ប្រទេស​ន័រវេស​​នឹង​ចំណាយ​​ប្រមាណ​១​ពាន់​លាន​ដុល្លារ​​​​លើ​ផ្លូវ​ Highway សម្រាប់​កង់

ប្រទេស​​ន័រវេស​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៩៥០​លាន​ដុល្លារ​​ ដើម្បី​​ជា​ការ​បណ្ដាក់​ទុន​លើ​ការ​សាង​សង់​ផ្លូវ​ Highway សម្រាប់​កង់​នៅ​ពាស​ពេញ​ប្រទេស ​​ដោយ​សង្ឃឹម​ថា​នឹង​អាច​កាត់​បន្ថយ​ឧស្ម័ន​​បំពុល​បរិស្ថាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​​នៅ​ក្នុង​ថ្ងៃ​អនាគត។

 

ប្រទេស​ន័រវេស​​នឹង​ចំណាយ​​ប្រមាណ​១​ពាន់​លាន​ដុល្លារ​​​​លើ​ផ្លូវ​ Highway សម្រាប់​កង់

រូបតំណាង

 

គំនិត​​ចម្បង​នៃ​ផែន​ការ​នេះ​គឺ​គេ​នឹង​សាង​សង់​ផ្លូវ​ Highway ដែល​ភ្ជាប់​ទីក្រុង​ធំៗ​ចំនួន​ប្រាំ​បួន​ក្នុង​ប្រទេស​ និង​​ភ្ជាប់​ពី​ជាយ​ក្រុង​ទៅ​តំបន់​​ទីប្រជុំជន។ ផ្លូវ​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចរាចរ​បាន​តែ​យាន​ជំនិះ​កង់​ និង​កង់​អគ្គិសនី​តែ​ប៉ុណ្ណោះ​ ហើយ​​នឹង​មាន​ជា​ពីរ​ជួរ​សម្រាប់​ទៅ​មក។

 

ការ​ជិះ​កង់​លើ​ផ្លូវ​ Highway នេះ​អាច​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ដោយ​សារ​តែ​គ្មាន​វត្តមាន​នៃ​​យានជំនិះ​ផ្សេងៗ​ក្រៅ​ពី​កង់​ដូច​ជា​ឡាន​ ម៉ូតូ​ជា​ដើម។ ហេតុ​នេះ​​វា​អាច​ឲ្យ​អ្នក​ដំណើរ​ធាក់​កង់​​រហូត​ដល់​ល្បឿន​ ៤០គ.ម/ម៉​ បាន​​មិន​បាច់​បារម្ភ​ពី​គ្រោះ​ថ្នាក់។​​​​

 

អាជ្ញាធរ​នៃ​ប្រទេស​នេះ​សង្ឃឹម​ថា​ផ្លូវ​ដែល​ត​ភ្ជាប់​គ្នា​រវាង​ស្នូល​ទីក្រុង​ ទៅ​តំបន់​ជាយ​ក្រុង​​នឹង​អាច​ទាក់​ទាញ​មនុស្ស​ឲ្យ​ប្រើ​ប្រាស់​កង់​បាន​ច្រើន​ជាង​មុន។ គួរ​រលឹក​​ថា​បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​តែ​៥%​នៃ​ចំនួន​ប្រជាជន​សរុប​​ប៉ុណ្ណោះ​ដែល​​ប្រើ​ប្រាស់​កង់​ជា​មធ្យោបាយ​​ធ្វើ​ដំណើរ​ ហើយ​ក្នុង​ឆ្នាំ​២០៣០​គេ​រំពឹង​ថា​ចំនួន​នេះ​នឹង​អាច​កើន​ឡើង​ដល់​៣០%៕​​​​​​​​​​​​​​
​​​​
​​​​
​​​​​​​​​​​​​​​​​ 

ចុច​អាន៖ ស្ត្រី​​បី​នាក់​​​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​​​​​​​​​នារី​ដំបូង ​នៃ​អាកាសចរ​​​​​​ប្រទេស​ប្រ៊ុយណេ​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​​​​​