ ចាប់​តំណាង​​​​ប្រជាជន​២នាក់ឃុំខ្លួន។​​​ខ្ញុំបាន​បញ្ជាទៅ​អភិបាល​​​​​​ខេត្តឲ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់​ដើម្បី​​​​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ។ កូនប្រុស​ខ្ញុំ​២​នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុង​ធ្វើ​ដំណើរ​ទៅ​​​​កាន់​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​​​​នេះ។ សង្ឃឹម​ថា ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ទាំង​២នាក់​បាន​នៅ​ក្រៅ​ឃុំ។ ប្រសិន​មិន​ទុក​ចិត្ត [ពួកគេ] សុំ​អស់​លោក​ឃុំ​កូន​ខ្ញុំ​ទាំង​២​នាក់​ជំនួស​វិញ​ចុះ”។

ទាក់​ទិន​បញ្ហា​នេះ ​មន្ត្រី​តុលាការ​​មិន​​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ។

លោក​ អុឹង សំរឹទ្ធ មន្ត្រី​សម្របសម្រួល​​​​នៅ​​​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​ប្រចាំ​ខេត្ត​នេះ​ បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​​​​​​​ដោះលែង​​​នៅ​រវាង​​​ម៉ោង​១០​​ទៅ​ម៉ោង​១១​យប់​ថ្ងៃ​ច័ន្ទ។ លោក​បាន​​​ថ្លែង​ថា “​គ្រាន់​តែ​ក្រោយ​​​​ពី​​​សម្ដេច​ ហ៊ុន សែន ​បង្ហោះ​សារ​តាម​ហ្វេស​​ប៊ុក​​​ភ្លាម ព្រះរាជអាជ្ញា​រង​បាន​ចាត់​វិធានការ​ ហើយ​សម្រេច​ដោះលែង​ស្ត្រី​ទាំង​​​​​​ពីរនាក់នេះភ្លាម”។​

អ្នកស្រី យូ រ៉ន បាន​និយាយ​​​​​​​​​​ពី​ផ្ទះ​របស់​​​​គាត់​កាលពី​ម្សិលមិញ​​ថា អ្នកស្រី​សប្បាយ​ចិត្ត​ដែល​​​​មាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​គាត់​មិន​គួរ​ជាប់​ពន្ធនាគារ​តាំង​ពីដំបូង​​​ម៉្លេះ​​​​។ ​គាត់​​បាន​និយាយ​​​​ទៀត​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សម្ដេច​ជួយ​អន្តរា​​គមន៍​ដោះលែង​យើង។ យើង​​មិន​គួរ​​ត្រូវ​​​គេ​​​​ឃុំខ្លួន​ទេ​ ពីព្រោះ​តុលាការ​ឃុប​ឃិត​​​​ជាមួយ​អាជ្ញាធរឲ្យ​អ្នក​ជំនួញ​ម្នាក់​យក​ដីធ្លី​របស់​យើង​ ហើយ​ចាប់​ខ្លួន​យើង​”។

បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​នេះ​ ហាក់​ដូច​ជា​​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​​លើក​ឡើង​​​​​ជា​សាធារណៈ​​​ថា លោក​គ្មាន​សមត្ថភាព​​អន្តរា​​គមន៍​ក្នុង​រឿង​ក្ដីតុលាការ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បញ្ហា​អ្នក​​ទោស​នយោបាយ​ត្រូវ​បាន​លើក​ឡើង​​អំឡុង​ជំនួប​មួយ​រវាង​លោក ហ៊ុន សែន និង​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាមា៉ ​​កាលពី​ខែ​​វិច្ឆិកា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី​​​​​​បាន​​​​​​​បក​ស្រាយ​​​អំឡុង​​​ពេល​​​​​​ថ្លែង​​​​​​​​​​​​សុន្ទរក​ថា​​ ​អំណាច​របស់​លោក​​​​​​​​​​​​​​​មាន​កម្រិត។

លោក​​​​បាន​​​លើក​​​​​​ឡើង​​​​​​សំដៅ​ដល់​​អ្នក​រិះ​គន់ដែល​​​​មិន​បញ្ចេញ​ឈ្មោះ​នៅ​ពេល​នោះ​ថា “មាន​​ការ​​លើក​ឡើង​ថា ខ្ញុំ​​​អន្តរាគមន៍​ដោះ​លែង​អ្នក​​ទោស​។ បើ​​ខ្ញុំ​ធ្វើ​​​អញ្ចឹង​មែន អញ្ចឹង​​​វា​​ដូច​​​អ្វីដែល​​អ្នក​​ឯង​​ចោទ​ហើយ។ អ្នក​​ឯង​ចោទ​​ថា ខ្ញុំ​គ្រប់​គ្រង​តុលាការ​ដែល​​ជា​​ស្ថាប័ន​មាន​​ភាព​​ឯក​រាជ​​​ផ្ទាល់​​ខ្លួន អញ្ចឹង​មាន​ន័យ​​ថា​​​អ្នក​​ឯង​​សុំ​​ឱ្យ​ខ្ញុំ​​​​ប្រព្រឹត្ត​​​​ល្មើស​​ច្បាប់។ សុំ​ឲ្យ​ខ្ញុំ​ដោះលែង​អ្នក​​ទោស​នេះ​ អ្នក​ទោស​នោះ ប៉ុន្តែ​ឲ្យ​​​ខ្ញុំ​​អាច​ធ្វើ​​​ម៉េច​​​កើត ព្រោះ​តុលា​ការ​ឯករាជ្យ​? យើង​ប្រព្រឹត្ត​បទល្មើស តុលា​ការ​ផ្ដន្ទាទោស​។ គ្មាន​អ្នក​ណា​អាច​នៅពី​​​​លើ​ច្បាប់​បាន​ទេ”។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​​ធម៌​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​​សាលា​​ដំបូង​ខេត្ត​កំពង់ស្ពឺ​​ បាន​សម្រេច​ដោះ​​លែង​ស្ត្រី​ទាំង​ពីរ​នាក់​ដោយ​ខ្លួន​ឯង ហើយ​ថា លោក ហ៊ុន សែន មាន​សិទ្ធិ​បញ្ចេញ​មតិ​​​​​ទាក់​​​​​​ទិន​​​ករណី​នេះ។

លោក​លើក​ឡើង​ថា “​តាម​ពិត​ វា​គ្រាន់​តែ​​ជា​​ទស្សនៈ​​​យល់​ឃើញ​របស់​សម្ដេច​នាយក​​រដ្ឋមន្ត្រី​ ឬ​ជាការ​ព្រួយ​បារម្ភ​ប៉ុណ្ណោះ វា​មិន​មែន​ជា​បទ​បញ្ជា​​ទេ។ គ្មាន​ច្បាប់​ណា​ចែង​ថា នាយក​រដ្ឋមន្ត្រី​​​បញ្ចេញ​ទស្សនៈ​ខុស​ទេ ព្រោះ​​​វា​ស្រេច​​លើ​តុលាការ​ជា​អ្នក​សម្រេច​។ វា​មិន​​​​មែន​ជា​សិទ្ធិ​របស់​នាយករដ្ឋមន្ត្រី​ទេ។ បើ​នាយក​រដ្ឋមន្ត្រី​បង្គាប់​តុលាការ​ ទើប​​វា​ខុស​ច្បាប់​”។

ទោះ​ជា​យ៉ាង​ណា លោក​​ទទួល​ស្គាល់​ថា ទស្សនៈ​របស់​លោក ហ៊ុន សែន មាន​ទម្ងន់​ជាង​​​​​​ទស្សនៈ​របស់​​​​​ប្រជាពលរដ្ឋ​​​ធម្មតា។ “តុលា​ការ​​​ធ្វើ​ការ​លឿន​​ដោយ​សារ​តែ​ទស្សនៈ​របស់​នាយក​​​រដ្ឋមន្ត្រី​​​បន្ទាន់​ជាង​ទស្សនៈ​របស់​ប្រជា​​ពលរដ្ឋ​ធម្មតា”។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ប្រចាំតំបន់​​​​អាស៊ី​ បាន​មាន​​​ប្រសាសន៍​ថា ទស្សនៈ​​លើក​ឡើង​ថា តុលា​​ការ​អាច​​​​បំពាន​​​​​​​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​​​​បាន គឺ​មិន​សម​ហេតុ​ផល​ទេ។

លោក​លើក​ឡើង​​តាម​រយៈ​សារ​អេឡិច​​ត្រូនិក​ថា ”​មិន​ចាំបាច់​ឆ្ងល់​ទេ លោក ហ៊ុន សែន ចង់​បាន​អ្វី​​បាន​តាម​​ចិត្ត​ គ្រប់​ពេល​ដែល​គាត់​ចង់​បាន​ពី​តុលាការ​​​ស្ដាប់​បង្គាប់​របស់​កម្ពុជា ដូច​​​ដែល​​​​​​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាច្រើន​​​ធ្លាប់​បាន​ដឹង​ បន្ទាប់​ពី​​ត្រូវ​គេ​បញ្ជូន​ចូល​តុលាការ​តាម​បទ​ចោទ​ប្រកាន់​ដែល​​គេ​ប្រឌិត​។ ទីបំផុត គ្មាន​ចៅក្រម​ណាម្នាក់​​នៅ​កម្ពុជា​ហ៊ាន​សាក​សួរ​អំពី​បទ​បញ្ជា​​ផ្ទាល់​ពី​លោក ហ៊ុន សែន ​ឡើយ​​​ហើយ​នោះ​គឺ​ជា​រឿង​ពិត​​ផ្នែក​នយោ​បាយ។ អ្វីដែល​វា​បង្ហាញ​គឺ​ថា ភាព​ឯករាជ​របស់​ប្រព័ន្ធ​​​តុលាការ​កម្ពុជា គឺក្លែងក្លាយ​ ហើយ​​​​ការ​ស្បថ​ស្បែ​របស់​លោក ​ហ៊ុន សែន និង​មន្ត្រី​​​គណ​បក្ស​ប្រជាជន​ផ្សេង​ទៀត​​ថា ​​ការ​ពារ​ឯក​រាជ​​ភាព​​​​របស់​ប្រព័ន្ធ​តុលាការ​​ គឺ​ជា​ការ​បោក​​​​​​បញ្ឆោត”៕ សុខុម​​​​​

The post ស្ត្រី​ពីរ​នាក់​​​នៅ​​​​​​ខេត្ត​​​កំពង់​​​​​​ស្ពឺ ​ត្រូវ​​​បាន​ដោះលែង​ពី​ពន្ធនាគារ​តាម​​​​បញ្ជា​របស់​​​លោក​​​​​នាយក​​​​​​រដ្ឋ​​​​​​មន្ត្រី​ appeared first on ខេមបូឌា ដេលី.