បំណុល​ ៖ គួរ​​ត្រេកអរ ​ឬ​ត្រូវ​ចង.ក​?

បំណុល​ ៖ គួរ​​ត្រេកអរ ​ឬ​ត្រូវ​ចង.ក​?

នៅ​ពេល​ប្រទេស​​កម្ពុជា​ កំពុង​តែ​មានការ​រី​ក​ចម្រើនខាង​​សេដ្ឋកិច្ច​ប្រមាណ​ជា​៧​%​នៅ​ក្នុង​មួយ​ឆ្នាំ ប្រជាជន​ក៏​កាន់តែ​មាន​ជីវភាព​ធូរធា​​ជាង​មុន ​ហើយ​សកម្មភាព​​សេដ្ឋកិច្ច​ ក៏​កាន់តែ​រស់​រវើក ​។

មីក្រូហិរញ្ញវត្ថុ​ គឺ​វិស័យ​ដែល​រីក​ចម្រើន​គួរឱ្យ​​កត់សម្គាល់​មួយ​ ។ នៅ​ឆ្នាំ​​២០០៥ ប្រាក់​កម្ចី​មាន​ត្រឹមតែ​៨៣​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​១០​ឆ្នាំ​ក្រោយមក ​គឺ​នៅ​ឆ្នាំ​២០១៥ ប្រាក់​កម្ចី​បាន​​ឡើង​ដ​ល់​ប្រមាណ​២៩០០​លាន​ដុល្លា​។ តួលេខ​នេះ​ បាន​បង្ហាញ​ពី​កំណើន​​ដ៏​គួរឱ្យ​​ភ្ញាក់​ផ្អើល​ ។ មនុស្ស​ជាង​២​លាន​គ្រួ​សារ បាន​ប្រើប្រាស់​ប្រាក់​កម្ចី​នេះ​ ក្នុង​គោលដៅ​ផ្សេង​គ្នា​ ដូច​ជា​សម្រាប់​ការ​ពង្រីក​មុខរបរ​​ខ្នាត​តូច ការ​ធ្វើ​កសិ​កម្ម ការ​ទិញ​ផ្ទះស​ម្បែង និង​ការ​ទិញ​របស់របរ​​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​ជាដើម​ ។

សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ក៏​បាន​ទទួលស្គាល់​អំពី​ផល​ប្រយោជន៍​​នៃ​មីក្រូ​ហិរញ្ញ​វ​​ត្ថុ​ចំពោះ​សកម្មភាព​​សេដ្ឋកិច្ច​ និង​ជីវភាព​រស់​នៅ​​របស់​ប្រជាជន​កម្ពុជា ​។

ទន្ទឹម​​ជាមួយ​គ្នា​​នោះ ការ​ព្រួយបារម្ភ​ ក៏​កើត​មាន​ផង​ដែរ​ ទាក់ទង​នឹង​បំណុល​នេះ​ ។ ខណ​:​ដែល​ប្រជាជន​មួយ​ចំនួន ​បាន​ប្រើប្រាស់​កម្ចី​បាន​ត្រឹមត្រូវ​ ដើម្បី​អនាគត​របស់​ខ្លួន​នោះ ប្រជាជន​ខ្លះ​​បាន​ប្រើប្រាស់​ប្រាក់​កម្ចី​ខុស​គោលដៅ​ ហើយ​បំណុល​នោះ​ បាន​បង្ក​បញ្ហា​ដល់​​ជីវិត​រស់នៅ​របស់​ខ្លួន​​ទៅ​វិញ​ ដូច​ជា​ត្រូវ​ប្រឈម​មុខ​​នឹង​ការ​បង់ការ​ប្រាក់​ជា​រៀង​រាល់​ខែ ​ឬ​ក៏​ត្រូវ​លក់​ដីធ្លី​ ឬ​ផ្ទះសម្បែង​ ដើម្បី​ដោះ​បំណុល​នោះ​ទៅ​វិញ​។

ដូច្នេះ​ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​បាន​​ត្រឹមត្រូវ ​និង​ចំ​គោលដៅ​បាន​​ជួយ​ធ្វើ​ឱ្យ​​ជីវិត​រស់នៅ​របស់​​មនុស្ស​ប្រសើ​រ​ជាង​មុន ​។ ប្រាក់​កម្ចី​ ក៏​នាំ​មក​នូវ​ការ​​សប្បាយ​រីករាយ​​នៅ​ក្នុង​គ្រួសារ​ ។ ផ្ទុយ​ទៅ​វិញ ការ​ប្រើប្រាស់​ប្រាក់​​កម្ចី​ខុស​គោលដៅ​ដូច​ជា​ដើម្បី​ភាព​ហ៊ឺហារ​ ឬ​ការ​ចាយ​វាយ​​ផ្តេសផ្តាស់​​ជាដើម បាន​ធ្វើឱ្យ​​អ្នកខ្លះ​វ័​ន្ត​.ក​ទៅ​​វិញ​ ។

វា​ជា​ការ​ចាំបាច់​ណាស់​ ដែល​មនុស្ស​គ្រប់​គ្នា​ប្រយ័ត្ន​ប្រ​យ៉ែ​ង ​នៅ​ក្នុង​ការ​សម្រេច​ចិត្តរក​ប្រាក់​កម្ចី​ ។ កត្តា​សំខាន់​ដំបូង​ ​​តើ​ត្រូវ​ពិចារណា​ថា​​តើ​ប្រាក់​កម្ចី​នោះ​ ត្រូវការ​ចាំបាច់​ខ្លាំង​ដែរ​ឬទេ? សំនួរ​ទី​ពីរ ​បន្ត​មក​ទៀត​​នោះ តើ​ខ្លួន​អាច​មាន​សមត្ថភាព​បង់​ការ​ប្រាក់​ប្រចាំខែ​ និង​លោះ​​បំណុល​នោះ ដោយ​មិន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ដែរ​ឬទេ?

ចូរ​កុំ​នាំ​គ្នា​សប្បាយ​​នឹង​ការ​ចាយវាយ​ប្រាក់​ ដែល​បាន​មក​ពី​​ការ​ខ្ចី​​ពី​ធនាគារ​ ឬ​ក៏​មីក្រូហិរញ្ញវត្ថុ​ ។ បើ​ពុំនោះ​ទេ ប្រាក់​កម្ចី​នឹង​មិន​​ផ្តល់​អនា​គត​ប្រសើរ​ឡើយ ​។ ផ្ទុយ​ទៅ​វិញ វា​អាច​នឹង​នាំ​​គ្រោះថ្នាក់​មក​ដាក់ខ្លួន​ទៅ​វិញ​ ៕