កាត់ទោស​អ្នក​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​ដាក់គុក​១៨​ខែ

កាត់ទោស​អ្នក​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​ដាក់គុក​១៨​ខែ



រាជធានី​ភ្នំពេញ ៖​មុន​ការ​ប្រកាស​សាលក្រម​នេះ ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ បាន​ដាក់​លិខិត​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​ពីរ​ច្បាប់​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក​អង្គ​វង្ស វ​ឌ្សា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ។

លិខិត​របស់​ក្រុម​និស្សិត​នេះ​គឺ ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោះ​លែង​យុវ​និស្សិត​ឈ្មោះ​ គង់ រ៉ៃ​យ៉ា​ អាយុ​២៤​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៥​ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ ។

លិខិត​ដដែល​បញ្ជាក់​ថា «យើងខ្ញុំ​ទាំងអស់​គ្នា​ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈ សូម​គោរព​ជម្រាប​សម្តេច​តេ​ជោ និង​ឯកឧត្តម​មេត្តា​ជម្រាប​ថា ចាប់ពី​យើងខ្ញុំ​ទាំងអស់​គ្នា​បាន​ស្គាល់​ និង​សិក្សា​ជាមួយ​យុវជន​ គង់ រ៉ៃ​យ៉ា ក​ន្ល​មក​សង្កេត​ឃើញ​ថា យុវជន​នេះ​មាន​អាកប្បកិរិយា​ល្អ​មិន​ដែល​បង្ក​ការ​រំខាន ឬ​ធ្វើ​សកម្មភាព​អ្វី​មូ​យ​ប៉ះពាល់​ដល់​សង្គម​ឡើយ ។ ម្យ៉ាងទៀត​យើងខ្ញុំ​ជឿ​ង​ជាក់​ថា យុវជន​ គង់ រ៉ៃ​យ៉ា​ ពិតជា​មិន​មាន​បំណង​ធ្វើ​ឲ្យ​មាន​ចលាចល​ដល់​សង្គម​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​គាត់​គ្រាន់តែ​បញ្ចេញមតិ​ផ្ទាល់​ក្នុង​នាម​ជា​យុវជន​ម្នាក់​សិក្សា​នៅ​ថ្នាក់​មូលដ្ឋាន ដែល​មានការ​យល់​ដឹង​នូវ​អត្ថន័យ​នៃ​ពាក្យ បដិវត្តន៍​ពណ៌ នៅ​មាន​កម្រិតវប្បធម៌​ទាប​តែ​ប៉ុណ្ណោះ » ។

លិខិត​ក៏​បាន​លើក​ឡើ​ថា​យុវជន គង់ រ៉ៃ​យ៉ា ពុំ​មាន​ខ្សែបណ្តាញ ពុំ​មាន​តួនាទី​ក្នុង​សង្គម​ ហើយ​ក៏​មិន​ធ្លាប់​បង្ក​ចលាចល​ណាមួយ​ក្នុង​សង្គម​ ពោលគឺ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​ជាតិ​នោះ​ឡើយ ។ ទោះបីជា​បែប​ណា​ក្រសួង​យត្តិ​ធម៌​បាន​ប្រកាស​ឆ្លើយ​តប​ភ្លាម​ៗ​ដោយ​បដិសេធ​ការ​ធ្វើ​អន្តរាគមន៍​ពី​បញ្ហា​នេះ ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ មិ​នា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​យុវជន​ជា​និស្សិត ដែល​ប្រកាស​ធ្វើ​បដិវត្ត​ព​ណ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ​(១​ឆ្នាំ​កន្លះ​) និង​មិន​បាន​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ ។

ជនជាប់ចោទ​ឈ្មោះ គង់ រ៉ៃ​យ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកល​វិទ្យាល័យ​ខេមរៈ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។ គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ចៅក្រម​ជំនុំជម្រះ​ប្រកាស​សាលក្រម​ចប់ ជនជាប់ចោទ​ឈ្មោះ​គង់ រ៉ៃ​យ៉ា បាន​បង្ហើប​ថា គេ​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ថា តើ​ត្រូវ​ប្តឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលាឧទ្ធរណ៍ ឬ​យ៉ាងណា​នោះ​មិន​ទាន់​កំណត់​ជា​ផ្លូវការ​នៅឡើយ​ទេ ។ បាន​សង្កេត​ឃើញ​ថា ខណៈ​ពេល​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ខ្លួន​យុវជន​ឈ្មោះ​គង់ រ៉ៃ​យ៉ា មក​ស្ដាប់​សាលក្រម​ក៏​មាន​ក្រុម​គ្រួសារ និង​មិត្ត​ភ​ត្តិ​ជា​ច្រើន​នាក់​បាន​ប្រជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ផង​ដែរ ។ បន្ទាប់​ពី​សាលក្រម​បាន​ប្រកាស​ជា​ផ្លូវការ ហើយ​ជនជាប់ចោទ​ឈ្មោះ​គង់ រ៉ៃ​យ៉ា ក៏​ត្រូវ​បាន​អនុរក្ស​ពន្ធនាគា​នាំ​ទៅ​ឃុំខ្លួន តាម​ការ​កំណត់​របស់​សាល​ក្រម​វិញ​ដែរ ៕