​ប្រធាន​ក្លឹប​គីរីវង់ ​ទម្លាយ​ខ្ទង់​ចំណាយ​សម្រាប់​ចូល​លេង​លីគ​​រដូវ​កាល​ក្រោយ

​លោក ឌុក វាសនា ​ប្រធាន​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​​​បាន​ឲ្យ​ដឹង​ពី​ការ​ត្រៀម​​​ចំណាយ​​ប្រាក់​​ក្នុង​រយៈ​ពេល​​​មួយ​​សម្រាប់​ត្រៀម​ខ្លួន​​ចូល​លេង​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​នា​រដូវ​កាល​ក្រោយ​​ឆ្នាំ​២០១៧។

 

​ប្រធាន​ក្លឹប​គីរីវង់ ​ទម្លាយ​ខ្ទង់​ចំណាយ​សម្រាប់​ចូល​លេង​លីគ​​រដូវ​កាល​ក្រោយលោក ឌុក វាសនា

 

​លោក ឌុក វាសនា បាន​ឲ្យ​ដឹង​ថា ​​ការ​វិល​ត្រឡប់​ចូល​​លេង​លីគ​កំពូល​កម្ពុជា​វិញ​នេះ ​​​ចាំ​បាច់​ត្រូវ​តែ​មាន​ដៃគូ​ជួយ​ឧបត្ថម្ភ។ ​​​ក្លឹប​របស់​លោក​​កំពុង​ជ្រើស​រើស​កីឡាករ​​ល្អ​​ៗ ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​តាម​រយៈ​ការ​បង្កើត​ពាន​រង្វាន់​ក្នុង​ស្រុក​​ដើម្បី​​​ត្រៀម​​ចូល​លេង​លីគ​កំពូល​កម្ពុជា​វិញ។ លោក​ត្រូវ​ត្រៀម​ប្រាក់​ប្រមាណ​ជាង១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​ ​ដែល​សរុប​ក្នុង​មួយ​ឆ្នាំ​យ៉ាង​ហោច​ណាស់​​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​​ទើប​អាច​ចូល​លេង​​វិញ​បាន។

 

​ប្រធាន​ក្លឹប​រូប​នេះ​បន្ត​ថា ​ទោះ​បី​អាច​ប្រមូល​ធនធាន​កីឡាករ​​ល្អៗ​ ទូទាំង​​ខេត្ត​គ្រប់​ចំនួន​តាម​ការ​ចង់​បាន ​សម្រាប់​ចូល​លេង​លីគ​កំពូល​កម្ពុជា​វិញ​ក៏​ដោយ​ ​ក៏​នៅ​តែ​បន្ត​បើក​កម្មវិធី​ប្រកួត​​បាល់ទាត់​ពាន​រង្វាន់​​​ឯកឧត្ដម​សភាចារ្យ​​ សុខ អាន​​ យុវជន​ក្រោម​១៩​ឆ្នាំ​ដដែល។ ​ក្លឹប​គីរីវង់​ព្យាយាម​បណ្ដុះ​ថ្នាល​យុវជន​ក្នុង​​ខេត្ត​តាកែវ​​ឲ្យ​បាន​ច្រើន​ ដើម្បី​​ងាយ​ស្រួល​ប្រមូល​​អ្នក​ដែល​មាន​សមត្ថភាព​ចូល​លេង​​ក្នុង​ក្លឹប​គីរីវង់​។

 

​សម្រាប់​ការ​​​បង្កើត​ពាន​​រង្វាន់​យុវជន​ក្រោម​ ១៩​ឆ្នាំ​​ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ​ សុខ អាន ប្រាក់​ដែល​​ក្លឹប​គីរីវង់​ត្រូវ​ចំណាយ​ក្នុង​មួយ​សប្ដាហ៍​ចំនួន ៣​លាន​រៀល។

 

​​មើល​វីដេអូ​ព័ត៌មាន​លម្អិត​​ប្រាប់​ដោយ​លោក ឌុក វាសនា ៖​

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​