ដីធ្លី​៖ ពលរដ្ឋ​ពី​ក្រចេះ​រំពឹងថា សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​ដូច​ករណី​នៅ​កំពង់ស្ពឺ​

​ប្រជាពលរដ្ឋ​ខេត្តក្រចេះ ស្នើ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​លើ​ការ​បំពារបំពាន​លំនៅដ្ឋាន​និង​សុំ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​របស់​ពួកគេ ដែល​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន ។ ប្រជាពលរដ្ឋ​សង្ឃឹមថា សម្តេច ហ៊ុន សែន នឹង​ជួយ​ពួកគេ ដូចដែល​លោក​បាន​ជួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​។

​ប្រជាពលរដ្ឋ​ចំនួន​១០៤​គ្រួសារ ស្ថិតនៅ​ចំណុច​ស្រែ​សំពុង ភូមិ​ប្រឡាយ​ទ្រៀត ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ កំពុង​រង​នូវ​ការ​ឈូសឆាយ​ផ្ទះសម្បែង​និង​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​។ ក្នុងចំណោម​ពួកគេ​ទាំងនោះ ពលរដ្ឋ​ចំនួន​៩៧​គ្រួសារ បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ សុំ​អន្តរាគមន៍ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ​។

​ពួកគេ សុំ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​ដោះលែង​សកម្មជន​ដីធ្លី​៣​រូប ដែល​ត្រូវបាន​អាជ្ញា​ខេត្តក្រចេះ​ឃុំខ្លួន​កាលពី​ថ្ងៃទី​១០ មីនា ឆ្នាំ​២០១៦ ។ ជាងនេះទៀត ពួកគេ​ក៏​ស្នើ​ឲ្យ​សម្តេច បញ្ឈប់​សកម្មភាព​អាជ្ញាធរ​ខេត្តក្រចេះ ដែល​កំពុងតែ​ឈូសឆាយ​ផ្ទះ​និង​បំផ្លាញ​ផលដំណាំ ដើម្បី​រឹបអូស​យក​ដីធ្លី​របស់​ពូកគេ​ទាំង​១០៤​គ្រួសារ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ លោក សន សុផាត តំណាង​ឲ្យ​ប្រជាពលរដ្ឋ បាន​លើកឡើងថា អាជ្ញាធរ​ខេត្តក្រចេះ បាន​នាំ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​៨០​នាក់ មក​ឈូសឆាយ​ផ្ទះ​អស់​១០​ខ្នង ព្រមទាំង​បំផ្លាញ​ដំណាំ​របស់​ពួកគេ​អស់​ទៀតផង​កាលពី​ថ្ងៃទី​១០ ខែមីនា​។ លោក​ថា អាជ្ញាធរ ថែមទាំង​ចាប់​សកម្មជន​ដីធ្លី​៣​រូប​ផងដែរ ខណៈដែល​ពួកគេ​ចេញមុខ​ប្រឆាំងនឹង​សកម្មភាព​រំលោភបំពាន​នេះ​។

​តំណាង​ប្រជាពលរដ្ឋ​រូបនេះ បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាងខ្លាំង​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​លើ​សំណើ​របស់​ពួកគេ  ដូចដែល លោក​បាន​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​២​រូប​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៤ ខែមីនា​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​សុំ​ឲ្យ​សម្តេច​ជួយ​ដោះលែង​សកម្មជន​ទាំង​៣​នាក់ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូសឆាយ​និង​បណ្តេញ​ពួក​ខ្ញុំ​ចេញពី​លំនៅដ្ឋាន​។ ពួក​ខ្ញុំ​សង្ឃឹមថា សម្តេច​នឹង​ជួយ​ពួក​ខ្ញុំ ដូច​សម្តេច​ជួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​ដែរ​»​។

​កាលពី​ថ្ងៃទី​១៤ មីនា លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពង់ស្ពឺ ធ្វើ​ការងារ​ជាមួយ​តុលាការ​ទាំងយប់​ដើម្បី​សុំ​ធានា​ឲ្យ​សកម្មជន​ដីធ្លី​២​រូប​បាន​នៅក្រៅ​ឃុំ ក្រោយពី​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​។ លើសពីនេះ​ទៀត ប្រមុខ​រដ្ឋាភិបាល​ថែមទាំង យក​កូនប្រុស​២​នាក់​គឺ​លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី ធ្វើជា​ថ្នូរ​ក្នុងការ​ដោះលែង​ពលរដ្ឋ​២​នាក់​នោះ ទៀតផង​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​