​ដឹង​ទេ​ហេតុ​អ្វី​ អ៊ុំ ចំរើន ចូល​ចិត្ត​ថ្វាយ​បង្គំ​គ្រូ​តាម​របៀប​ក្រមុំ​តែង​ខ្លួន?

អ្នក​ប្រដាល់​វ័យ​ក្មេង​​​ អ៊ុំ ចំរើន ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មើល​ឃើញ​ថា ​​​ចូល​ចិត្ត​​​ថ្វាយ​បង្គំ​គ្រូ​តាម​របៀប​ក្រមុំ​តែង​ខ្លួន​​​គ្រប់​​ការ​​ប្រកួត​របស់​គេ។ ទាក់​ទង​​​ នឹង​​​បញ្ហា​​នេះ​តើ​​ប្រិយមិត្ត​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​រូប​គេ​​​ចូល​ចិត្ត​​​​​​ថ្វាយ​បង្គំ​គ្រូ​របៀប​នេះ​?

 

​ដឹង​ទេ​ហេតុ​អ្វី​ អ៊ុំ ចំរើន ចូល​ចិត្ត​ថ្វាយ​បង្គំ​គ្រូ​តាម​របៀប​ក្រមុំ​តែង​ខ្លួន?កីឡាករ អ៊ុំ ចំរើន ក្នុង​ពេល​ថ្វាយ​បង្គំគ្រូ​

 

​​​សិស្ស​​ប្អូន​របស់​​ ផល សោភ័ណ្ឌ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​របៀប​ថ្វាយ​បង្គំ​គ្រូ​ក្រមុំ​តែង​​ខ្លួន​នេះ​ រូប​គេ​ចាប់​អារម្មណ៍​​​ចង់​រៀន​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ​។ ​​ការ​យល់​ឃើញ​ដូច​នេះ​ ដោយ​សារ​មាន​បង​ប្អូន​ជីដូន​មួយ​របស់​គេ​ម្នាក់​ជា​អ្នក​ប្រដាល់ ឡើង​បង្ហាញ​​​​​ខ្លួន​​ថ្វាយ​បង្គំ​គ្រូ​​តាម​​របៀប​​ក្រមុំ​តែង​ខ្លួន​ ហើយ​​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សើច​សប្បាយ ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

 

​​​កីឡាករ​រូប​នេះ​បន្ត​ថា ​ក្រៅ​ពី​ចង់​​ធ្វើ​ត្រាប់​​​តាម​បង​ប្អូន​​ជីដូន​មួយ​ ​​រូប​គេ​យល់​ថា ​របៀប​ថ្វាយ​បង្គំ​​គ្រូ​​​​ក្រមុំ​តែង​ខ្លួន​​គឺ​ពិត​ជា​ប្លែក​​​ពី​​គេ ​និង​អាច​ឲ្យ​ខ្លួន​​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​​ពី​អ្នក​ដទៃ​​ច្រើន។ ​​​សម្រាប់​ការ​ចាប់​ផ្ដើម​​រៀន​ថ្វាយ​បង្គំ​គ្រូ​ដំបូង​​ ចំរើន ​​​ក៏​​​ខ្មាសអៀន​ខ្លះ​ដែរ​​ ​ប៉ុន្តែ​រូប​គេ​នៅ​តែ​បន្ត​​ធ្វើ​រហូត​ដល់​បច្ចុប្បន្ន​​​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ស្នេហា​ប្រដាល់​កម្ពុជា។

 

​កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សង្វៀន​ប្រដាល់​ទូរទស្សន៍ PNN  ​កីឡាករ​ អ៊ុំ ចំរើន បាន​យក​ឈ្នះ​កីឡាករ​ថៃ Mike Meung Aranh ​ដោយ​ពិន្ទុ​ ​ដែល​ពេល​នោះ​រូប​គេ​ក៏​ថ្វាយ​បង្គំ​​គ្រូ​តាម​របៀប​ក្រមុំ​តែង​ខ្លួន​ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​