ទឹកភ្នែក​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​សុំ​ដោះ​លែង​អ្នក​ភូមិ​៤​នាក់

ទឹកភ្នែក​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​សុំ​ដោះ​លែង​អ្នក​ភូមិ​៤​នាក់



រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន​ជាង​៦០​នាក់ ដែល​អះអាង​ថា តំណាង​ឱ្យ​ពលរដ្ឋ​១០៤​គ្រួសារ​មក​ពី​ភូមិ​ប្រឡាយ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​បាន​នាំ​គ្នា​យក​ញត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​រដ្ឋសភា​ដើម្បី​សុំ​អន្តរាគមន៍​ទៅ​តុលាការខេត្ត​ឱ្យ​មានការ​ដោះ​លែង​តំណាង​ចំនួន​៤​នាក់ ស្រី​១​នាក់ និង​ឱ្យ​អាជ្ញាធរ​ខេត្តក្រចេះ បញ្ឈប់​ការ​ឈូស​ឆាយដី​ផ្ទះ និង​ស្រែ​ចម្ការ​របស់​ពួក​គាត់​តទៅ​ទៀត ។

ការ​ដាក់​ញត្តិ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​វិមាន​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ នេះ​ជា​ក្រុម​ដាក់​ញត្តិ​ថ្មី​ទៀត បន្ទាប់​ពី​ក្រុម​អ្នក​ដាក់​ញត្តិ​មក​ពី​ខេត្តកំពង់ស្ពឺ សុំ​ឱ្យ​ដោះ​លែង​អ្នកតំណាង​២​នាក់​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្រោម​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ។

យោង​ទៅ​តាម​ញត្តិ​បាន​រៀបរាប់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​ចំនួន​១០៤​គ្រួសារ ស្ថិត​នៅ​ចំណុច​ស្រែ​សំពុង ភូមិ​ប្រឡាយ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ ។ សុំ​អន្តរាគមន៍​លើ​បញ្ហា​ដីធ្លី និង​ដោះ​លែង​ពលរដ្ឋ​ចំនួន​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ មីនា និង​ជួយ​អន្តរាគមន៍​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ផលដំណាំ ផ្ទះសំបែង ដើម្បី​រឹបអូស​យក​ដី​របស់​យើងខ្ញុំ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ។

ខ្លឹមសារ​ញត្តិ​បាន​រៀបរាប់​ថា កាលពី​ថ្ងែ​ទី​១០ មីនា  លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ​បាន​ដឹកនាំ​ក្រុមការងារ​មាន​ប៉ូ​លី​ស ទាហាន និង​កងរាជអាវុធហត្ថ​ប្រហែល​៨០​នាក់ បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ផលដំណាំ និង​ផ្ទះ​ចំនួន​១០​ខ្នង ព្រមទាំង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់ និង​ម៉ូតូ​១​គ្រឿង ខណៈ​ពួក​គាត់​តវ៉ា​ហាមឃាត់​មិន​ឱ្យ​អាជ្ញាធរ​ធ្វើការ​ឈូស​ឆាយ​ដំណាំ និង​ផ្ទះ​របស់​ពួក​គាត់ ។ សូម​បញ្ជាក់​ថា ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ជា​មនុស្ស​ពិការ​ភ្នែក​ ។

ញត្តិ​បន្ត​ថា នៅ​ថ្ងៃ​ទី ១១ មីនា អាជ្ញាធរ​បន្ត​ឈូស​ផ្ទះ​អស់​៨​ខ្នង និង​ថ្ងៃ​ទី​១២ មីនា រុះរើ​ផ្ទះ​អស់​១​ខ្នង​ទៀត ។ ខ្លឹមសារ​ញត្តិ​បាន​បញ្ជាក់​ទៀត​ថា ដីចម្ការ​ដែល​យើងខ្ញុំ​កាន់កាប់​ដាំ​ដុះ​សព្វថ្ងៃ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ចាន់ សុភាព លុះ​ក្រោយមក​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន ចាន់ សុភាព បាន​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​ដំណាំ​កៅស៊ូ ។ ចំណែក​ដី​នៅ​ក្រៅ​បង្គោល​ក្រុមហ៊ុន​មិន​ហាមឃាត់ ទើប​យើងខ្ញុំ​ធ្វើការ​ដាំ​ដុះ រហូត​ដល់​ពេល​បច្ចុប្បន្ន ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៦ មន្ត្រី​សុរិយា​ល​ដី​ខេត្តក្រចេះ រួម​ជាមួយ​ប៉ូ​លី​ស កងរាជអាវុធហត្ថ និង​ទាហាន មក​ជូនដំណឹង​ដោយ​ផ្ទាល់​ឱ្យ​ពួក​យើងខ្ញុំ​ដើរ​ចេញ  និង​រុះរើ​ផ្ទះ​ចេញពី​ដី​នោះ​ហើយ​នៅ​ថ្ងែ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ត្រី​សុរិយា​ល​ដី​ខេត្តក្រចេះ ប៉ូ​លី​ស កងរាជអាវុធហត្ថ និង​ទាហាន បាន​មក​បិទ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ទាំង​១០៤​គ្រួសារ​រុះរើ​ផ្ទះ សម្ភារ​ឱ្យ​បាន​មុន​ថ្ងៃ​ទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ បើ​ផុត​កាលបរិច្ឆេទ​នេះ​ក្រុមការងារ និង​ចាត់វិធានការ ។

ដី​យើងខ្ញុំ​កាន់កាប់​ដាំ​ដុះ​សព្វថ្ងៃ​លោក ចាន់ គង់ ប្រធាន​សុរិយោ​ល​ដី​ថ្នាក់​ខេត្ត​បាន​សម្រេច​វាស់​ឱ្យ​យើង​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែក្កកដា ឆ្នាំ​២០១៥ ខណៈនោះ​លោក ចាន់ គង់ បាន​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​១​គ្រួសារ​មាន​ខ្លះ​ចំនួន​១៥០.០០០​រៀល ខ្លះ​ចំនួន​២០០.០០០​រៀល និង​ខ្លះ​ទៀត ចំនួន​៤៤០.០០០​រៀល​ទៅ​តាម​ទំហំ​ដី​តិច ច្រើន​តូច​ធំ​រៀង​ៗ​ខ្លួន​កាលពី​ថ្ងៃ​ទី ២៩ ខែក្កកដា ឆ្នាំ​២០១៥ ។

ក្នុង​ការ​ដាក់​ញត្តិ​សុំ​ការ​ធ្វើ​អន្តរាគមន៍​ឱ្យ​មានការ​ដោះ​លែង​តំណាង​ចំនួន​៤​នាក់ និង​បញ្ឈប់​ការ​ឈូស​ឆាយដី​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​នា​ព្រឹក​នេះ​ដែរ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​យក​ញត្តិ​របស់​ពួក​គាត់​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋសភា ។ ក្រោយ​ពេល​ដែល​ពួក​គាត់​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋ​សភាជាតិ​រួច​ហើយ​ពួក​គាត់​ក៏​បាន​បន្ត​ទៅ​ដាក់​ជូន​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បន្ត​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ផង​ដែរ ។

មុន​នេះ​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​អះអាង​ថា ផ្ដល់​ដី​ឱ្យទៅ​ពលរដ្ឋ​ចំនួន​៩៩៨​គ្រួសារ​នៅ​ចំណុច​ភូមិ​ប្រឡាយ​ទ្រៀក ឃុំ​ដំរី​ជុង ស្រុក​ឆ្លូង ដែល​បញ្ហា​នេះ​បាន​ជាប់​គាំង​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំទៅ​ហើយ​នោះ ។

ចំពោះ​ការ​ចាប់ខ្លួន​ជន​ទាំង​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា កន្លង​មក​បាន​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ខុសច្បាប់​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​កំណត់​បែងចែក​ជូន​ដល់​ពលរដ្ឋ​ចំនួន​៩៩៨​គ្រួសារ ដែល​បាន​ស្នើ​សុំ​និង​បាន​រារាំង​ការ​ចុះ​អនុវត្ត​កិច្ច​ការងារ​បែងចែក​របស់​អាជ្ញាធរ និង​កាន់កាប់​ដី​ដោយ​ខុសច្បាប់ បង្កចលាចល​ដល់​ពលរដ្ឋ​ដែល​ទទួល​សិទ្ធិ​កាន់កាប់ ហើយ​រារាំង​មិន​ឱ្យ​ម្ចាស់​ដី​ទទួលយក​ដី​ទាំងនោះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឌួ​ង សុ​ទ្ឋី អធិការ​នគរបាល​ស្រុក​ឆ្លូង​ដែល​ជា​អ្នកដឹកនាំ​បញ្ជា​ឱ្យ​ចាប់​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​កាលពី​ថ្ងៃ​ទី​១០ មីនា ។

ការ​បែក​ចែក​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំនុច​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ជាប់​គាំង​និង​អូស​បន្លាយពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​មានរឿង​ចម្រូងចម្រាស ក៏​កើត​មាន​ឥត​ឈប់​ឈរ​លើ​បញ្ហា​ទំនាស់​ដីធ្លី បើ​ទោះបីជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​កាត់​ខ្វៀល​ដី​ដែល​ប៉ះពាល់​ឱ្យមក​រដ្ឋាភិបាល​សម្រាប់​បែងចែក​ជូន​ពលរដ្ឋ​ទៅ​តាម​ការ​ស្នើរ​សុំ​របស់​ពួក​គាត់​យ៉ាងណា​ក៏​ដោយ ។

អាជ្ញាធរ​ស្រុក​-​ខេត្ត ដែល​មាន​នាទី​ចុះ​បែងចែក​ដី​សម្បទាន​បាន​អះអាង​ថា មូលហេតុ ដែល​ការ​បែក​ចែក​មាន​ភាព​យឺតយ៉ាវ ដោយសារ​តែ​ដី​តំបន់​នោះ​មាន​ភាព​ចម្រូងចម្រាស់​ច្រើន ។ ម្យ៉ាងវិញទៀត មាន​ជន​មួយ​ចំនួន​បាន​ធ្វើ​ចលនា​រារាំង​មក​លើ​សកម្មភាព​របស់​អាជ្ញាធរ ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​សិទ្ធិ​កាន់កាប់​។

អ្នក​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ដោយ​រង​ការ​ចោទ​ថា ធ្វើ​សកម្មភាព​ប្រឆាំង និង​រាជការ​សាធារណៈ ១-​ឈ្មោះ ជេ​ត វិត អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង ទី​២-​ឈ្មោះ ជិន ជា អាយុ​៣៥​ឆ្នាំ ទី​៣-​ឈ្មោះ លន់ ឆ​ន់ អាយុ​៣៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ពុ​ញ ពេន អាយុ​២៩​ឆ្នាំ ។

ទឹកចិត្ត​អ្នក​ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​សម្ដេច​តេ​ជោ​ជួយ​សង្គ្រោះ
ជុំវិញ​ការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ដែល​ចាប់ខ្លួន​នេះ​មិន​ទាន់​ដឹង​ថា មានការ​ឆ្លើយ​តប​បែប​ណា​នោះ​ទេ ក៏​ប៉ុន្តែ​មុន​នេះ​មួយ​ថ្ងៃ​ពលរដ្ឋ​មក​ពី​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ដែល​បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ឱ្យ​មានការ​ដោះ​លែង​តំណាង​២​នាក់ ជា​ស្ដ្រី​ដែល​ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នោះ​ត្រូវ​បាន​ទួ​ទល​ជោគជ័យ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា អ្នកតំណាង​ទាំង​២​នាក់​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ តាម​ការ​ធ្វើ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន  ។

កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ប្រជាពលរដ្ឋ​ចំនួន​ជាង​៧០​នាក់ តំណាង​ឱ្យ​១៦៥​គ្រួសារ មក​ពី​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​មក​កាន់​មុខ​វិមាន​រដ្ឋសភា ដើម្បី​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋសភា​ឱ្យធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ឲ្យ​ដោះ​លែង​ស្ត្រី​ជា​តំណាង​របស់​ពួក​គាត់​ចំនួន ២​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​។ ជាមួយ​នេះ សូម​ឲ្យ​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ចំនួន​៣៥០​ហិ​កតា​ជាមួយនឹង​អាជ្ញាធរ​ភូមិ ដែល​ពួក​គាត់​ចោទ​ថា បាន​លួច​ឃុបឃិត​គ្នា​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ផង​ដែរ ។

លោក ស៊ុំ ផាត អាយុ​៦២​ឆ្នាំ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ និយាយ​ថា ក្នុង​នាមរូប​លោក​ជា​តំណាង​ប្រជាពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ​ពី​បញ្ហា​ទំនាស់​ដីធ្លី នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទាំងអស់ ក្នុងថ្ងៃនេះ​រូប​លោក​និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៧០​នាក់ តំណាង​ឱ្យ​ចំនួន​១៦៥​គ្រួសារ បាន​លើកគ្នា​យក​ញត្តិ​មួយ​ច្បាប់​មក​កាន់​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ធ្វើការ​ដោះ​លែង​ស្ត្រី​ជា​តំណាង​របស់​ពួក​គាត់​ចំនួន​២​នាក់ គឺ​ឈ្មោះ យូ រ៉​ន និង​ឈ្មោះ អុ​ី​ត រុំ ដែល​ត្រូវ​បាន​ចាប់ខ្លួន កន្លង​មកនេះ ។

ការ​ចាប់ខ្លួន​ស្ត្រី​ជា​តំណាង​របស់​ពួក​គាត់​ទាំង​២​នាក់​ខាងលើ​ដោយ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ធ្វើការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​លោក​មេ​ភូមិ​ឈ្មោះ អ៊ីម វិត និង​កូនប្រុស​ឈ្មោះ អ៊ី​ម ដា និង​ឈ្មោះ ទីវ គុំ ដែល​ពួក​គេ​ទាំង​៣​នាក់​បាន​ឃុបឃិត​គ្នា​លួច​យក​ដី​របស់​ពួក​គាត់​ចំនួន​៣៥០​ហិ​កតា ទៅ​លក់​ឱ្យ​ឈ្មួញ ។

នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ  តំណាង​ប្រជាពលរដ្ឋ​២​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ចូល​ទៅ​ដាក់​នៅ​ក្នុង​រដ្ឋសភា ។

ស្ត្រី​២​នាក់​ដែល​តុលាការ​បាន​ចេញ​ដីកាឃុំខ្លួន​កាលពី​ពេល​កន្លង​ទៅ ក្នុង​ករណី​តវ៉ា​រឿង​ទំនាស់​ដីធ្លី ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

ស្ត្រី​ម្នាក់​ត្រូវ​បាន​ស្គាល់​មានឈ្មោះ យូ រ៉​ន អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច និង​ម្នាក់​ទៀត​ឈ្មោះ អ៊ី​ត រុំ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ។ ស្ត្រី​ទាំង​២​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ថ្ងៃ​ទី​២៧ និង​៣០ ខែមីនា ២០១៥ ។

សូម​រំលឹក​ថា ស្ត្រី​ទាំង​២​នាក់​ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ មីនា ២០១៦ បន្ទាប់​ពី​កោះហៅ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​សាលាដំបូង​ខេត្ត​ក្នុង​បទ​ចោទ​ខាងលើ ។ ក្រោយ​ពី​មានការ​ឃុំខ្លួន​សាច់ញាតិ​របស់​ស្ត្រី​ទាំង​២​នាក់ បាន​ស្វែងរក​ការ​អន្តរាគមន៍​ដើម្បី​ជួយ​ដល់​ស្ត្រី​ទាំង​២​រូប ។ ក្នុង​ការ​ប្រឹងប្រែង​ជួយ​ដល់​ស្ដ្រី​ទាំង​២ លោក ហ៊ុន ម៉ា​នី ដែល​ជា​អ្នកតំណាង​រាស្ដ្រ​ខេត្តកំពង់ស្ពឺ និង​លោក ហ៊ុន ម៉ា​និ​ត បាន​ឈរ​ជា​អ្នក​ធានា​ដល់​ស្ដ្រី​ទាំង​២​តាម​ផ្លូវ​តុលាការ ។ អ្វី​ដែល​គួរ​កត់សម្គាល់​ដែរ​នោះ ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ​បាន​សរសេរ​ថា ទើបបាន​ដឹង​មុន​នេះ​បន្តិច ខ្ញុំ​បាន​បញ្ជា​ទៅ​អភិបាលខេត្ត​ឱ្យធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់ ដើម្បី​សុំ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ។ សម្ដេច​បាន​សរសេរ​បន្ត​ថា កូនប្រុស​ខ្ញុំ​២​នាក់ ហ៊ុន មា​និ​ត និង ហ៊ុន ម៉ា​នី កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​នេះ ។ សង្ឃឹមថា ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​២​បាន​នៅ​ក្រៅ​ឃុំ ។ ប្រ​សិន​មិន​ទុកចិត្ត សុំ​អស់លោក​ឃុំ​កូន​ខ្ញុំ​ទាំង​២​នាក់​ជំនួស​វិញ​ចុះ ។ សម្ដេច​ក៏​បាន​ស្នើ​នៅ​ក្រសួងយុត្តិធម៌​សូម​ពិនិត្យ​ករណី​នេះ​បន្ទាន់​ផង ៕