ក្រុមហ៊ុន​អ៊ី​អុង​របស់​ជប៉ុន​ជួយ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ

សៀមរាប៖ ក្រុមហ៊ុន អ៊ី​អុង (AEON) តាមរយៈ «មូលនិធិ​នៃ​ក្លឹប១%» របស់ខ្លួន បាន​ជួយ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ នៅ​ខេត្តសៀមរាប។ បច្ចុប្បន្ន​សារមន្ទីរ​នេះ កំពុង​រង​ការខូចខាត​នៅ​កន្លែងខ្លះៗ និង​ទាមទារ​ឲ្យ​មានការ​ជួសជុល​ស្ថាបនា​ឡើងវិញ។

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ២០០៨ ដោយ​មូលនិធិ​នៃ​ក្លឹប១% របស់​ក្រុមហ៊ុន​អ៊ី​អុង។ មាន​ពុទ្ធបដិមា​ចំនួន ២៧៤អង្គ កំពុង​តម្កល់ទុក​ក្នុង​សារមន្ទីរ​មួយ​នេះ ដែល​វា​បានមកពី​ការធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្តី ដោយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា រួម​និង​ក្រុម​បុរាណ​វិទូ​ខ្មែរ​ក្នុង​ឆ្នាំ២០០១ ។

ក្រោយ​ដំណើរការ​អស់​ជិត១០ឆ្នាំ​មកនេះ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ បាន​រង​ការខូចខាត​នៅ​កន្លែង​មួយចំនួន ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូប​បដិមាករ​បាន។ ដោយ​មើលឃើញ​បែបនេះហើយ ទើប​អាជ្ញាធរ​ជាតិ​អប្សរា បា​នរក​គិត​សហការគ្នា​និង​ក្រុមហ៊ុន​អ៊ី​អុង ដើម្បី​ជួសជុល​សារមន្ទីរ​នេះ​ឡើងវិញ។

លោក Hiroshi Yokoo ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​ក្លឹប​មូលនិធិ​ក្លឹប១% AEON មានប្រសាសន៍ថា ក្លឹប​មូលនិធិ​ក្លឹប១% ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៨៩ មកដល់ពេលនេះ គឺ​វា​មាន​អាយុកាល២៧ឆ្នាំ​ហើយ។ មូលនិធិ​នេះ បានមកពី​ការធ្វើ​ជំនួយ​រកស៊ី​របស់​ក្រុមហ៊ុន​អ៊ី​អុង ដើម្បី​ជួយ​សង្គម​វិញ តាម​រូបភាពផ្សេងៗ ។ ចំពោះ​ការជួយ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ គឺ​ដើម្បី​រួមចំណែក​អភិរក្ស​ពុទ្ធ​បដិមាករ ដែល​បាន​រកឃើញ​តាំងពី​ឆ្នាំ២០០១មក។

ក្នុង​ពិធី​បើក​ចុះកិច្ចសន្យា​ជួសជុល​សារមន្ទីរ​នៅ​ថ្ងៃទី១៥ មីនា​នេះ​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-អង្គរ លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មាន​សុទិដ្ឋិនិយម​ថា ក្រុមហ៊ុន​អ៊ី​អុង បានរួម​ចំណែក​ច្រើន​ក្នុង​ការជួយ​អភិរក្ស​វប្បធម៌​ខ្មែរ។ លោក ស៊ុំ ម៉ាប់​បន្ថែមថា ការជួយ​ជួសជុល​សារមន្ទីរ​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ការ​កិច្ច​សហប្រតិបត្តិ​គ្នា​យ៉ាង​ល្អ លើ​ផ្នែក​ការពារ ការអភិរក្ស និង​ថែរក្សា​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ។

ការជួសជុល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧ខាងមុខ។ យោងតាម​កិច្ច​ព្រមព្រៀងគ្នា មាន​ភាគី​ចំនួន៤ចូលរួម ដែល​ក្នុងនោះ​មាន​អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹប១% របស់​ក្រុមហ៊ុន អ៊ី​អុង (AEON) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែលជា​អ្នករ៉ាប់រង លើ​ការងារ​ជួសជុល​សារមន្ទីរ​នេះ។

គួរ​បញ្ជាក់ថា ចំណុច​ដែល​ត្រូវ​ជួសជុល​ក្នុង​សារមន្ទីរ​រួមមាន ដំបូល ជញ្ជាំង ការ​លាបថ្នាំ បង្អួច និង​កម្រាល​ឥដ្ឋ​សាល​ពិ​ព័រ​ណ៌។ មូលនិធិ​ក្លឹប១%នឹង​ទទួលបន្ទុក​ចំណាយ​ទាំងស្រុង​លើ​ការងារ​ជួស​ជយ​ល ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា មាន​បន្ទុក​ដឹក​ជ​ញ្ជួ​ន​ចម្លាក់​មុន និង​ក្រោយ​ការងារ​ជួសជុល សម្របសម្រួល​ការងារផ្សេងៗ និង​ចូលរួម​ជួសជុល​ចំណុចផ្សេងៗទៀត​តាម​លទ្ធភាព។ ចំណែក​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ជប៉ុន ទទួលបន្ទុក​ផ្តល់​ប្រឹក្សា​លើ​ការងារ​ពិ​ព័រ​ណ៌​សារមន្ទីរ​ជួសជុល​ហើយ៕


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​