នគរបាល​បិទ​សិក្ខា​សាលា​របស់​អង្គការ​​​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​

កាលពី​ម្សិលមិញ នគរ​បាល​ខេត្ត​រតនគិរី​​បាន​​បញ្ជា​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​លុប​ចោល​សិក្ខាសាលា​ដែល​បាន​គ្រោង​ទុក​​ ក្នុង​គោល​​បំណង​ជម្រាបជូន​​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មូលដ្ឋានអំពី​សិទ្ធិ​របស់​ពួកគាត់​ ដោយអះអាង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​​​នេះ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ចំាបាច់​ពី​អាជ្ញាធរ​។

លោក ឆាយ ធី ​អ្នក​សម្រប​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​និងបុគ្គលិក​របស់​លោក​បាន​​​​​មក​ដល់​មណ្ឌល​សហគមន៍​ភូមិ​គ្រៀង ​ក្នុង​​​ស្រុក​បរកែវ ​ក្រោយ​​ម៉ោង​​៨ព្រឹក​បន្តិច​ ហើយ​​​​​​​​ថា នគរ​បាល​ប្រហែល​២០​នាក់​បាន​មក​ដល់​ប៉ុន្មាន​​​​នាទី​ក្រោយ​មក​ឲ្យ​បិទ​សិក្ខា​សាលា​​នេះ​។

លោក​​ថ្លែង​ថា ”​ខណៈ​ដែល​យើង​ហៀប​នឹង​ចង​បដា​ទៅ​ហើយ ​នគរ​បាល​ និង​កង​រាជ​អាវុធហត្ថ​ប្រហែល​២០​នាក់​មក​ពី​ឃុំ និង​ស្រុក​​​​នេះ​បាន​មក​ដល់​ មិន​ត្រឹម​តែ​រំខាន​ពួក​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រារាំង​យើង​មិន​ឲ្យ​រៀប​ចំ​​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង​”។

​នៅពេល​ទាក់​ទង​​ក្រោយ​មក លោក មាស សារ៉េត អភិបាល​ស្រុក​ស្ដីទី​​​មាន​ប្រសាសន៍​​​ថា អង្គការ​អាដហុក​​មិន​ទទួល​បាន​ការ​យល់​ព្រម​​​​ជាមុន​សម្រាប់​ការ​រៀបចំ​សិក្ខាសាលា​នេះ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​មិន​បាន​ទៅ​ទីនោះ​ដើម្បី​រារាំង​ពួក​គាត់​​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ឲ្យ​លោក ឆាយ ធី ផ្អាក​វគ្គបណ្ដុះ​បណ្ដាល​នេះ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​គាត់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​​​ខេត្ត​ជាមុន​សិន។ យើង​បាន​សម្រេច​​សុំ​ឲ្យ​ផ្អាក​ ពីព្រោះ​យើង​ចង់​ឲ្យ​គាត់ផ្ដល់​លិខិត​​ជា​លាយ​លក្ខណ៍​អក្សរ​​ពន្យល់​ពី​គោល​បំណង និង​របៀបវារៈ​នៃ​វគ្គបណ្ដុះ​បណ្ដាល​នេះ”។

នៅ​ពេល​សួរ​​ថា តើច្បាប់ណា​​តម្រូវ​ឲ្យ​មាន​​ការ​យល់​ព្រម​​ជាមុន​សម្រាប់​ការ​ជួប​ជុំបែប​នេះ​នោះ លោក សារ៉េត បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោកបែរ​ជា​​​លើក​ឡើង​ថា ”​ខ្ញុំ​រីក​រាយ​ដោយ​​​​គាត់ចូល​រួម​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រជា​ពលរដ្ឋមូលដ្ឋាន ប៉ុន្តែ​យើង​​ត្រូវ​ការ​ឲ្យ​គាត់​ធ្វើ​តាម​រចនាសម្ព័ន្ធ​”។

លោក ឆាយ ធី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គ្មាន​សិទ្ធិ​រារាំង​​​​ជំនួប​​​ដែល​ជា​ផ្នែក​នៃ​កម្មវិធី​ផ្ដល់​មូលនិធិ​ដោយ​សហរដ្ឋ​អាេមរិក​​ទេ​។ លោក​បាន​ថ្លែង​ថា “​គ្មាន​ច្បាប់​ណា​តម្រូវ​​​ឲ្យ​យើង​សុំ​ការ​អនុញ្ញាត​ទេ ពីព្រោះ​ក្រសួង​មហាផ្ទៃ​​គ្រាន់​តែ​តម្រូវ​ឲ្យ​​អង្គការ​​ណាមួយ​ដែល​មាន​ការិ​យា​ល័យ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្ត​ជូន​ដំណឹង​​​ទៅ​​អាជ្ញាធរ​​ឱ្យ​បាន​ប្រាំថ្ងៃ​មុន​ថ្ងៃ​រៀបចំ​សិក្ខា​សាលា​ប៉ុណ្ណោះ”។

លោក ឆាយ ធី បាន​ថ្លែង​ថា យើង​បាន​បញ្ជូន​សេចក្តី​​ជូនដ​ំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​រួច​ហើយ ដោយ​​​ចម្លង​ជូន​មន្ត្រី​ស្រុក និង​មន្ត្រី​ឃុំ​ផង​ដែរកាលពី​ខែ​មករា​ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ដំណឹង​វិញ​ឡើយ​។ លោក សារ៉េត បាន​ថ្លែង​ថា លោក​ទើប​តែ​បានឃើញ​សេចក្ដី​ជូន​ដំណឹង​នេះ​កាលពី​ពេល​ថ្មីៗ​​ប៉ុណ្ណោះ។

លោក ញ៉ែម សំអឿន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ជូន​ដំណឹង​នេះ​​​មិន​គ្រប់គ្រាន់​ទេ ពីព្រោះ​វា​ខ្វះ​ព័ត៌មាន​លម្អិត​​មួយ​ចំនួន​។

លោក​បាន​ថ្លែង​ថា “​បើ​ទោះ​ជា​គាត់​បាន​​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​រួច​ហើយ​ក៏ដោយ ក៏​ចាំបាច់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​​ដូច​ជា​ការ​ពន្យល់​អំពី​គោល​បំណង​នៃ​វគ្គ​បណ្ដុះ​បណ្ដាល កម្មវិធី និង​ចំនួន​អ្នក​ចូលរ​ួម​ផង​ដែរ​”។

លោក​បាន​បន្ថែម​ដោយ​​មិន​និយាយ​លម្អិត​​ថា “​ចំណុច​មួយ​ចំនួន​ស្ដីពី​វគ្គបណ្ដុះ​បណ្ដាល​នេះ​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​លុប​ចោល​ ព្រោះ​​​​វា​មិន​ត្រឹម​ត្រូវ​”។

លោក ឆាយ ធី បាន​ថ្លែង​ថា លោក​រំពឹង​ថា ​​នឹង​មាន​ប្រជាពលរដ្ឋ​ពី​៨០​ទៅ​១០០​នាក់​​ចូល​​​រួម​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​នេះ​ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ជនជាតិ​ដើម​​ភាគ​​​​តិច លទ្ធិប្រជាធិបតេយ្យ និង​ការ​តស៊ូមតិ​​។

លោក​បាន​ចាត់​​ទុក​មូល​ហេតុ​​របស់​អាជ្ញាធរ​​​​ក្នុង​ការ​បិទសិក្ខាសាលា​​នេះ​ថា ជា​លេស​ដើម្បី​​​បំភិត​បំភ័យ និង​បំបិទ​មាត់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​ជាប់​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​មួយ​ចំនួន​ជាមួយ​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​មាន​អំណាច។

លោក​ Jay Raman អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​បាន​លើក​ឡើង​ថា លោក​​បាន​ដឹង​​​ព័ត៌មាន​ថា សិក្ខាសាលានេះ​ត្រូវ​បាន​រារាំង ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ហេតុ​​ការ​ណ៍នោះ​ ឬ​ថា​តើ​​សកម្មភាព​​របស់​រដ្ឋា​ភិបាល​​​​ស្រប​ច្បាប់​ឬយ៉ាង​ណា​នោះ​ឡើយ។

លោក​បាន​និយាយថា “​យើង​គិត​ថា នេះ​ជា​កម្មវិធី​សំខាន់​ ហើយ​យើង​នឹង​ធ្វើការ​​ជាមួយ​​​ដៃគូ​អនុវត្តន៍របស់យើង​ និង​រដ្ឋាភិបាល​ដើម្បី​​​​​​ដំណើរ​ការ​ទៅ​មុខ​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​

 

The post នគរបាល​បិទ​សិក្ខា​សាលា​របស់​អង្គការ​​​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​ appeared first on ខេមបូឌា ដេលី.