តុលាការ​កំពូល ​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ឲ្យ​មាន​ទោស​ដដែល

តុលាការ​កំពូល ​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ឲ្យ​មាន​ទោស​ដដែល



ភ្នំពេញ ៖ តុលាការ​កំពូល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ បាន​សាល​ដីកា​សំណុំរឿង​ស្ត្រី​បឹង​កក់​១៣​នាក់​ឲ្យ​ជាប់ចោទ​ចំនួន​២​បទល្មើស ទាក់ទង​ការ​ប្រមូល​ផ្តុំ​គ្នា ធ្វើ​សន្និ​សីទកាសែត និង​រារាំង​ដល់​អាជ្ញាធរ​ដែល​សម្រួល​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន ឲ្យ​មាន​ទោស​ដដែល ពោល​គឺ​តុលាការ​កំពូល​បាន​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ឲ្យ​នៅ​ជា​ធរមាន។ ការ​សម្រេច​នេះ បន្ទាប់ពី​តុលាការ​កំពូល​ធ្វើ​សវនាការ​អស់​ពេញ​មួយ​ព្រឹក​ ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ ២០១៦​កន្លងមក។ ក្រុម​ជនជាប់ចោទ​បាន​ស្រែក​ឡូឡា​ពេញ​តុលាការ​កំពូល​តែម្ដង ក្រោយពេល​ពួកគេ​បាន​ចូល​ទៅ​ស្ដាប់​សាលដីកា។

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា ស្ត្រី​បឹង​កក់​ទាំង​១៣​នាក់ ​មាន ១-ឈ្មោះ ទេព វ​ន្នី ,២-ឈ្មោះ ហេង មុំ ហៅ​មុំ ,៣-ឈ្មោះ សួង សម័យ ,៤-ឈ្មោះ ង៉ែត ឃុន ហៅ ជិន ,៥-ឈ្មោះ ឆេង លាភ ហៅ​យាយ​ចេកចៀន ,៦-ឈ្មោះ ថូ ដាវី ,៧-ឈ្មោះ បូ​វ សោភា ហៅ ស្រី​នាង ,៨-ឈ្មោះ គង់ ចន្ថា ,៩-ឈ្មោះ ងួន គឹម​ឡាង ,១០-ឈ្មោះ សុង ស្រី​លាភ ,១១-ឈ្មោះ ចាន់ ណាវី ,១២-ឈ្មោះ ផាត់ ឈុន​រ៉េត និង​១៣-ឈ្មោះ តុល ស្រី​ពៅ។

មនុស្ស​ទាំង​១៣​នាក់​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ កាលពី​ឆ្នាំ​២០១២ ផ្ដន្ទាទោស​ម្នាក់ៗ​២​ឆ្នាំ​៦​ខែ ក្រោម​ការចោទប្រកាន់​ពី​បទ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​អចល​នវត្ថុ​របស់​នីតិសាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​អភិវឌ្ឍន៍​បឹង​កក់​១ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ តាម​មាត្រា​៣៤ និង​មាត្រា២៥៩ ច្បាប់​ភូមិបាល និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​តុលាការ​បាន​កាត់​តម្រឹម​ទោស​ត្រឹម​១​ខែ​ ៣​ថ្ងៃ រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ទោះ​បី​យ៉ាង​ណា ការសម្រេច​នេះ​ត្រូវ​បាន​ក្រុម​ជនជាប់ចោទ​ប្ដឹង​មក​តុលាការ​កំពូល។

ពាក់ព័ន្ធ​ករណី​នេះ លោកស្រី ទេព វ​ន្នី បាន​និយាយ​ថា បន្ទាប់ពី​មានការ​ចាប់ខ្លួន​ពលរដ្ឋ​បឹង​កក់​ទាំង​១៣​នាក់ ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​១​ខែ​៣​ថ្ងៃ ហើយ​បន្ទាប់មក​ ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​តម្រឹម ដោយ​ផ្ដន្ទាទោស​២​ឆ្នាំ​កន្លះ​ដដែល ប៉ុន្តែ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី លោកស្រី​អះអាង​ថា ពលរដ្ឋ​បឹង​កក់​ទាំង​១៣​នាក់​ពុំ​ពេញចិត្ត​ចំពោះ​ការសម្រេច​នេះ​នោះ​ទេ ដោយ​ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដី​ធ្លី​៕
តុលាការ​កំពូល ​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ឲ្យ​មាន​ទោស​ដដែល

តុលាការ​កំពូល ​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ឲ្យ​មាន​ទោស​ដដែល