ព័ទ្ធ​ចាប់​មេខ្លោង​មុខសញ្ញា​កាច់ក​ម៉ូតូ​នៅ​ស្ទឹង​ត្រែង​បញ្ជូន​ទៅ​ពន្ធនាគារ

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​មីនា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្រះ​ឫស្សី​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​មុខសញ្ញា​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​មេខ្លោង​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​លួច ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​កាច់​សោ​ម៉ូតូ​នោះ កម្លាំង​សមត្ថកិច្ច​បាន​តាមដាន​អស់​រយៈពេល​ជាង​បី​ខែ ទើប​បំបែកសំបុក​ក្រុម​នេះ​បាន ។ មុន​ពេល​ចាប់ខ្លួន​មេ​ក្លោ​ង​សកម្ម​នេះ ក៏​បាន​ធ្វើការ​ចាប់ខ្លួន​ក្រុម​បក្ខពួក​ចំនួន​ពីរ​នាក់​បញ្ជូន​ទៅ​សាលាដំបូង ហើយ​បញ្ជូន​បន្ត​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​ដែរ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​ក្រុម​សមត្ថ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្លៀកពាក់​ស៊ី​វិល​ជា​ច្រើ​នាក់​បាន​ពង្រាយ​នៅ​តាម​ចំណុច​ជា​ច្រើន​និង​តាម​រោង​កាហ្វេ​ចំណុច​ដុ​ង​តា​ដាំ​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹង​ត្រែង​ដែល​ការ​រង់ចាំ​ចាប់ខ្លួន​នោះ​ត្រូវ​ចំណាយ​អស់​រយៈពេល​ជាង​២​ម៉ោង​នៅ​ក្បែ​ផ្ទះ​របស់​ជនសង្ស័យ ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​មុខសញ្ញា​បង្ហាញខ្លួន ខណៈ​ដើរ​សំដៅ​ចូល​ផ្ទះ​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហោ វុ​ទ្ធី និង​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្រះ​ឬ​ស្សី​ឡោម​ព័ទ្ធ ជនសង្ស័យ​ខណៈ​ឃើញ​សមត្ថកិច្ច​បាន​ប្រាស​ខ្លួន​រត់គេច​តែ​រត់​មិន​រួច ដោយសារ​សមត្ថកិច្ច​បាន​រៀបចំ​ការ​ចាប់ខ្លួន​រួច​ទៅ​ហើយ ។

​លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឲ្យ​ដឹង​នៅ​កន្លែង​កើត​ចាប់​ជនសង្ស័យ​ដែល​ថា មុខសញ្ញា​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​នេះ​ជា​មេ​ក្លោ​ង​សកម្ម​កាច់​សោ​ម៉ូតូ​នៅ​ក្នុង​ខេត្ត និង​ឆ្លងខេត្ត​ផង​ដែរ ហើយ​កម្លាំង​នគរបាល​យើង​បាន​បើក​ការ​អង្កេត​រយៈពេល​ជាង​បី​ខែ​មក​ហើយ ។ លោកនាយ​ការិយាល័យ​បន្ត​ថា ក្រុម​ជន​សង្ស័យ​មាន​គ្នា​បី​នាក់​ក្រោយ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ពួក​គេ​បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​ខេត្តរតនគិរី​និង​នៅ​ស្រុក​សៀម​ប៉ា​ងរ​ហូត​កម្លាំង​នគរបាល​យើង​បាន​ធ្វើការ​ចាប់ខ្លួន​បាន​ចំនួន​ពីរ​នាក់​កាលពី​ថ្ងៃ​ទី​១២​មីនា​២០១៦​នៅ​ស្រុក​សៀម​ប៉ា​ង​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ។ លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ដែល​ជា​មេ​ក្លោ​ង​ក្នុង​ករណី​កាច់​សោ​ម៉ូតូ​នេះ​មានឈ្មោះ សៃ ណា​ឡៃ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។​បច្ចុប្បន្ន​ជំនាញ​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕