អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី ខណៈ​តៃវ៉ាន់​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​

​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​តៃវ៉ាន់​លោកស្រី Tsai Ing-wen បានតែងតាំង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Lin Chuan ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រដ្ឋាភិបាល​រប​ស់លោក​ស្រី ដែល​នឹង​ចូលកាន់​ដំណែង​នៅ​ខែឧសភា​ខាងមុខ​។ ការតែងតាំង​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ស្រប​ពេលដែល​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី Tsai Ing-wen នឹង​ផ្ដោត​ការងារ​របស់ខ្លួន​ទៅលើ​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ងាក​ចេញពី​ការពឹង​ផ្អែកលើ​សេដ្ឋកិច្ច​របស់​ចិន​។​

​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Li Chuan ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី ​របស់​កោះ​តៃវ៉ាន់ ដែល​នេះ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រធានាធិបតី​ស្ត្រី​ជាប់ឆ្នោត​របស់​តៃវ៉ាន់​លោកស្រី Tsai Ing-wen ក្នុងការ​ព​ន្លឿ​ន​ល្បឿន​សេដ្ឋកិច្ច​ដែល​មិនសូវ​ជា​ល្អ​នោះ​។ គេ​រំពឹង​ដែរ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​នឹង​ចូលកាន់​ដំណែង​នៅ​ខែឧសភា ក៏មាន​ការចូលរួម​ពី​មនុស្ស​មាន​សមត្ថភាព​ដ​ទៃទៀត ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​។​

​លោក Li Chuan គឺជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ចាប់ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៦ ហើយ​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ថវិកា គណនេយ្យ និង​ស្ថិតិ​។ លោក​ជាម​នុស្ស​ជិតស្និទ្ធ​ នឹង​លោកស្រី Tsai Ing-wen ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ចូលរួម​ក្នុង​យុទ្ធនា​ការបោះឆ្នោត​កាលពីដើម​ខែមករា ដែល​លោកស្រី​បានទទួល​ជោគជ័យ​ជម្នះ​លើ​បក្ស​គួ​ក​មីង​តាំង​។ គេ​រំពឹងថា លោក Lin ដែល​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ចិន​។  

​ប្រធានាធិបតី​ជាប់ឆ្នោត​លោកស្រី Tsai Ing-wen ប្រកាស​ពី​ការតែងតាំង​លោក Lin នៅ​ថ្ងៃទី​១៥ ខែមីនា​នេះ និង​បាន​សន្យាថា គណៈរដ្ឋមន្ត្រី​ថ្មី​ទីមួយ​របស់លោក​ស្រី​នឹង​ផ្ដោតលើ​បញ្ហា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ លោកស្រី​ចាត់ទុក​អតីតរដ្ឋមន្ត្រី​រូបនេះ ជា​ជម្រើស​ដ៏​ល្អ ហើយ​គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​ចម្រុះ​ដោយ​សមាសភាព​ផ្សេងៗ ក្រៅពី​អ្នកសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផងដែរ​។​

​ការជាប់ឆ្នោត​របស់លោក​ស្រី Tsai Ing-wen គឺ​ចំ​ពេលដែល​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់ កំពុង​ប្រឈម​នឹង​បញ្ហា ដែល​បណ្ដាលមកពី​ការពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ និង​នៅតែ​មិនអាច​រួចផុត​ពី​ការធ្លាក់ចុះ​។ បើតាម​ទូរទស្សន៍ Channel NewsAsia ទំនិញ​ភាគច្រើន​របស់​តៃវ៉ាន់​ត្រូវ​នាំ​ចេញទៅ​ទីផ្សារ​ចិន ខណៈ​ចិន​ជា​ទិសដៅ​វិនិយោគ​ដ៏​ធំ​របស់​អ្នកជំនួញ​តៃវ៉ាន់​។

​យ៉ាងណាមិញ ទំនាក់ទំនង​រវាង​ចិន​ និង​តៃវ៉ាន់ មិនមាន​ភាពល្អប្រសើរ​នោះទេ ក្រោយ​ពេលដែល​បក្សប្រឆាំង​របស់លោក​ស្រី Tsai Ing-wen ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា​និង​ប្រធានាធិបតី​កាលពី​ខែមករា​។ ជារឿយៗ លោកស្រី តែង​បង្ហាញ​ពី​គំនិត​ប្រកាស​ឯករាជ្យ ប៉ុន្តែ​នេះ​ជា​អ្វីដែល​ទីក្រុង​ប៉េកាំង​ មិន​ចង់​ឲ្យ​កើតឡើង​នោះទេ និង​ថែមទាំង​ប្រកាស​ប្រើ​កម្លាំង​ទ័ព​វាយ​ដណ្ដើម​តៃវ៉ាន់​ទៀតផង​។​

​បន្ថែម​ពីនេះ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ក៏បាន​ប្រកាស​ដែរ​ថា ចិន​នឹងមិន​អនុញ្ញាត ​ឲ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​ ដោយសារតែ​ការ​បំបែក​របស់​តៃវ៉ាន់​ម្ដងទៀត​នោះទេ​។ នេះ​ជាការ​ព្រមាន​ទុក​មុន​របស់​ចិន ប្រសិនបើ​មេដឹកនាំ​តៃវ៉ាន់​ នៅតែ​ចង់​ប្រកាស​ឯករាជ្យ​ទៀត​នោះ​៕ 
 
សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​