ក្វា​ន់ ដេ​ន​នី ផ្គើន​ការ​រិះគន់​ដោយ​បង្ហាញ​រូបភាព​សិច​ស៊ី​នៅ​កោះទន្សាយ

រាជធានី​ភ្នំពេញ ៖ ខណៈ​មានការ​រិះគន់​ខ្លាំង​ពី​មហាជន តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី នាង​ក្វា​ន់ ដេ​ន​នី មិន​ទទួលយក​ទេ ប៉ុន្តែ​រឹតតែ​ផ្គើន​ខ្លាំង​ឡើង ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កា្វ​ន់ ដេ​ន​នី បាន​បញ្ចេញ​រូបថត​សិច​ស៊ី​២​សន្លឹក​នៅ​លើ​កោះទន្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ។

រូបភាព​ទាំង​ពីរ​សន្លឹក​នោះ​បង្ហោះ​អម​ជាមួយនឹង​សារ​ដ៏​ខ្លី​ថា «​មក​ស្រូបខ្យល់​អាកាស​នៅ​កោះទន្សាយ​» ។ រូបភាព​ប្រហាក់ប្រហែល​គ្នា​នេះ​ត្រូវ​ក្វា​ន់ ដេ​ន​នី បង្ហាញ​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​របស់​មហាជន​ទេ ។

បន្ទាប់​ពី​រូបភាព​២​សន្លឹក​ដែល​នាង​ក្វា​ន់ ដេ​ន​នី បង្ហោះ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ចូល​មើល​រាប់រយ​នាក់ ក្នុង​នោះ​ប្រិ​យ​មិត្ត​មួយ​ចំនួន​សរសើរ និង​ចាប់អារម្មណ៍​ពី​រូប​សម្រស់​ស្រស់​ស្អាត​របស់​នាង ក្នុង​ពេល​ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ទៀត​រិះគន់​មិន​សំចៃមាត់ ។

ហ្វេ​ស​ប៊ុ​កមួយ​ដាក់​ឈ្មោះ​ថា «​មាន​ភ្នែក​មិន​មើល ដង្កូវ​ក្នុង​លាមក​» បាន​សរសេរ​រិះគន់​ចំពោះ​រូបភាព​របស់​ក្វា​ន់ ដេ​ន​នី ថា «​នេះ​មិន​ខុស​ពី​សត្វ​ទេ​បងស្រី បើ​សត្វ​វា​ដឹង​នោះ វា​ក៏​មិន​ទុក​ឱ្យ​ខ្លួន​វា​អាក្រាត​អី​ុ​ចឹ​ង​ដែរ នោះ​ដោយសារ វា​មិនដឹង ហើយ​មិន​មាន​កេរ្តិ៍ខ្មាស តែ​បងស្រី​ជា​មនុស្ស​មាន​ខួរក្បាល ហើយ​ជា​ស្ត្រី​ខ្មែរ ដែល​មានការ​អៀនខ្មាស​ជាង អ្វី​ៗ​ទាំងអស់ តែ​ធ្វើ​ដូច​សត្វ​ទៅ​វិញ ។ មិនដឹង​ថា​ពេល​នេះ​បង មាន​សារធាតុ​ជា​មនុស្ស​ខ្ញុំ​មិនដឹង​ទេ តែបើ​សារធាតុ​សត្វ​ក៏​ខ្ញុំ​មិន​ថា​អី ទោះ​បង​មិន​ស្លៀក អ្វី​ៗ​ទាំងអស់ ក៏​ខ្ញុំ​មិន​ស្តីបន្ទោស​បង ។ ដូច​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​មនុស្ស​ស្រី​ប្រភេទ​នេះ​ណាស់ គ្រាន់តែ​ជា​ដុំ​សាច់​មួយ​ដុំ ដែល​ឥតប្រយោជន៍​ប៉ុណ្ណោះ ។

នេះ​គ្រាន់តែ​ជា​ពាក្យ​ដែល​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​អារម្មណ៍​អី​ចង់ Comments តែ​យល់​ថា​បងស្រី​ជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​ក្នុង​រូប​ដ៏​អាក្រក់​របស់​ខ្លួន​ប៉ុណ្ណោះ បើ​មាន​ខួរ​ជា​មនុស្ស​សង្ឃឹម​នឹង​លុប​រូប​នេះ​ចោល បើ​មាន​សារធាតុ​ជា​សត្វ ចូរ​បង​បង្ហោះ​ឱ្យ​ច្រើន​ជាង​នេះ​ចុះ ពីព្រោះ​សត្វ​គ្មាន​ខួរ​ទេ​» ។
ក្វា​ន់ ដេ​ន​នី ហាក់​មិន​ចាប់អារម្មណ៍​ឆ្លើយ​តប​ចំពោះ​ពាក្យ​រិះគន់​ដ៏​ជូរ​ចត់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​ត្រឹមតែ​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​បាន​សរសើរ និង​គាំទ្រ​រូបភាព​របស់​នាង​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់​កន្លង​មក​នៅ​ក្នុង​ឱកាស​បុណ្យ​គ្រី​ស្មាស់ ក្វា​ន់ ដេ​ន​នី បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្ទើរតែ​ស្រឡាំងកាំង​ម្តង​រួច​មក​ហើយ ដោយ​នាង​បង្ហោះ​រូប​ស្រាត​ពាក់កណ្តាល​ខ្លួន​បង្ហោះ​ជា​សាធារណៈ ។ រូបភាព​នោះ​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ប៉ុន្តែ​នាង​អត់​ខ្វល់​ទេ ផ្ទុយ​ទៅ​វិញ​នាង​នៅ​តែ​បន្ត​បញ្ចេញ​រូបភាព​សិច​ស៊ី ថ្មី​ៗ​ជា​ហូរហែ​ដដែល ៕