កូរ៉េខាងជើង​ត្រៀម​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​

​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានប្រកាសថា កូរ៉េខាងជើង​នឹង​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ​ដែលមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៥ ខែមីនា ដោយបាន​បញ្ជាក់ថា លោក គីម ជុង​អ៊ុន​ បាន​បញ្ជាការ​សាកល្បង ​នឹងធ្វើ​នៅពេល​ខាងមុខ​ដ៏​ខ្លី​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​មិនយូរប៉ុន្មាន​ក្រោយ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន លោក គីម ជុង​អ៊ុន និយាយថា ខ្លួន​នឹង​សាកល្បង​ម្ដងទៀត​លើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​ខ្លួន​ទើប​បង្កើត ព្រមទាំង​សាក​ល្បង​បាញ់​មី​ស៊ី​ល​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នេះ​បាន នៅពេល​ខ្លី​ខាងមុខ​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ថា លោក គីម ជុង​អ៊ុន និយាយ​ដូច្នេះ ក្រោយពេល​ដឹកនាំ​ការសាកល្បង​ដោយ​ជោគជ័យ​ លើ​ការចូលទៅ​លំហ​អាកាស​របស់​ក្បាល​គ្រាប់​ដែល​បាញ់​ចេញពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​

​បន្ទាប់ពី​ទទួលជោគជ័យ​លើ​ការសាកល្បង​បច្ចេកវិទ្យា​នាំ​ក្បាល​គ្រាប់​ទៅ​លំហ​អាកាស មេដឹកនាំ​វ័យក្មេង​រូបនេះ ​ក៏បាន​ប្រកាស​សាកល្បង​ក្បាល​គ្រាប់ និង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​ច្រើន​គ្រាប់ និង​ប្រាប់​ដល់​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​រៀបចំ​ឲ្យ​រួចរាល់​។ ម្យ៉ាងលោក គីម ជុង​អ៊ុន ចាត់ទុក​ជោគជ័យ​លើ​ការសាកល្បង​បច្ចេកវិទ្យា​ នាំ​ក្បាល​គ្រាប់​ចូល​លំហ​នេះ ជា​ជំហាន​រីកចម្រើន​របស់​កូរ៉េខាងជើង ក្នុងការ​អភិវឌ្ឍ​រ៉ុក្កែត​បាលី​ស្ទិ​ក​។ វា​ក៏​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ការពារជាតិ និង​ឧស្សាហកម្ម​អាវុធ​ផងដែរ​។​

​លើសពីនេះទៅទៀត ការប្រកាស​ត្រៀម​សាកល្បង​នេះ ​ធ្វើឡើង​ក្រោយ​ពេលដែល​រដ្ឋ​កុ​ម្មុនី​ស្ត​មួយ​នេះ​ប្រកាសថា ខ្លួន​បាន​ជោគជ័យ​ក្នុងការ​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កាលពី​សប្ដាហ៍​មុន​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ថា ក្បាល​គ្រាប់​នេះ ​គឺអាច​បំពាក់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​កបាន ដែល​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​កូ​រ៉​ខាងជើង កាន់តែខ្លាំង​ថែម​មួយកម្រិត​ទៀត​។​

​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ វា​ក៏​ចំ​ពេលដែល​សមយុទ្ធ​ដ៏​ធំ​រួមគ្នា ​រវាង​អាមេរិក​ និង​កូរ៉េខាងត្បូង កំពុងតែ​ធ្វើ​នៅ​ឧបទ្វីប​កូរ៉េ​។ កងទ័ព​អាមេរិក​ និង​កូរ៉េខាងត្បូង​ច្រើនជាង​បី​សែន​នាក់ កំពុងតែ​ចូលរួម​ក្នុង​លំ​ហាត់​ប្រចាំឆ្នាំ​ ដែល​របប​កូរ៉េខាងជើង​ចាត់ទុកជា ទង្វើ​បង្ករឿង​របស់​សត្រូវ​។ ក្រៅពី​កងទ័ព​ដ៏​ច្រើន អាមេរិក​ក៏​ទើបតែ​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ ទៅ​ចូលរួម​សមយុទ្ធ​ថែមទៀត​ផង​។ របប​ក្រុង​ព្យុងយ៉ាង ក៏​តែងតែ​ព្រមាន​ជារឿយៗ​ដែរ​ថា ខ្លួន​នឹង​វាយបក ប្រសិនបើ​សមយុទ្ធ​នេះ​ បំពាន​ដែន​អធិបតេយ្យ​របស់ខ្លួន ហើយក៏​វាយបក​ដល់​ទឹកដី​អាមេរិក​ថែមទៀត​។​

​កូរ៉េខាងជើង​ទើបតែ​ទទួលរង​ការដាក់​សម្ពាធ​ថ្មី​មួយទៀត ​ពី​សហគមន៍​អន្តរជាតិ តាមរយៈ​ការដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់​មួយ នៅ​ដើមខែ​មីនា​នេះ​។ ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ក្រីក្រ​មួយ​នេះ ហាក់ដូចជា​មិន​ញញើត​ នឹង​វិធានការ​ក្ដៅ​របស់​អន្តរជាតិ​នោះទេ ហើយ​បែរជា​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​ទៅវិញ​។ ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ការប្រកាស​ពី​ការទទួល​ជោគជ័យ​ក្នុង​ការផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​រឹងទទឹង​របស់​កូរ៉េខាងជើង ដែល​ជម្នះ​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ គេ​អាច​យល់បាន​ថា អ្វីដែល​របប​កូរ៉េខាងជើង​ចង់បាន គឺ​មហាអំណាច​នុយក្លេអ៊ែរ ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាច​បាញ់​ដល់​អាមេរិក​៕    

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​