ស្វី​ស​ផ្តល់​ថវិកា​ជាង ៥០លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​ជាង ២០ឆ្នាំ

ភ្នំពេញ៖ រដ្ឋាភិបាល​ស្វី​ស​បានផ្តល់​ថវិកា​សរុប​ចំនួន ៥៥លាន​ហ្វ្រ​ង់​ស្វី​ស ស្មើនឹង ៥៥លាន​ដុល្លារ​អាមេរិក​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា រយៈពេល ២២ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៩៤ មកទល់​បច្ចុប្បន្ន។ នេះ​ជាការ​បញ្ជាក់​របស់​​​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

លោក ជុំ សុន្ទរី ថ្លែង​បែបនេះ ក្រោយពី​ពិធី​ចុះ​​ហត្ថ​​លេខា​​​លើ​​​កិច្ច​​ព្រម​​ព្រៀង​​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស្វី​ស ស្តីពីកិច្ចសហ​​​ប្រតិបត្តិការ​​​​​បច្ចេកទេស​​​​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​​ និង​ជំនួយ​​​​មនុស្ស​​ធម៌ នៅរសៀល​​​ថ្ងៃទី១៥ ខែមីនា​នេះ ក្នុង​ទី​ស្តីការ​​​ក្រសួងការ​​​បរទេស។

អ្នក​នាំ​ក្រសួងការបរទេស​បន្ត​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​ស្វី​សបាន​សន្យានឹង​បន្ត​ជួយផ្តល់ថវិកា​រួមវិភាគទាន​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជាទៀត។  លោក ជុំ សុន្ទរីបន្តថា បច្ចុប្បន្ននេះស្វី​សបាន​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​ចំនួន ៤លាន​ហ្វ្រ​ង់​ស្វី​ស ស្មើនឹង ៤លាន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

សូមបញ្ជាក់ថា បើ​យោងតាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឧបត្ថម​ថវិកា​បន្ថែម​សរុប​ចំនួន ៣៨ ៩០៥ លាន​រៀល ស្មើនឹង​ប្រមាណ ៩,៦ លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ឆ្នាំ២០១៦ ធៀប​នឹង​ចំនួន​សរុប ៣៤ ៩២១ លាន​រៀល​ស្មើនឹង ៨,៦ លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៥។

បច្ចុប្បន្ន មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ចំនួន ១២ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា។ ចាប់តាំងពី​ឆ្នាំ១៩៩២មក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​អស់ប្រមាណ ៥៦០លាន​ដុល្លារ ក្នុងនោះ ៣,៥ភាគរយ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា ៤,៥ភាគរយ​ពី​រដ្ឋាភិបាលស្វី​ស ​និង ៩២,៥ភាគរយ​ជា​ថវិកា​ដែល​ប្រមូលបាន​មូលនិធិ​សប្បុរសជន។
 
គួររម្លឹកថា កាលពី​ឆ្នាំ ២០១៤កន្លងមក មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ជាង ៤០លានដុល្លារ ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ជិត ១លាន​នាក់។ ដោយឡែក​នៅ​ឆ្នាំ២០១៥នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​កញ្ចប់​ថវិកា​ចំនួន ៤៣លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​កម្ពុជា ក្នុងនោះ​ ប្រាក់​ជាង ៣លាន​ដុល្លារ​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ៤លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វី​ស និង៣៦លាន​ដុល្លារ​ទៀត បានមកពី​ការបរិច្ចាគ​ឯកជន ដែល​ភាគច្រើន​ជា​ប្រជាជន​ស្វី​ស៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​